ភ្នំពេញ៖ កម្មករនិយោជិតចំនួន ៤៩.៩៦០នាក់ នៃរោងចក្រ សហគ្រាសសរុបចំនួន ១៦៥ ដែលទទួលបាន ការអនុញ្ញាតព្យួរកិច្ចសន្យាការងារ និងទទួលបានការឧបត្ថម្ភពីរាជរដ្ឋាភិបាល ត្រូវដឹងចំណុចទាំងអស់នេះសិន មុននឹងទៅបើកប្រាក់ឧបត្ថម្ភនេះ ។
យោងតាមសេចក្ដីជូនដំណឹង របស់ក្រសួងការងារ នៅថ្ងៃទី៣ មិថុនានេះ បានឲ្យដឹងថា ធនាគារឯកទេសវីង នឹងផ្ញើសារអំពីការបើកប្រាក់ឧបត្ថម្ភ របស់រាជរដ្ឋាភិបាលទៅ តាមលេខទូរស័ព្ទរបស់ កម្មករនិយោជិតទាំង ៤៩.៩៦០នាក់ នៃរោងចក្រសហគ្រាសទាំង១៦៥ នៃវិស័យកាត់ដេរ និងវិស័យទេសចរណ៍ ដែលទទួលបានការអនុញ្ញាតព្យួរកិច្ចសន្យា ការងារស្របតាមស្មារតីជុំទី៣ នៃកញ្ចប់វិធានការរបស់រាជរដ្ឋាភិបាល ។
ក្រសួងបន្តថា ប្រាក់ឧបត្ថម្ភនេះ នឹងត្រូវបើកផ្តល់ជាប្រាក់រៀល និងអាស្រ័យ លើចំនួនថ្ងៃ នៃការព្យួរកិច្ចសន្យាការងារ តាមចំនួនកំណត់មួយចំនួនរួមមាន៖ ចំនួន៦១ ៥០០រៀល (១៥ដុល្លារ) សម្រាប់ការព្យួរកិច្ចសន្យាការងាររយៈពេល ៧ថ្ងៃ ដល់ ១០ថ្ងៃ ១២៣ ០០០រៀល (៣០ដុល្លារ) សម្រាប់ការព្យរកិច្ចសន្យាការងាររយៈពេល ១១ថ្ងៃ ដល់ ២០ថ្ងៃ ១៦៤ ០០០រៀល (៤០ដុល្លារ) សម្រាប់ការ ព្យួរកិច្ចសន្យាការងារតាមរយ:ពេលចាប់ពី២១ថ្ងៃ ដល់១ខែ។
ដើម្បីចៀសវាងការលំបាកក្នុង ការបង្វិលសងរាជរដ្ឋាភិបាលវិញ ក្នុងករណីរោងចក្រ សហគ្រាសសុំចូលធ្វើការមុនការកំណត់ រយ:ពេល ព្យួរកិច្ចសន្យាការងារ នោះប្រាក់ឧបត្ថម្ភនឹងត្រូវចែកចេញជា ២ដង សម្រាប់កម្មករនយោជិត ដែលព្យួរកិច្ចសន្យា ការងារចាប់ពី ២១ថ្ងៃ ដល់ ១ខែ, និងត្រូវបែងចែកជា ៤ដង សម្រាប់កម្មករនយោជិត ដែលព្យួរកិច្ចសន្យាការងារ រយៈពេល ២ខែ ដោយក្នុង ១ដង ស្មើនឹងថវិកាចំនួន ៨២ ០០០រៀល (២០ដុល្លារ)។
ក្រសួងបញ្ជាក់ថា «ធនាគារឯកទេស វីង នឹងបង្វិលប្រាក់ឧបត្ថម្ភនេះ ជូនរាជរដ្ឋាភិបាលវិញ ប្រសិនជាកម្មករនយោជិតខកខាន មិនបានទៅបើកប្រាក់ឧបត្ថម្ភនេះ ក្នុងរយៈពេល ១០ថ្ងៃ បន្ទាប់ពីទទួលបានសារតាមទូរស័ព្ទ ពីធនាគារឯកទេសវីង។ ដើម្បីបើកប្រាក់ឧបត្ថម្ភនេះ កម្មករនយោជិតត្រូវយក អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ និងទូរស័ព្ទដែលទទួលបានសារនោះ ទៅកាន់ភ្នាក់ងារវីង ដែលនៅជិតបំផុត។ សូមបញ្ជាក់ថា បងប្អូន មិនតម្រូវឱ្យបង់ ថ្លៃសេវាទៅឲ្យភ្នាក់ងារវីងឡើយ» ។
ក្នុងករណីកម្មករនិយោជិត ដែលបម្រើការងារនៅរោងចក្រ សហគ្រាស ទាំង១៦៥ នេះ មិនបានទទួលសារ ទូរស័ព្ទពីធនាគារឯកទេសវីង នោះទាក់ទងទៅរដ្ឋបាលរោងចក្រ សហគ្រាសរបស់ខ្លួន សួរព័ត៌មានបន្ថែម ឬធ្វើបច្ចុប្បន្នភាពលេខទូរស័ព្ទរបស់ខ្លួន ទៅរដ្ឋបាលរោងចក្រ សហគ្រាសជាបន្ទាន់ ដោយផ្អែកលើខ្លឹមសារនៃសេចក្តីណែនាំលេខ០៤៥/២០ របស់ក្រសួង ៕