ភ្នំពេញ៖ ក្នុងខែឧសភា សភាពការណ៍សន្តិសុខ នៅតាមតំបន់ព្រំដែន មានលក្ខណៈស្ងប់ស្ងាត់ និងពុំមានហេតុការណ៍ ប្រឈមមុខដោយ ប្រដាប់អាវុធឡើយ ប៉ុន្តែអ្វីដែលគួរឲ្យកត់សម្គាល់នោះ គឺភាគីវៀតណាម និងថៃ បានបោះតង់ សង់រោងតាមបណ្តោយ ព្រំដែនចំនួន ២៥៧កន្លែង ក្រោមហេតុផលបង្ការទប់ស្កាត់ ការឆ្លងរីករាលដាល នៃជំងឺកូវីដ-១៩ ។ នេះបើយោងតាមរបាយការណ៍ បូកសរុបភាពការណ៍ និងលទ្ធផលកិច្ចប្រតិបត្តិការ ប្រចាំខែឧសភា និងទិសដៅអនុវត្តការងារ ប្រចាំខែមិថុនា ឆ្នាំ២០២០ របស់អគ្គស្នងការដ្ឋាននគរបាលជាតិ ។
របាយការណ៍បញ្ជាក់យ៉ាងដូច្នេះថា «ក្នុងខែឧសភានេះសភាពការណ៍សន្តិសុខ នៅតាមតំបន់ព្រំដែនមាន លក្ខណៈ ស្ងប់ស្ងាត់ និងពុំមានហេតុការណ៍ប្រឈមមុខ ដោយប្រដាប់អាវុធឡើយ។ ប៉ុន្តែសភាពការណ៍ដែលត្រូវបាន កត់សម្គាល់នោះគឺ ភាគីវៀតណាម និងថៃ បានបោះតង់ សង់រោងតាមបណ្តោយព្រំដែនចំនួន ២៥៧កន្លែង (ថៃ១កន្លែងត្រូវបានរុះ) ក្រោមហេតុផល បង្កើតប៉ុស្តិ៍សង្កេតការណ៍បង្ការ ជំងឺកូវីដ-១៩» ។
របាយការណ៍ដដែលបន្ថែមថា កាលពីខែឧសភា ឆ្នាំ២០២០ បង្ក្រាបបទល្មើសគ្រឿងញៀនបាន ៨២៩ករណី ឃាត់ខ្លួន ១.៤៨៧នាក់ ក្នុងនោះ ជនបរទេស ២៤នាក់ ៣សញ្ជាតិ ក្នុងនោះ វៀតណាម១២នាក់ ចិន១១នាក់ និងភូមាម្នាក់។ ចាប់យកសារធាតុញៀន សរុប ៦៥,២៣គីឡូក្រាម កញ្ជា ក្រៀម៧,៦៧ក្រាម ដើមកញ្ឆា ២៦២ដើម ជញ្ជីងថ្លឹង ៣៦គ្រឿង ទូរស័ព្ទដៃ៦៣៦គ្រឿង រថយន្ដ៨គ្រឿង ម៉ូត២៣៤គ្រឿង អាវុខ្លី៣ដើម និងឧបករណ៍វេចខ្ចប់មួយចំនួនទៀត។
ដោយឡែកកាលពីខែឧសភា សមត្ថកិច្ច ក៏បានបង្ក្រាបការជួញដូរមនុស្ស និងអាជីវកម្មផ្លូវភេទ ១៣/៨ករណី ឃាត់ខ្លួន១៥/៨នាក់ រំដោះជនរងគ្រោះ២៣នាក់ រួមចញ្ជូនទៅឲ្យក្រុមគ្រួសារ ១៩នាក់ និងមន្ទីរសង្គមកិច្ច៤នាក់ ក្នុងនោះ អាជីវកម្មផ្លូវភេទ៨ករណី ឃាត់ខ្លួន១០នាក់ រំដោះជនរងគ្រោះ ១៤នាក់ ។ ចំណែកអំពើជួញ ដូរមនុស្ស ៥ករណី រំដោះជនរងគ្រោះ ៩នាក់ ៕