ភ្នំពេញ៖ នៅថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២០ស្អែកនេះ លោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្រ្ដី រដ្ឋមន្រ្ដីការបរទេសខ្មែរ និងលោក មិកាមិ ម៉ាសាហ៊ីរ៉ូ ឯកអគ្គរដ្ឋទូតជប៉ុន ប្រចាំកម្ពុជា នឹងអញ្ជើញចុះហត្ថលេខា លើលិខិតប្ដូរសារ ស្ដីពីការផ្ដល់ហិរញ្ញប្បទាន ឥតសំណងរបស់ជប៉ុន ដែល មានទឹកប្រាក់ចំនួន ៤.៥០១លានយ៉េន (ប្រមាណ ៤១,៤លានដុល្លារ) សម្រាប់អនុវត្តគម្រោងចំនួន ៣ ។
យោងតាមសេចក្ដីប្រកាសព័ត៌មាន របស់ក្រសួងការបរទេសខ្មែរ នៅថ្ងៃទី៤ មិថុនានេះ បានឲ្យដឹងថា គម្រោងទាំង៣ ដែលនឹងអនុវត្តមានដូចខាងក្រោម៖
១.អាហារូបករណ៍អភិវឌ្ឍន៍ធនធានមនុស្ស ចំនួន ៣៤៨ លានយ៉េន (ប្រមាណ ៣,២ លាន ដុល្លារអាមេរិក)
២.ការធ្វើឱ្យប្រសើរឡើងនៃមន្ទីរពេទ្យបង្អែកខេត្តសៀមរាប ចំនួន ២.១៥៣ លានយ៉េន (ប្រមាណ ១៩,៨ លានដុល្លារអាមេរិក) និង
៣.កម្មវិធីអភិវឌ្ឍន៍សេដ្ឋកិច្ច និងសង្គម តាមរយៈការផ្តល់សម្ភារៈវេជ្ជសាស្ត្រសម្រាប់ការ
ការពារ និងការឆ្លើយតបការរីករាលដាលនៃជំងឺកូវីដ-១៩ ចំនួន ២.០០០ លានយ៉េន (ប្រមាណ ១៨,៤០លានដុល្លារអាមេរិក)។
ហិរញ្ញប្បទានឥតសំណង ដែលផ្តល់ដោយរដ្ឋាភិបាលជប៉ុននេះ នឹងរួមចំណែកយ៉ាងសំខាន់ ដល់ការលើកកម្ពស់កិច្ចអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមនៃព្រះរាជាណាចក្រកម្ពុជា ព្រមទាំងពង្រឹងទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការ រវាងប្រទេសទាំងពីរ ៕