មិនត្រូវបណ្ដោយ ឲ្យគេប្រើប្រាស់ តំបន់មិនទាន់ឯកភាពគ្នា ជាដាច់ខាត បើមិនដូច្នោះទេ….

0

ភ្នំពេញ៖ អ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា លោក ផៃ ស៊ីផាន បានថ្លែងអះអាងថា មិនត្រូវបណ្ដែតបណ្ដោយ ឲ្យគេចូលមកប្រើប្រាស់ តំបន់ព្រំដែនដែលមិនទាន់ឯកភាពគ្នា បង្កើតបានជាភាពជាក់ស្ដែង បើមិនដូច្នោះទេនឹងនាំឲ្យពិបាក ដោះស្រាយថ្ងៃក្រោយ ។

កាលពីពេលកន្លងទៅថ្មីៗនេះ ភាគីវៀតណាម បានចូលមកបោះតង់យោធាចំនួន ៣១កន្លែង នៅជាប់ព្រំដែនស្រុកលើកដែក និងស្រុកកោះធំ ខេត្តកណ្ដាល ដែលនៅចំណុចនេះភាគីទាំងពីរ មិនទាន់មានការឯកភាពគ្នា លើខ្សែបន្ទាត់ព្រំដែននៅឡើយទេ ។

លោក ផៃ ស៊ីផាន បានបញ្ជាក់ក្នុងសន្និសីទសារព័ត៌មាន ស្ដីពី វឌ្ឍនភាព និងទិសដៅបន្តការងារ របស់ខេត្តបន្ទាយមានជ័យ នាព្រឹកថ្ងៃទី៤ មិថុនានេះ ថា «ចំពោះសមត្ថកិច្ចមិនអនុញ្ញាតឲ្យមានសកម្មភាពណាមួយ នៅលើតំបន់ដែលមិនទានឯកភាពគ្នា ពីព្រោះគេបង្កើតនូវអ្វីទៅដែលគេហៅថា ភាពជាក់ស្ដែងដែលគេប្រើប្រាស់ ។ កាលណាយើងបណ្ដោយឲ្យគេប្រើប្រាស់ បង្កើតបានភាពជាក់ស្ដែង យើងនឹងពិបាកនិយាយជាមួយគេណាស់ ដូច្នេះសូមឲ្យប្រជាពលរដ្ឋចូលរួម ក្នុងកិច្ចការពារថែរក្សាទឹកដី» ។

អ្នកនាំពាក្យរាជរដ្ឋាភិបាលបន្ថែមថា ប្រមុខរាជរដ្ឋាភិបាលកម្ពុជាចង់បញ្ចប់ ឲ្យមានព្រំដែនមួយដ៏ត្រឹមត្រូវ ដែលជាខ្សែព្រំដែន ប្រកបដោយកិច្ចសហប្រតិបត្តិការ ព្រំដែនសន្តិភាព ព្រំដែន ប្រកប ដោយវិបុលភាព ។

លោកគូសបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជា មិនចង់បានព្រំដែនមួយដែលមានជម្លោះ ហើយដើម្បីកុំឲ្យមានជម្លោះ គឺយើងត្រូវយកចិត្តទុកខ្ពស់ ចំពោះបូរណភាពទឹកដី ព្រោះបច្ចុប្បន្នជាជំនាន់មួយដែល បញ្ចប់នូវអ្វី ដែលជាប្រវត្តិសាស្ត្រអាក្រក់ សម្រាប់កម្ពុជា ៕