ភ្នំពេញ៖ លោក ថោង ខុន រដ្ឋមន្ដ្រីក្រសួងទេសចរណ៍ បានព្រមានចាត់វិធានការចំពោះ ម្ចាស់មូលដ្ឋានអាជីវកម្ម ក្លឹបកំសាន្ដ ខារ៉ាអូខេ រង្គសាលា ឌីស្កូតែក និងបៀរហ្កាឌិន នៅតាមរាជធានី-ខេត្ត ដែលនៅតែបន្ដសកម្មភាពអាជីវកម្ម ដោយល្មើសនឹងវិធាន ការរាជរដ្ឋាភិបាល។
យោងតាមសេចក្ដីជម្រាបជូនរបស់ ក្រសួងទេសចរណ៍ នៅថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០២០ លោក ថោង ខុន បានឲ្យដឹងថា ដើម្បីទប់ទល់ការរីករាលដាល នៃជំងឺ កូវីដ-១៩ ពិសេស ចំពោះមូល ដ្ឋាន អាជីវកម្ម KTV ក្លឹបកំសាន្ដ ខារ៉ាអូខេ រង្គសាល ឌីស្កូតែក និងបៀរហ្កាឌិន នៅតែត្រូវបន្ដ អនុវត្តឲ្យបានម៉ឹងម៉ាត់ ខ្ជាប់ខ្ជូនជាប្រចាំ រហូតដល់មានការជូនដំណឹងជាថ្មី ស្ដីពី ការបន្ធូរបន្ថ យ ឬកែសម្រួលវិធានការនៅពេលខាងមុខ។
លោករដ្ឋមន្រ្តី បានឱ្យដឹងថា នៅពេលបច្ចុប្បន្នេះ មានរបាយការណ៍ថា នៅមានមូលដ្ឋាន អាជីវកម្ម KTV ក្លឹបកំសាន្ដ ខារ៉ាអូខេ រង្គសាលា ឌីស្កូតែក និងបៀរហ្កាឌិន ខ្លះ នៅតាមរាជធានី ខេត្តមួយចំនួន នៅតែបន្ដសកម្មភាពអាជីវកម្ម ដោយល្មើសនឹងវិធានការរបស់រាជរដ្ឋាភិបាល។

លោកគួសបញ្ជាក់ថា «អាស្រ័យហេតុនេះ ខ្ញុំសូមរំលឹកដល់ ឯកឧត្តម លោកជំទាវ អភិបាលនៃគណៈអភិបាលរាជធានី-ខេត្ត ត្រូវធ្វើការត្រួត និងអនុវត្តវិធានការចំពោះមូលដ្ឋានអាជីវកម្ម KTV ក្លឹបកំសាន្ដ ខារ៉ាអូខេ រង្គសាលា ឌីស្កូតែក និងបៀរហ្កាឌិន ឱ្យបានត្រឹមត្រូវតាមការណែនាំរបស់រាជរដ្ឋាភិបាល»៕
