ភ្នំពេញ៖ កម្មការិនី ៤៣នាក់ ដែលដួលសន្លប់កាលពីម្សលមិញ បានធូរស្បើយចូលធ្វើការវិញខ្លះហើយ ប៉ុន្តែនៅព្រឹកនេះស្រាប់តែមានកម្មការិនី ៦នាក់ទៀត បានបន្តដួលសន្លប់ ។
បើតាមលោក អ៊ូ សុខឿន ប្រធានមន្ទីរការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ប្រាប់ឲ្យដឹងនៅថ្ងៃទី៦ មិថុនានេះថា មូលហេតុដែលនាំឲ្យ កម្មការិនីដួលសន្លប់នេះ គឺដោយសារកម្មការិនីម្នាក់ មិនស្រួលខ្លួនទៅកោសខ្យល់ នៅក្បែរបន្ទប់ទឹកពេលមកវិញ មានអាការៈទន់ដៃទន់ជើង ហើយកម្មករដទៃទៀត ឃើញដូច្នេះក៏សន្លប់តៗគ្នាទៅ ។ លោកថា នេះគ្រាន់តែជា ព័ត៌មានបឋមទេ ។
ដោយឡែកកាលពីថ្ងៃទី៥ មិថុនាម្សិលមិញ នៅក្នុងតំបន់សេដ្ឋកិច្ច ពិសេសស្វាយរៀងហ្គីហ្គារីស ស្ថិតនៅភូមិដើមពោធិ៍ ឃុំកណ្តៀងរាយ ស្វាយទាប ខេត្តស្វាយរៀង មានកម្មការិនីចំនួន ៤៣នាក់ បានដួលសន្លប់ជាបន្តបន្ទាប់ ដោយមូលហេតុបណ្តាលមកពី ធំក្លិនស្អុយថ្នាំនៅជាប់ខ្សែភ្លើង និងខ្វះខ្យល់អុកស៊ីស៊ែន បង្កឲ្យកម្មការនីណែនទ្រូង ពិបាកដកដង្ហើមបណ្តាល ឲ្យដួលសន្លប់តែម្តង ។
បើតាមនគបាលបានឲ្យដឹងថា មុនពេលកើតហេតុ នៅក្នុងអគាររោងចក្រធីវ៉ាយ បានបើកឃ្លាំងយកដុំខ្សែភ្លើង ដាក់ចែកកម្មការិនី ដើម្បីរុំអំពូលភ្លើងបញ្ចូលតាមដុំ ស្រាប់តែមានជះខ្លិនស្អុយ សាយភាយពេញអគារ និងហប់ខ្វះខ្យល់ដកដង្ហើម បង្កឲ្យកម្មការនីដែលកំពុងធ្វើការថប់ដង្ហើម តឹងដើមទ្រូងដួលសន្លប់ជាបន្តបន្ទាប់ចំនួន ៤៣នាក់ នៅរោងចក្រធីវ៉ាយ ផលិតអំពូលភ្លើង ។
ក្រោយដួលសន្លប់ កម្មការិនីទាំងអស់ ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យ ដើម្បីពិនិត្យព្យាបាល និងបន្តោងសេរ៉ូម ។ ពេលនេះកម្មការិនីទាំងអស់ បានធូស្រាលវិញហើយ ៕