ភ្នំពេញ៖ ក្រុមហ៊ុន Daehan Group របស់កូរ៉េ បានបង្ហាញគម្រោងនាំចូល និងដាក់ឱ្យដំណើរការ ម៉ូតូសាកថ្ម (Electric Vehicle) ដែលអាចប្តូរថ្ម មានសាកនៅតាមស្ថានីយ៍ ជួយដល់ការកាត់បន្ថយ ផលប៉ះពាល់ ផ្នែកបរិស្ថាន។ នេះបើយោងតាមក្រសួង សាធារណការណ៍និងជញ្ជួន។
នៅក្នុងជំនួបពិភាក្សាការងារ ជាមួយលោក ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន នាថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០២០ លោក Lee JaeHoo ប្រធានក្រុមហ៊ុន Daehan Group ប្រចាំកម្ពុជា បានជម្រាបជូនលោករដ្ឋមន្ត្រី អំពីគម្រោងនាំចូល និងដាក់ឲ្យដំណើរការ ម៉ូតូសាកថ្ម (Electric Vehicle) ដែលអាចប្តូរថ្មមានសាកនៅតាមស្ថានីយ៍ ហើយអាចប្រើប្រាស់ សម្រាប់ធ្វើដំណើរបាន ចម្ងាយប្រមាណ១០០គីឡូម៉ែត្រ អាចកាត់បន្ថយផលប៉ះពាល់ ផ្នែកបរិស្ថាន និងមានតម្លៃចន្លោះពី១០០០ ទៅ១៥០០ ដុល្លារសហរដ្ឋអាមេរិក និងបានស្នើសុំអនុសាសន៍ និង ការគាំទ្រពីលោកទេសរដ្ឋមន្ត្រី មុននឹងនាំចូលនិងដាក់ឱ្យដំណើរការ គម្រោងនេះជាផ្លូវការ។
ជាការឆ្លើយតបលោក ស៊ុន ចាន់ថុល បានសម្តែងនូវការស្វាគមន៍ និងផ្ដល់ការគាំទ្រចំពោះគម្រោងនេះ និងបានស្នើឲ្យ ក្រុមហ៊ុនផ្ដោតជាសំខាន់ លើការប្រើប្រាស់មធ្យោបាយ ធ្វើដំណើរនេះនៅខេត្តសៀមរាប ដើម្បីជួយសម្រួល ដល់ការធ្វើដំណើរ របស់អ្នកទេសចរណ៍ នៅក្នុងតំបន់ប្រាសាទអង្គរវត្ត និងជួយកាត់បន្ថយ ការបំពុល បរិស្ថានផងដែរ។
ជាមួយគ្នានោះផងដែរ លោកទេសរដ្ឋមន្ត្រី បានជំរុញលើកទឹកចិត្ត ឲ្យក្រុមហ៊ុនធ្វើការសិក្សាលើគម្រោង នេះឲ្យបានច្បាស់លាស់ មុននឹងនាំចូលដាក់ឱ្យ ដំណើរការជាផ្លូវការ ដោយសហការជាមួយក្រសួង សាធារណការ និងដឹកជញ្ជូន និងក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ដើម្បីធានា បាននូវការប្រកួតប្រជែង ៕