ភ្នំពេញ៖ លោក ឈុន សុមេធា នាយការិយាល័យប្រឆាំង បទល្មើសគ្រឿងញៀននៃ កងរាជអាវុធហត្ថខេត្តតាកែវ និងបក្ខពួកម្នាក់ ត្រូវបានសមត្ថកិច្ចមន្ទីរប្រឆាំង គ្រឿងញៀននៃក្រសួងមហាផ្ទចាប់ខ្លួន កាលពីថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០២០ នៅចំណុចច្រមុះជ្រូកស្ទឹងមានជ័យ ខណ្ឌមានជ័យ ពាក់ព័ន្ធករណីជួញដូរ គ្រឿងញៀនជាង ២គីឡូក្រាម ។

បើតាមសមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យទាំង ២នាក់មានឈ្មោះ៖ ១.ឈុន សុមេធា តួនាទីជា នាយការិយាល័យប្រឆាំងគ្រឿងញៀន នៃទីបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តតាកែវ រស់នៅភូមិកំពង់ហ្លួង ឃុំអង្គរបូរី ស្រុកអង្គរបូរី និង២.កេន ចាន់រី ភេទស្រី ភូមិគោកដូង ឃុំពេជសា ស្រុកកោះអណ្តែត ខេត្តតាកែវ។
ក្រោយចាប់ខ្លួន សមត្ថកិច្ចមន្ទីរប្រឆាំងគ្រឿងញៀន នៃក្រសួងមហាផ្ទៃ បាននាំខ្លួនលោកនាយការិយាល័យប្រឆាំង បទល្មើសគ្រឿងញៀនរូបនេះ ទៅឆែកឆេររកវត្ថុតាងបន្ថែម នៅផ្ទះរបស់គាត់ស្ថិតនៅ ភូមិកំពង់ហ្លួង ឃុំអង្គរបូរី ស្រុកអង្គរបូរី ខេត្តតាកែវ រកឃើញអាវុធខ្លីអត់ច្បាប់ ២ដើម កញ្ឆាមួយចំនួន និងប្រដាក់ថ្លឹងគ្រឿងញៀនមួយចំនួនទៀត ។
បច្ចុប្បន្ន លោកនាយការិយាល័យ ប្រឆាំងបទល្មើសគ្រឿងញៀន នៃកងរាជអាវុធហត្ថខេត្តតាកែវ និងបក្ខពួកម្នាក់ ត្រូវបានកម្លាំងជំនាញកសាងសំណុំរឿង ដើម្បីចាត់ការតាមនិតិវិធី ៕





