ប្រសើរណាស់! អភិបាលខេត្តព្រះសីហនុ ដាក់ឱ្យប្រឡងប្រណាំង លើការងារបម្រើពលរដ្ឋ

0

ភ្នំពេញ៖ លោក គួច ចំរើន អភិបាលខេត្តព្រះសីហនុ នៅក្នុងពិធីប្រកាសផ្ទេរភារកិច្ច អភិបាលរងស្រុកកំពង់សីលា នាថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២០ បានឱ្យដឹងថា រដ្ឋបាលខេត្ត នឹងដាក់ឱ្យធ្វើការប្រឡងប្រណាំង លើការងារបំរើសេវា សាធារណៈ ជូនប្រជាពលរដ្ឋ នៅតាមឃុំ សង្កាត់ទាំង ២៩ ក្នុងខេត្តព្រះសីហនុ ។

ក្នុងឱកាសនោះ លោកអភិបាលខេត្ត ក៏បានធ្វើការណែនាំដល់អាជ្ញាធរស្រុកដូចខាងក្រោម៖

១.ការងារស្នូល គឺសន្តិសុខ និងនយោបាយក្នុងមូលដ្ឋានដោយការទទួលខុសត្រូវ ឯកភាពរួមគ្នាដោះស្រាយ ថែរក្សាសន្តិសុខ សណ្តាប់ធ្នាប់សង្គម។

២.រៀបចំសណ្តាប់ធ្នាប់សាធារណៈប្រកបដោយតម្លាភាព ដោះស្រាយដីចំណីផ្លូវ គម្របព្រៃឈើ ។ល។

៣.ឆ្នាំ២០២០ ថវិកាអភិវឌ្ឍមូលដ្ឋានរបស់ថ្នាក់ក្រោមជាតិមានការកើនឡើង ដូច្នេះយើងរួមគ្នាប្រើប្រាស់ថវិកាឱ្យចំគោលដៅ ទទួលបានលទ្ធផលផ្លែផ្កា សម្រាប់ប្រជាពលរដ្ឋ ត្រូវរៀបចំផែនការអាទិភាព ដើម្បីអភិវឌ្ឍន៍ក្នុងមូលដ្ឋាន។

៤.ការងារជួយសង្គ្រោះ និងយុទ្ធនាការប្រឆាំងនឹងជំងឺ Covid-១៩ ដោយចុះពិនិត្យវាយតម្លៃគ្រួសារក្រីក្រដែលខ្វះខាតស្បៀង ដោយរងផលប៉ះពាល់ Covid-១៩។

៥.របៀបរបបការងារ បែងចែកភារកិច្ចដល់មន្ត្រីក្រោមឱវាទ ដោយអនុវត្តតាមច្បាប់ មិនត្រូវធ្វើការងារតាមទម្លាប់ បង្កើនសមត្ថភាពមន្ត្រីក្រោមឱវាទ។

៦.ស្ថានភាពផ្សព្វផ្សាយ មេឃុំ ស្មៀន បង្កើតហ្វេសបុក ឬផេកដើម្បីបង្ហោះសកម្មភាពការងារ ហើយនៅឆ្នាំ២០២១ខាងមុខ រដ្ឋបាលខេត្តនឹងដាក់ឱ្យធ្វើ ការប្រឡងប្រណាំង លើការងារបំរើសេវាសាធារណៈ នូវតាមឃុំ សង្កាត់ទាំង ២៩ក្នុងខេត្តព្រះសីហនុ ។

៧.អាជ្ញាធរមូលដ្ឋានត្រូវកាត់បន្ថយទំនាស់ រួមគ្នាដោះស្រាយប្រកបដោយតម្លាភាព៕