មេប៉ូលីសភ្នំពេញ បញ្ជាឱ្យចាប់រថយន្ដ ចតល្មេីសច្បាប់ មកផាកពិន័យ

0

ភ្នំពេញ ៖ ឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរង និងជាស្នងការនគរបាល រាជធានីភ្នំពេញ បានដាក់បញ្ជាឱ្យមន្រ្តីនគរបាលចរាចរណ៍ ពិនិត្យមើលសណ្ដាប់ធ្នាប់នៅតាមដងផ្លូវសាធារណៈទាំងអស់ បេីមានការចតល្មេីស ផ្លាកសញ្ញាចរាចរណ៍ ត្រូវតែធ្វេីការស្ទូចយក មកផាកពិន័យ នៅអធិការខណ្ឌ និងការិយាល័យចរាចរណ៍ផ្លូវគោក ។នេះបើយោងតាមអគ្គស្នងការនគរបាល រាជធានីភ្នំពេញ ។

ក្នុងកិច្ចប្រជុំប្រចាំខែឧសភា និងលេីកទិសដៅសម្រាប់ខែមិថុនា នៅរសៀលថ្ងៃទី០៨ ខែមិថុនា ឆ្នាំ២០២០នេះ ឧត្តមសេនីយ៍ឯក ស ថេត «បានណែនាំនិងសង្កត់ធ្ងន់ ដល់ស្នងការរងទទួល ដឹកនាំតាមបណ្តាខណ្ឌទាំងអស់ ត្រូវតែយកចិត្តទុកដាក់ខ្ពស់ លេីការដឹកនាំក្នុងការចុះរៀបចំ សណ្តាប់តាមដងផ្លូវ បេីមានការចតល្មេីស ផ្លាកសញ្ញាចរាចរណ៍ ត្រូវតែធ្វេីការស្ទូចយកមកផាកពិន័យ នៅអធិការខណ្ឌ និងការិយាល័យចរាចរណ៍ផ្លូវគោក ។»

ក្នុងកិច្ចប្រជុំនេះដែរលោកស្នងការរងទទួលផែនសេនាធិការ ក៏បានអានរបាយការណ៍ប្រចាំខែឧសភា ដេីម្បីឲ្យអង្គប្រជុំទាំងមូលបានជ្រាប ជាកិច្ចបន្ទាប់លោក លោកស្រីស្នងការរងទាំងអស់ដែលទទួលការងារដឹកនាំតាមបណ្តាខណ្ឌទាំង ១៤ បានមានមតិយោបល់ទាក់ទងទៅនឹងការចុះអនុវត្តការងារពង្រឹងសន្តិសុខសុវត្ថិភាព ការផ្តល់សេវាសាធារណ:ជូនប្រជាពលរដ្ឋ និងការចុះអនុវត្តរឹតបន្តឹងច្បាប់ចរាចរណ៍ ជាពិសេសគឺការចុះដោះស្រាយបញ្ហាប្រឈមផ្សេងៗជូនប្រជាពលរដ្ឋ ។ លោក លោកស្រីស្នងការរង ក៏បានផ្តល់ជាលទ្ធផលនៃការអនុវត្តការងារ ក៏ដូចជាការលេីកយកបញ្ហាប្រឈមមួយចំនួន ដែលមន្ត្រីអនុវត្តរឹតបន្តឹងច្បាប់ចរាចរណ៍ នៅពេលយប់កំពុងតែប្រឈម ស្របពេលដែលអ្នកបេីកបរ មួយចំនួន បេីកបរក្នុងល្បឿនលឿន ដែលអាចបង្កការគ្រោះថ្នាក់ ដល់សមត្ថកិច្ច ។

ក្នុងឱកាសនោះដែរលោកស្នងការ ក៏បានសរសេីរដល់លោក លោកស្រីស្នងការរងទាំងអស់ដែលបានខិតខំប្រឹងប្រែង ក្នុងការចុះដឹកនាំកិច្ច ការបានយ៉ាងល្អតាមបណ្តាខណ្ឌ ជាពិសេសបានដឹកនាំ បានយ៉ាងល្អ ក្នុងការចុះរឹតបន្តឹង អនុវត្តច្បាប់ចរាចរណ៍ ផ្លូវគោក ជាមួយនោះដែរលោកក៏បានកោតសរសេីរដល់ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស ដែលតែងតែតាមដានខំមិនប្រជាពលរដ្ឋទាំងថ្ងៃ យប់ និងសហការណ៍គ្នាបានយ៉ាងល្អជាមួយតាមបណ្តាខណ្ឌប៉ុស្តិ៍ ក្នុងការចុះចាត់វិធានការណ៍ និងដោះស្រាយបញ្ហាជូនប្រជាពលរដ្ឋបានយ៉ាងឆាប់រហ័ស ។

ជាកិច្ចបញ្ចប់លោកក៏បានបានណែនាំដល់លោក លោកស្រីស្នងការរងទាំងអស់ ឲ្យខិតខំបន្តក្នុងការចុះ ដឹកនាំតាមខណ្ឌ ដេីម្បីធានាឲ្យបានសន្តិសុខសុវត្ថិភាព រៀបចំសណ្តាប់ធ្នាប់ឲ្យបានល្អ ផ្តល់សេវាសាធារណ:ឲ្យបានល្អ និងឆាប់រហ័ស ជាពិសេសត្រូវយកចិត្តទុកដាក់ សិក្សាស្វែងយល់អំពី សុខទុក្ខរបស់មន្ត្រី ត្រូវរាយការណ៍ឲ្យបានលឿន ចំពោះមន្ត្រីណាដែលមានជំងឺ ជួបគ្រោះថ្នាក់ផ្សេងៗ ជាពិសេសបាត់បង់ សមត្ថភាពការងារ ៕