ឃាត់ខ្លួនជនជាតិចិន ៤នាក់ ពាក់ព័ន្ធករណី ចាប់បង្ខាំងធ្វើទារុណកម្ម ជំរិតទារប្រាក់ 

0

ភ្នំពេញ ៖ ជនជាតិចិន ៤ នាក់ ត្រូវបានកម្លាំងនគរបាលខេត្ត ព្រះ សីហនុ សហការជាមួយ កម្លាំងនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ និងនគរបាលខេត្តកំពង់ស្ពឺ  ឃាត់ខ្លួនពាក់ព័ន្ធករណី ចាប់បង្ខាំងធ្វើ ទារុណកម្ម ជំរិតទារប្រាក់ ។ នេះបើយោងតាមអគ្គស្នងការដ្ឋាននគរបាលជាតិ។

លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ ស្នងការនគរបាលខេត្ត ព្រះសីហនុ បានឲ្យដឹងថាគិតចាប់ពីថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០២០ វេលាម៉ោង១១នឹង០០នាទី រហូតដល់ថ្ងៃទី០៨ ខែមិថុនា ឆ្នាំ២០២០ វេលាម៉ោង១៤នឹង០០នាទី ករណី នេះត្រូវបង្ក្រាបបានទាំងស្រុង ចាប់បានជនសង្ស័យចំនួន៤នាក់  និងបានរំដោះជនរងគ្រោះ ។

លោកស្នងការ បានបន្តថា កាលពីថ្ងៃទី០៥  ខែមិថុនា  ឆ្នាំ២០២០ វេលា ម៉ោង១១នឹង០០នាទី  ការិយាល័យនគរបាលព្រហ្មទណ្ឌ កម្រិតស្រាល នៃស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ  បានទទួលបណ្តឹងពីឈ្មោះ Tang  XinJue  ភេទប្រុស  អាយុ៤១ឆ្នាំ  ជនជាតិចិនថា កាលពីថ្ងៃទី០៥ ខែមិថុនា  ឆ្នាំ២០២០ វេលាម៉ោងប្រហែល០៤នឹង១០នាទីទៀបភ្លឺ  មិត្តភក្តិរបស់គាត់ (ជនរងគ្រោះ) ឈ្មោះ  Wang  WenXing  ភេទប្រុស ត្រូវបានក្រុមជនជាតិចិនមួយក្រុម ចាប់យកទៅបង្ខាំងទុក នៅទីកន្លែងមួយ  បន្ទាប់មកក្រុមជនសង្ស័យបានប្រើ គណនី វីឆាតរបស់ជនរងគ្រោះ  ឈ្មោះ  Wang  WenXing  មកប្រពន្ធជនរងគ្រោះ  (នៅប្រទេសចិន)  ជំរិតទារប្រាក់ចំនួន ៥០០,០០០Yuan  ( ហាសិបម៉ឺនយ័ន្ត ) ជាការ ដោះដូរជាមួយ ជនរងគ្រោះ បើមិនព្រមវេរលុយអោយទេ  ពួកវានឹងសម្លាប់ចោល ។

ករណីនេះកម្លាំងជំនាញនៃ ស្នងការដ្ឋាននគរបាល ខេត្តព្រះ សីហ នុ បានសហការជាមួយកម្លាំង នាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ជាមួយកម្លាំងជំនាញស្នងការដ្ឋាន នគរបាលខេត្តកំពង់ស្ពឺ  និងមានការដឹកនាំ សម្របសម្រួលពី លោក ព្រះរាជអាជ្ញានៃអយ្យការ អមសាលាដំបូងខេត្តព្រះសីហ នុ  ស្រាវជ្រាវដោយយកចិត្តទុកដាក់ និងសកម្ម ដើម្បីរំដោះជនរងគ្រោះ និង ចាប់ជនសង្ស័យបាន នៅថ្ងៃទី០៧ ខែមិថុនា  ឆ្នាំ២០២០ វេលាម៉ោង២២នឹង៣០នាទី  កម្លាំងសហការ បានចាប់ជនសង្ស័យចំនួន២នាក់ ភេទប្រុស ជនជាតិចិន នៅ តាមបណ្តោយ ផ្លូវជាតិទីរួមខេត្តកំពង់ស្ពឺ  ខណៈជិះ រថយន្ត ១គ្រឿង ម៉ាក  HighLander  ពណ៌ទឹកប្រាក់ ស្លាកលេខភ្នំពេញ  2AN-4020 ហើយបានដកហូតយកវត្ថុតាង ទូរស័ព្ទចំនួន៣គ្រឿង ក្នុងនោះមានទូរស័ព្ទ១គ្រឿង ជារបស់ជនរងគ្រោះ និងស៊ីមកាត ចំនួន២   (មធ្យោបាយជំរិតទារប្រាក់ )។ បន្ទាប់មកសមត្ថកិច្ចជំនាញនគរបាលខេត្ត  និងកម្លាំងអន្តរាគមន៍ពិសេស បន្តធ្វើការស្រាវជ្រាវរំដោះ ជនរង គ្រោះទាំងយប់  ក្នុងស្ថានភាពស្រាត ដៃទាំងសងខាង មានជាប់ខ្សែស៊ីល និងមានខ្សែចងជាប់ខ្លួន នៅចំណុចពយថ្មយក្ស  (ក្នុងព្រៃជាប់មាត់សមុទ្រ )  ឃ្លាតពីផ្លូវសម្តេចសង្ឃ ២គីឡូម៉ែត្រ ស្ថិតនៅភូមិ១  ឃុំទំនប់រលក ស្រុកស្ទឹងហាវ ខេត្ត ព្រះសីហនុ តែជនសង្ស័យ (ដែលយាមជនរងគ្រោះ) បានដឹងខ្លួនមុនរួចរត់ ចូលក្នុងព្រៃជ្រៅ  ខណៈនោះមេឃកំពុងភ្លៀងខ្លាំង  តែកម្លាំងនៅតែបន្តរុករកយ៉ាងសកម្ម ។ រហូតដល់រសៀលថ្ងៃទី០៨  ខែមិថុនា ឆ្នាំ២០២០ វេលាម៉ោង១៤ នឹង ០០នាទី ទើបចាប់ខ្លួនបានជនសង្ស័យ ចំនួន២នាក់ទៀត កំពុងសម្ងំលាក់ខ្លួន ក្នុងព្រៃ នៅចំណុចពយថ្មយក្ស ។

