ភ្នំពេញ៖ ភ្នំទាក់ទ្រាំងកកើតឡើងនៅចុងស័កទី១ សម័យពែមីញៀង ដែលមានអាយុកាលប្រហែល ៣០០លានឆ្នាំមុនគ្រឹស្តសករាជ ជាប់ឈ្មោះនៅកម្ពុជា ថាជាភ្នំធម្មជាតិមួយដ៏លេចធ្លោ ។ ភ្នំទាក់ទ្រាំងមានទីតាំងស្ថិតនៅ ភូមិគីឡូ៣៨ ឃុំត្រែង ស្រុករតនមណ្ឌល ខេត្តបាត់ដំបង។ នេះបើយោងតាមហ្វេសប៊ុក ក្រសួងបរិស្ថាន ។

យើងអាចធ្វើដំណើរតាមផ្លូវជាតិលេខ៥៧ ចេញពីក្រុងបាត់ដំបង ឆ្ពោះទៅខេត្តប៉ៃលិន មកដល់គីឡូលេខ៤០ បត់ចូលតាមផ្លូវក្រាលគ្រួសធម្មជាតិ ចំងាយ ជិត ៤គីឡូម៉ែត្រ នឹងទៅដល់ភ្នំនេះ ។

ភ្នំទាក់ទ្រាំង មានតម្លៃផ្នែកប្រវត្តិសាស្ត្រ និងវប្បធម៌៖ ជាស្ថានីយ៍បុរេប្រវត្តិសាស្ត្រតែមួយ គត់នៅខេត្តបាត់ដំបង ដែលអ្នកស្រាវជ្រាវបានរកឃើញ បំណែកថ្ម និង កម្ទេចកម្ទីកុលាលភាជន៍ទាក់ទងនឹងការតាំងលំនៅក្នុងរូងភ្នំរបស់មនុស្សនៅសម័យយុគថ្មបំបែក។ គេបានរកឃើញផ្នូរបុរាណចំនួន ២ អាយុកាល ជាង ៣៣០០ឆ្នាំ និងវត្ថុបុរាណជាច្រើននៅជិតផ្នូរដូចជា ផ្តិល កាំបិត ពូថៅ ធ្វើពីថ្មរំលីង និងថ្មរឹង បំណែកឆ្អឹងសត្វរមាស ពពែ ក្តាន់ និងប្រើស។

សារ:សំខាន់ផ្នែកសណ្ឋានដី និងភូគម្ភសាស្ត្រ៖ យោងតាមគេហទំព័រ កេរដំណែល ភ្នំទាក់ទ្រាំងកកើតឡើងនៅចុងស័កទី១ សម័យពែមីញៀង ដែលមានអាយុកាលប្រហែល ៣០០លានឆ្នាំមុនគ្រឹស្តសករាជ។ ក្នុងភ្នំនេះ មានល្អាងធំមួយ ដែលគេហៅ ថាល្អាងស្ពាន។ ល្អាងស្ពាននេះ បង្កើតឡើង ដោយធម្មជាតិ មានរាងដូចស្ពាន ទាក់ទាញណាស់ដល់មនុស្សគ្រប់រូប ចង់ឃើញ និងមើលផ្ទាល់។

ផ្នែកជីវៈចម្រុះ ភ្នំនេះគ្របដណ្តប់ដោយដើមឈើ និងរុក្ខជាតិដែលមាន ពណ៌ខៀវស្រងាត់ តែនៅមិនទាន់ដឹងថាឋ ទីជម្រកធម្មជាតិនេះមានជីវៈចម្រុះ ជាពិសេស ប្រភេទសត្វនិងរុក្ខជាតិប៉ុន្មា នជាប្រភេទរងការគំរាមកំហែង ដែលមានតម្លៃលេចធ្លោជាសាកល សម្រាប់អ្នកវិទ្យាសាស្ត្រ ឬ ការអភិរក្ស។
រាជរដ្ឋាភិបាលកម្ពុជា បានចេញច្បាប់ (លេខ៦៧អនក្រ.បក ចុះថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២០) អនុញ្ញាតឱ្យក្រសួងបរិស្ថាន រៀបចំ អភិរក្សភ្នំទាក់ទ្រាំង ទំហំ ៧៩,៨២ហិកតា ជាតំបន់បេតិកភណ្ឌធម្មជាតិ សម្រាប់ជាមរតក មនុស្សគ្រប់ជំនាន់ ៕





