ភ្នំពេញ៖ នាយកដ្ឋានប្រយុទ្ធនឹងជំងឺ ឆ្លងបានលើកឡើងថា រហូតដល់ម៉ោង ៨:០០ព្រឹក ថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០២០នេះ ពុំមានរកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ថ្មីទេ ខណៈចំនួនសរុបកូវីដ-១៩ ១២៥នាក់ដដែល ចំនួនសំរាកពេទ្យ ២នាក់ ជាសះស្បើយហើយចំនួន ១២៣នាក់ និងស្លាប់គ្មាន ។ នេះបើយោងតាមហ្វេសប៊ុក នាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លង CDC ។
នាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លង បានឲ្យដឹងបន្ថែមថា ជំងឺកូវីដ-១៩ នៅតែបន្តគម្រាមកំហែងយើងជាប់ជានិច្ច សូមបងប្អូនបន្តប្រយ័ត្នជាប់ជានិច្ច ដោយធ្វើអនាម័យ នៅឃ្លាតឆ្ងាយពីគ្នា មិនចេញក្រៅផ្ទះបើមិនចាំបាច់ ព្រោះប្រទេសជិតខាងយើង និងពិភពលោកកំពុងបន្តរាតត្បាតជំងឺកូវីដ១៩ ដ៏ខ្លាំងក្លានៅឡើយ ។
យើងត្រូវបន្តអនុវត្តគម្លាតសង្គមបន្តទៀត ដូចជាពន្យាការរៀបអាពាហ៍ពិពាហ៍ ពិធីជប់លៀង ការចាក់ធុងបាសរាំ ។ ល។ យើងត្រូវបន្តគម្លាតបុគ្គលបន្តទៀត ដូចជាអង្គុយគម្លាតពីគ្នា ឈររងចាំគម្លាតពីគ្នា ឈរជជែកគ្នាគម្លាតពីគ្នា ។ ល។
សូមបញ្ជាក់ថា ប្រទេសកម្ពុជា រកឃើញករណីជំងឺកូវីដ១៩ ដំបូងបំផុត នៅថ្ងៃទី២៧ ខែមករា ឆ្នាំ២០២០ ៕