ជនរងគ្រោះ ឈ្មោះ  Wang  WenXing  ភេទប្រុស អាយុ៣៩ ឆ្នាំ  ជនជាតិចិន  មានស្រុកកំណើត ខេត្តហ៊ូ ណាន ប្រទេសចិន  មុខរបររកស៊ី  កាន់លិខិតឆ្លងដែន លេខៈ EA5813992  មានទីលំនៅ ភូមិ១ សង្កាត់២ ក្រុង-ខេត្តព្រះ សីហនុ  រងរបួសស្នាមត្រង់ភ្នែក ,ដៃ ,ជើង និងពេញខ្លួនប្រាណ ធ្ងន់ធ្ងរ (អំពើធ្វើទារុណកម្ម)។

ជនសង្ស័យចំនួន៤នាក់

១. ឈ្មោះ Wei  ShunCheng ភេទប្រុស អាយុ ២៧ឆ្នាំ  ជនជាតិចិន មានស្រុកកំណើត ខេត្តសានស៊ី ប្រទេសចិន មុខរបរមិនពិតប្រាកដ មានទីលំនៅមិនពិតប្រាកដ កាន់លិខិតឆ្លងដែនលេខៈ (គ្មាន )

២. ឈ្មោះ Teng  JiaLiang  ភេទប្រុស អាយុ ២៩ឆ្នាំ  ជនជាតិចិន  មានស្រុកកំណើត ខេត្ត Guang  Xi  ប្រទេសចិន   មុខរបរមិនពិតប្រាកដ មានទីលំនៅមិនពិតប្រាកដ កាន់លិខិតឆ្លងដែនលេខៈ (គ្មាន )

៣. ឈ្មោះ  Song  XiaLing  ភេទប្រុស អាយុ ៣៤ ឆ្នាំ  ជនជាតិចិន  មានស្រុកកំណើតខេត្ត អាន ហ៊ួ យ  ប្រទេសចិន   មុខរបរមិនពិតប្រាកដ មានទីលំនៅមិនពិតប្រាកដ កាន់លិខិតឆ្លងដែនលេខៈ (គ្មាន )

៤. ឈ្មោះ  Zhang  YiBo  ភេទប្រុស អាយុ ២៦ឆ្នាំ  ជនជាតិចិន មានស្រុកកំណើតខេត្តហ៊ឺ ណាន  ប្រទេសចិន   មុខរបរមិនពិតប្រាកដ មានទីលំនៅមិនពិតប្រាកដ កាន់លិខិតឆ្លងដែនលេខៈ (គ្មាន )។

វត្ថុតាងចាប់យកបានៈ ទូរស័ព្ទចំនួន៣ គ្រង (១គ្រឿងម៉ាក HuaWei ពណ៌ខៀវរបស់ជនរង គ្រោះ ,១គ្រឿងម៉ាក i-Phone ពណ៌ទឹកមាស , និង១គ្រឿងទៀត ម៉ាក  HuaWei ពណ៌ ខៀវ ), ស៊ីមកាតចំនួន២ (មធ្យោបាយជំរិត ទារប្រាក់), ខ្សែស៊ីល ២ខ្សែរ (ចងដៃជនរងគ្រោះ),ខ្សែពួរ១ (ចងកភ្ជាប់ជាមួយជើង ជនរងគ្រោះ ),  ស្កុត(រុំដៃជនរងគ្រោះ), រថយន្ត១គ្រឿងម៉ាក HighLander ពណ៌ទឹកប្រាក់ ស្លាកលេខៈ ភ្នំពេញ 2AN-4020 (មធ្យោបាយចាប់ ជនរងគ្រោះ)។

ករណីនេះកម្លាំងជំនាញ នៃស្នងការដ្ឋាននគរបាល ខេត្តព្រះសីហនុ  កំពុងបន្តនិវិធីបញ្ជូនជនសង្ស័យ និងវត្ថុតាង ទៅសាលាដំបូង ខេត្តព្រះសីហនុ  ៕