ភ្នំពេញ៖ លោក ស៊ុន ចាន់ថុល ទេសរដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន បានលើកឡើងពាក្យស្លោកចំនួនពីរឃ្លាថា «សូមកុំសួរថាប្រទេសកម្ពុជាធ្វើអ្វីឱ្យយើង ត្រូវសួរ ថាយើងធ្វើអ្វីឱ្យប្រទេសកម្ពុជា» និងមួយឃ្លាទៀតថា៖ «សំដីឥតប្រយោជន៍នាំគ្រោះដល់ជាតិ ការងារមាន ប្រសិទ្ធភាពនាំជាតិរុងរឿង»។
ក្នុងឱកាសដឹកនាំ គណៈប្រតិភូក្រសួងចុះជួបសំណេះសំណាល ជាមួយមន្ត្រីរាជការ បុគ្គលិក និងកម្មករនៃមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តរតនគិរី នៅថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២០នេះ លោករដ្ឋមន្ត្រី បានគូសបញ្ជាក់អំពីតួនាទីយ៉ាងសំខាន់ របស់ខេត្តរតនគិរី ក្នុងការចូលរួមកសាងជាតិ មាតុភូមិប្រកបដោយចីរភាព និងផែនការមេនិងគោលនយោបាយ កាត់បន្ថយតម្លៃដឹកជញ្ជូន ប្រកបដោយភាពប្រកួតប្រជែង និងបានបន្ថែមថាខេត្តរតនគិរីបានក្លាយជាខេត្តគោលដៅទេស ចរណ៍ប្រកបដោយ សក្តានុពលមួយយ៉ាងសំខាន់ ដែលបានធ្វើឱ្យខេត្តនេះ មានការអភិវឌ្ឈឆាប់រហ័ស។
លោកទេសរដ្ឋមន្ត្រី ក៏បានរំឭកផងដែរថា កត្តាសុខសន្តិភាព និងស្ថិរភាពនយោបាយ ក្រោមការដឹក នាំដ៏ឈ្លាសវៃរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រ កម្ពុជាគឺជាកត្តាដ៏សំខាន់ មិនអាចខ្វះបាន ក្នុងការទាក់ទាញវិនិយោគិន ពីបរទេសបង្កើតការងារជូនប្រជា ពលរដ្ឋ ទាក់ទាញអ្នកទេចរណ៍ ស្វែងរកទីផ្សារលក់កសិផល រួមចំណែកដល់ការរីកចម្រើន សេដ្ឋកិច្ចជាតិ ក្នុងរង្វង់៧ភាគរយក្នុងមួយឆ្នាំ និងធ្វើឱ្យប្រជាពលរដ្ឋ រស់នៅក្រោម បន្ទាត់នៃភាពក្រីក្រផងដែរ។
ជាមួយគ្នានោះផងដែរ លោក រដ្ឋមន្ត្រី បានជម្រាបជូនអង្គពិធីអំពីគម្រោង សាងសង់ជួសជុលថែទាំ ហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ ឱ្យកាន់តែមានភាពប្រសើរឡើង ជាពិសេសការលើកកម្ពស់ កម្រិតគុណភាពផ្លូវ ជាតិសំខាន់ៗ ដើម្បីរួមចំណែក ដល់ការដឹកជញ្ជូនទំនិញ និងផលិតផលរបស់បងប្អូន ប្រជាពលរដ្ឋទៅកាន់ ទីផ្សារបានឆាប់រហ័ស និងមានប្រសិទ្ធភាព។
ឆ្លៀតក្នុងឱកាសនោះ លោករដ្ឋមន្រ្តី ក៏បានណែនាំឱ្យមន្ត្រីរាជការ បុគ្គលិក និងកម្មករនៃមន្ទីរ សាធារណការ និងដឹកជញ្ជូនខេត្តរតនគិរីទាំងអស់អនុវត្តនូវវិធានការនានារបស់រាជរដ្ឋាភិបាល ក៏ដូចជា ក្រសួងសុខាភិបាល ដែលបានដាក់ចេញ កាលពីពេលថ្មីៗនេះ ដូចជាការលាងដៃនឹងសាប៊ូ ឱ្យញឹកញាប់ រក្សាគម្លាត និងពាក់ម៉ាស់ឱ្យបានត្រឹមត្រូវ ដើម្បីបង្ការទប់ស្កាត់ការរីករាលដាលនៃមេរោគកូវីដ-១៩ ឱ្យកាន់ តែមានប្រសិទ្ធភាព៕