ភ្នំពេញ៖ រយៈពេលមួយខែ នៃខែឧសភា ឆ្នាំ២០២០ មូលនិធិគន្ធបុប្ផាកម្ពុជា ទទួលបានថវិកាបរិច្ចាគចំនួន ១.១៤៩.៩៤៩ដុល្លារ ពីសប្បុរសជនចំនួន ៦ ០០៣ រូប ។ ក្នុងចំណោមថវិកាជាង ១លានដុល្លារនេះមានប្រាក់រៀលចំនួន ១០៦.៩២៨.៥១១រៀល (ប្រហែល ២៥.៩០០ដុល្លារ) និងប្រាក់ដុល្លារចំនួន ១.១២៤.០៤៩ដុល្លារ ស្មើនឹង
យោងតាមសេចក្ដីប្រកាសព័ត៌មានរបស់ មូលនិធិគន្ធបុប្ផាកម្ពុជា នៅថ្ងៃទី៩ មិថុនានេះ បានឲ្យដឹងថា ក្នុងចំណោមថវិកាទាំងអស់ សម្រាប់ខែឧសភា សម្តេចតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត បានបរិច្ចាគថវិកា ប្រចាំឆ្នាំ២០២០ ចំនួន ៥០.០០០ដុល្លារ និងកាកបាទក្រហមកម្ពុជា ប្រគល់វិភាគទានប្រចាំឆ្នាំលើកទី៣ ជូនមូលនិធិគន្ធកម្ពុជាចំនួន ១.០០០.០០០ដុល្លារ។
ក្នុងខែឧសភានេះដែរ មូលនិធិគន្ធបុប្ផាកម្ពុជា ក៏បានផ្ទេរថវិកាចំនួន ១.០០០.០០០ដុល្លារ ជូនមន្ទីរពេទ្យគន្ធបុប្ផា ដើម្បីរក្សានិរន្តរភាពនៃ កិច្ចដំណើរការក្នុងការពិនិត្យ និងព្យាបាលកុមារមានជំងឺនៅកម្ពុជា ប្រកបដោយគុណភាព ឥតគិតថ្លៃ និងមិនមានការរើសអើង។
មូលនិធិគន្ធបុប្ផាកម្ពុជា ក៏បានថ្លែងអំណរគុណ ចំពោះសប្បុរសជនទាំងអស់ ដែលបន្តគាំទ្រ និងបរិច្ចាគថវិកា ដើម្បីរួមគ្នាទ្រទ្រង់ និងធានាឲ្យបាននូវកិច្ចដំណើរការប្រកបដោយចីរភាព ប្រសិទ្ធភាព និងគុណភាព របស់មន្ទីរពេទ្យគន្ធបុប្ផាទាំង 0៥ ទីតាំង សំដៅលើកកម្ពស់ សុខុមាល ភាពកុមារ និងទារក នៅកម្ពុជា ទោះបីជាពិភពលោកទាំងមូល ក៏ដូចជាកម្ពុជា កំពុងទទួលរងផលប៉ះពាល់ពីការរីករាលដាលនៃជំងឺ កូវីដ-១៩ ក៏ដោយ។
មូលនិធិគន្ធបុប្ផាកម្ពុជា ក៏បន្តអំពាវនាវដល់សប្បុរសជនទាំងអស់ រួមទាំងស្ថាប័នរដ្ឋ និងឯកជននានាឲ្យចូលជា សមាជិកកិត្តិយស ដោយបរិច្ចាគចាប់ពី ២០.០០០.០០០រៀល ឬ ៥.០០០ដុល្លារ ក្នុងមួយឆ្នាំ ឬជាសមាជិកគាំទ្រ ដោយបរិច្ចាគចាប់ពី ៥.០០០រៀល ក្នុងមួយខែ ឬ ៦០.០០០ រៀល ក្នុងមួយឆ្នាំ ដើម្បីបង្ហាញពីសាមគ្គីភាពក្នុងស្មារតី “ខ្មែរជួយខ្មែរ”៕