ឥរិយាបថ ធ្វេសប្រហែស និងសន្តិភាពនិយម ជាមួយវីរុសកូវីដ១៩ របស់ពលរដ្ឋអាច កើតមានរលកទីពីរ

0

ភ្នំពេញ៖ លោក ម៉ម ប៊ុនហេង រដ្ឋមន្រ្តីក្រសួងសុខាភិបាល បានអះអាងថា ឥរិយាបទធ្វេសប្រហែស និងសន្តិភាពនិយម ជាមួយវីរុសកូវីដ១៩បែបនេះ របស់ប្រជាពលរដ្ឋមួយចំនួន ជាហានិភ័យសុខភាព សាធារណៈ ដែលអាចនឹង កើតមានឡើង នូវការចម្លងមេរោគក្នុង ចំណោមក្រុមមនុស្ស នៅទី កន្លែងណាមួយ នៅពេលណាមួយ និងនៅកាល:ទេសណាមួយ ហើយដែលអាច ឈានទៅដល់ ស្ថានភាពនឹងអាចកើតមាននូវរលកទីពីរ នៃការចម្លង វីរុសកូវីដ-១៩ នៅក្នុងប្រទេសកម្ពុជា ផងដែរ។

ជាមួយគ្នានោះលោក ម៉ម ប៊ុនហេង រដ្ឋមន្រ្តីក្រសួងសុខាភិបាល បន្តអំពាវនាវក៏ដូចជាក្រើនរំលឹក ដល់ប្រជាពលរដ្ឋត្រូវ បន្តរក្សាគម្លាតសុវត្ថិភាព សង្គមនិងសុវត្ថិភាព បុគ្គលដើម្បីទប់ស្កាត់ ការរីករាលដាលកូវីដ១៩ ឲ្យកាន់តែមានប្រសិទ្ធភាព ខណៈការរកឃើញករណីឆ្លងថ្មី មានលក្ខណ: រប៉េះរប៉ោះ ធ្វើឲ្យពិបាកប៉ាន់ស្មាន ពីលទ្ធភាពចម្លង ។

តាមរយៈសេចក្ដីក្រើនរំលឹក របស់ក្រសួងសុខាភិបាល នៅថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០២០ លោកម៉ម ប៊ុនហេង បានឲ្យដឹងថា គិតត្រឹមម៉ោង៧ ព្រឹកថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០២០ មានករណីឆ្លងវីរុសកូវីដ-១៩ថ្មី ១នាក់ បន្ថែមទៀតដែលរកឃើញ លើអ្នកដំណើរ ដែលបានវិលត្រឡប់មកពី ប្រទេសបារាំង ឆ្លងកាត់តាមសាធារណរដ្ឋកូរ៉េ ជាករណីទី ១២៦។

លោកបន្តថា ការរកឃើញករណីឆ្លងថ្មី មានលក្ខណ:រប៉េះរប៉ោះ ដែលជាករណីនាំចូល នេះបង្ហាញពីស្ថានភាព ការចម្លងវីរុសកូវីដ១៩នៅកម្ពុជា មាន ការពិបាកប៉ាន់ស្មានពីលទ្ធភាព នៃការចម្លងវីរុសនេះនៅក្នុងប្រទេស និងនៅតែជាហានិភ័យ សុខភាពសាធារណៈ ដែលតម្រូវឲ្យបុគ្គល គ្រប់រូប មានការប្រុងប្រយ័ត្នខ្ពស់ និងបន្តការការពារសុខភាពផ្ទាល់ខ្លួនជាប់ជានិច្ច។

ទន្ទឹមនឹងការបន្ត រកឃើញករណីឆ្លងថ្មីនេះ ក្រសួងសុខាភិបាល បានសង្កេតឃើញថា បច្ចុប្បន្ននេះ ប្រជាពលរដ្ឋមួយចំនួន បាន និងកំពុងតែចល័ត ដោយធ្វើដំណើរ ពីកន្លែងមួយទៅកន្លែងមួយ ជាពិសេសការដើរ កំសាន្តនានា ឬក៏មានការជួបជុំគ្នា ការចម្លងវីរុសកូដវីដ-១៩។

ដើម្បីបញ្ចៀសពីហានិភ័យ ដែលពិបាកនឹងប៉ាន់ស្មានបាន នូវការកើតមានឡើងនូវរលកទីពីរនៃ ការចម្លងវីរុសដ៏កាចសាហាវនេះ លោករដ្ឋមន្រ្តី បានធ្វើការអំពាវនាវក្រើនរំលឹក និងណែនាំដល់បងប្អូន សាធារណជនទាំងអស់ ត្រូវតែនាំគ្នា បន្តកិច្ចការពារ សុខភាពរបស់ខ្លួន ដោយបុគ្គលគ្រប់រូប ត្រូវអនុវត្តវិធានសាមញ្ញៗ មានដូចជាការរក្សាអនាម័យ ដៃស្អាតជាប់ជានិច្ច (ដោយលាងដៃ ប្រើទឹកស្អាតជាមួយនឹង សាប៊ូ ឬអាល់កុល ឬទឹកដែលលាងដៃ ឲ្យបានញឹកញាប់) ការប្រើប្រាស់ម៉ាស់ ក្នុងករណីចាំបាច់ ណ្តាស់ និង ) កន្សែង ឬក្រមាំ ឬក្រដាសជូតមាត់ ដើម្បីខ្ទប់មាត់និងច្រមុះ ពេលក្អក រក្សាគម្លាតសុវត្ថិភាព រួមមាន ការរក្សាគម្លាតសុវត្ថិភាពសង្គម និងការរក្សាគម្លាភសុវត្ថិភាពបុគ្គលជាចាំបាច់ ទោះជានៅទីណាក៏ដោយ។

សូមបញ្ជាក់ថា គិតមកដល់ពេលនេះ កម្ពុជាបានរកឃើញអ្នកមានជំងឺកូវីដ១៩ សរុបចំនួន១២៦នាក់ (ស្ត្រី៣៩នាក់ និងបុរស៨៧នាក់) ក្នុងនោះអ្នកជំងឺ១២៣នាក់ ត្រូវបានព្យាបាលជាសះស្បើយ និងចេញពីមន្ទីរពេទ្យ ខណៈអ្នកជំងឺ៣នាក់ កំពុងសម្រាកព្យាបាល៕