ភ្នំពេញ៖ រដ្ឋាភិបាលន័រវែស បានសម្រេចបន្តផ្ដល់ជំនួយជាង ៥លានដុល្លារ សម្រាប់ជួយ ដល់វិស័យដោះមីន នៅកម្ពុជា រយៈពេល ៥ឆ្នាំទៀត ។ នេះបើយោងតាមហ្វេសប៊ុក អាជ្ញាធរមីន ។
ក្នុងឱកាសអនុញ្ញាតឲ្យលោក Zlatko Vezilic ប្រធានគម្រោង Humanitarian Disarmament របស់អង្គការ NPA ប្រចាំកម្ពុជា ចូលជួបសម្តែងការគួរសម និងជម្រាបលា នាព្រឹកថ្ងៃទី៥ មិថុនានេះ លោកទេសរដ្ឋមន្រ្តី លី ធុជ អនុប្រធានទី១ អាជ្ញាធរមីន បានមានប្រសាសន៍ថា «ប្រទេសន័រវែស តាមរយៈអង្គការ NPA នឹងបន្ត ជួយដល់ការ បោសសម្អាតមីន នៅជុំវិញពិភពលោក ក្នុងនោះប្រទេសកម្ពុជា ជាករណីពិសេស ដែលប្រទេសន័រវែស ផ្តោតយកចិត្តទុកដាក់ខ្ពស់ និងបន្ត ផ្តល់ជំនួយប្រមាណ ៥លានដុល្លារអាមេរិកបន្ថែមទៀត សម្រាប់ការងារ បោសសម្អាតមីន រយៈពេល ៥ឆ្នាំខាងមុខ» ។
ក្នុងនាមសម្តេចតេជោនាយករដ្ឋមន្ត្រី និងជាប្រធានអាជ្ញាធរមីន លោកទេសរដ្ឋមន្រ្តី លី ធុជ បានថ្លែងអំណរគុណ យ៉ាងជ្រាលជ្រៅ ជូនចំពោះរាជរដ្ឋាភិបាល និងប្រជាជនន័រវែស ដែលចូលរួមយ៉ាងសកម្ម ក្នុងវិស័យសកម្មភាពមីន មនុស្សធម៌នៅកម្ពុជា រួមមានការផ្តល់ជំនួយ បោសសម្អាតមីន ការកសាងសមត្ថភាពថ្នាក់ជាតិ ការគ្រប់គ្រងទិន្នន័យមីន និងចូលរួមជា ប្រតិបត្តិករបោសសម្អាត គ្រាប់បែកចង្កោម នៅភូមិភាគ ឦសានផងដែរ។
សូមបញ្ជាក់ថា អង្គការ NPA គឺជាអង្គការដំបូងគេបង្អស់ នៅលើពិភពលោក ដែលបានបណ្តុះបណ្តាល សុនខហិតមីន និងបានជួយដល់ មជ្ឈមណ្ឌល ស៊ីម៉ាក់ លើការការងារបោសសម្អាតមីន ដោយសុនខ នៅកម្ពុជា ៕