សម្ដេចតេជោ បន្តអំពាវនាវឲ្យពលរដ្ឋ ប្រុងប្រយ័ត្នខ្ពស់ និងថែរក្សាសុខភាព ដើម្បីទប់ស្កាត់ការឆ្លងជំងឺកូវីដ១៩

0

ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានបន្តអំពាវនាវឲ្យ បងប្អូនប្រជាពលរដ្ឋ មានស្មារតីប្រុងប្រយ័ត្នខ្ពស់ជានិច្ច ក្នុងការថែរក្សាសុខភាពអនាមម័យផ្ទាល់ខ្លួន ដើម្បីទប់ស្កាត់ការឆ្លងរាលដាល នៃជំងឺកូវីដ១៩ ខណៈជំងឺរាតត្បាតនេះងាយឆ្លង សាហាវខ្លាំងណាស់។

តាមរយៈបណ្ដាញសង្គម ហ្វេសប៊ុក នៅថ្ងៃទី៤ មិថុនានេះ សម្ដេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ថា «សុខសប្បាយទេ បងប្អូនជនរួមជាតិ? យើងទាំងអស់គ្នា ត្រូវមានស្មារតី ប្រុងប្រយ័ត្នខ្ពស់ជានិច្ច ក្នុងការថែរក្សាសុខភាព អនាមម័យផ្ទាល់ខ្លួន ទប់ស្កាត់ការឆ្លងរាលដាល ជំងឺរលាកផ្លូវដង្ហើមកូវីដ១៩ ។ ជំងឺរាតត្បាតនេះងាយ ឆ្លងសាហាវខ្លាំងណាស់។ អញ្ចឹងហើយបានជាប្រទេសជាច្រើន កំពុងបិទប្រទេសដាក់បម្រាមហាមឃាត់ មិនអោយពលរដ្ឋធ្វើដំណើរ» ។

សម្ដេចតេជោនាយករដ្ឋមន្ត្រី ក៏បានផ្ដាំផ្ញើដល់បងប្អូនប្រជាពលរដ្ឋ ឲ្យឧស្សាហ៍ដុសលាងសម្អាតដៃជាមួយសាប៊ូ ចឹល ឬទឹកអាល់កុល និងពាក់ម៉ាសការពារ ជំងឺឆ្លងគ្រប់ទីកន្លែង។ ទន្ទឹមនឹងនេះ ក៏ត្រូវតាមដានព័ត៌មាន និងស្តាប់តាម ការណែនាំរបស់ ក្រសួងសុខាអោយបានជាប់ជាប្រចាំ។

សម្ដេចបន្ថែមថា តាមការបញ្ជាក់ពីអង្គការ សុខភាពពិភពលោក (WHO) មកដល់ថ្ងៃទី៤ មិថុនានេះ ចំនួនអ្នកឆ្លងជំងឺកូវីដ១៩ (COVID-19) នៅក្នុង ២១៦ប្រទេស គឺបានកើនឡើងជាង ៦លាននាក់ (៦,២៨៧,៧៧១ នាក់) ក្នុងនោះអ្នកស្លាប់ក៏បានកើនដល់ ៣៧៩,៩៤១ ។ សម្ដេចថា មកទល់ពេលនេះក៏ពុំទាន់មាន ថ្នាំព្យាបាលនៅឡើយទេ។

សម្ដេចគូសបញ្ជាក់ថា ចំពោះប្រទេសកម្ពុជាយើងវិញ ទោះបីចំនួនអ្នកឆ្លងតិចមែន តែក៏យើងមិនត្រូវធ្វេសប្រហែស មើលស្រាលជំងឺដ៏កាចសាហាវនេះឡើយ ។ សម្ដេច ក៏បានជូនពរបងប្អូនជួបតែសេចក្តីសុខ និងចៀសផុតពីជំងឺឆ្លងកូវីដ១៩ នៅទូទាំងប្រទេស ៕