នាយរដ្ឋមន្រ្តី ប្រាប់ប្រជាពលរដ្ឋឱ្យប្រុងប្រយ័ត្ន ពីជំងឺកូវីដ១៩ ព្រោះ មិនទាន់មានថ្នាំព្យាបាល នៅឡើយ

0

ភ្នំពេញ៖ ស្របពេលពិភពលោក បច្ចុប្បន្នកំពុងប្រឈមនឹងវិបត្តិធ្ងន់ធ្ងរ ដោរសារជំងឺដ៏កាចសាហាវ កូវីដ១៩  សម្ដេចតេជោ ហ៊ុន សែន នាយរដ្ឋមន្រ្តីនៃកម្ពុជា បានប្រាប់ប្រជាពលរដ្ឋទាំងអស់ឱ្យប្រុងប្រយ័ត្ន ពីជំងឺនេះ ព្រោះពិភពលោក មិនទាន់មានថ្នាំព្យាបាល នៅឡើយទេ។

នៅលើបណ្ដាញទំនាក់ទំនង សង្គមហ្វេសប៊ុក នាថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០២០នេះ សម្ដេចតេជោ បានសរសេរយ៉ាងដូច្នេះថា ខ្ញុំសូមផ្ញើសាររំលឹកអំពី ការចូលរួមទប់ស្កាត់ជំងឺឆ្លង រលាកផ្លូវដង្ហើមកូវីដ១៩ ជាពិសេសនៅថ្ងៃចុងសប្តាហ៍ ដែលអាចមានបងប្អូន ប្រជាពលរដ្ឋមួយចំនួន ធ្វើដំណើរកំសាន្ត នៅតាមតំបន់រមណីយដ្ឋាននានា ដែលអាចជួបជុំក្រុម មនុស្សច្រើន ឬក៏មានក្រុមគ្រួសារខ្លះ នាំកូនចៅទៅទទួលទាន អាហារនៅតាមភោជនីយដ្ឋាន  និងដើរកំសាន្តនៅតាមផ្សារទំនើប តូចធំជាដើម។ នៅតាមផ្សារ ភោជនីយដ្ឋាន ជាពិសេសមន្ទីរពេទ្យត្រូវមានម៉ាស និងមានទឹកអាល់កុល ឬជិលប្រើប្រាស់ អោយបានត្រឹមត្រូវ និងគ្រប់គ្រាន់ ដេីម្បីទប់ស្កាត់ការការឆ្លងរោគ។

សម្ដេចគួបញ្ជាក់ថា «ចំពោះបងប្អូនប្រជាពលរដ្ឋ ត្រូវមានម៉ាស ទឹកអាល់កុល ឬចឹលដាក់ជាប់តាមខ្លួនជាប្រចាំ។ ព្រោះជំងឺនេះ ងាយឆ្លងណាស់។ កុំធ្វេសប្រហែសអោយសោះ ឬគិតលេងៗថាមិនអីទេ ប្រទេសយើងមិនឆ្លងទេ នោះគឺកំពុងប្រថុយ នឹងគ្រោះថ្នាក់ធំហើយ។ ជំងឺកូវីដ១៩ដ៏កាចសាហាវនេះ កំពុងឆ្លងរាតត្បាត នៅពាសពេញពិភពលោក ដែលមិនទាន់មានថ្នាំព្យាបាល នៅឡើយទេ។ ដូច្នេះគ្រប់គ្នាត្រូវប្រុងប្រយ័ត្ន ការពារសុខភាព។ បេីមានចម្ងល់ឬបញ្ហា អ្វីមិនច្បាស់អំពីជំងឺកូវីដ១៩ (Covid-19) សូមទូរស័ព្វទៅលេខ ១១៥។»

ឆ្លៀតក្នុងឱកាសនោះផងដែរ សម្ដេចក៏បាន ជូនពរបងប្អូនជនរួមជាតិ ធ្វើដំណើរមានសុខសុវត្ថិភាព និងចៀសផុតពីជំងឺឆ្លងកូវីដ១៩  ទាំងអស់គ្នា ។

សូមរំលឹកថាគិតត្រឹមថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០២០នេះ កម្ពុជាមានអ្នកជំងឺកូវីដ១៩ សរុបចំនួន១២៦នាក់ ក្នុងនោះអ្នកព្យាបាល ជាសះស្បើយចំនួន១២៣នាក់ ខណៈអ្នកកំពុងសម្រាកព្យាបាល នៅមន្ទីពេទ្យចំនួន៣នាក់ អ្នកស្លាប់គ្មាន៕