ភ្នំពេញ៖ ក្រសួងការបរទេស និងកិច្ចសហប្រតិបត្តិការអន្តរជាតិកម្ពុជា បានកោះហៅលោក Vu Quang Minh ឯកអគ្គរដ្ឋទូតវៀតណាម ប្រចាំនៅកម្ពុជា មកប្រាប់អំពីការដែលយោធាវៀតណាម ចូលមកបោះតង់ នៅលើតំបន់ ព្រំដែនដែលមិនទាន់ឯកភាពគ្នា នាព្រំដែន ខេត្តកណ្តាល ។
យោងតាមសេចក្តីប្រកាស របស់ក្រសួងការបរទេស ចុះនៅថ្ងៃទី២ ខែមិថុនា ឆ្នាំ២០២០នេះ បានឱ្យដឹងថា ក្រសួងបានកោះអញ្ជើញលោក Vu Quang Minh អគ្គរដ្ឋទូតវៀតណាមប្រចាំកម្ពុជា មកជួបនេះ បានធ្វើឡើងដោយលោកស្រី អ៊ាត សោភា រដ្ឋលេខាធិការក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ដោយកម្ពុជាបានស្នើឲ្យភាគីវៀតណាម រុះរើតង់ចេញទាំងអស់ឲ្យបានឆាប់ ហើយបន្តរក្សាស្ថានភាពដើមមិនកែប្រែក្នុងតំបន់នោះ រហូតដល់គណៈកម្មការព្រំដែននៃប្រទេសទាំងពីរ ដោះស្រាយកំណត់ខ្សែព្រំដែន ជាក់លាក់ជាស្ថាពរនៅតំបន់នោះ ដើម្បីប្រែក្លាយតំបន់ព្រំដែន ប្រកបដោយសន្តិភាព មិត្តភាព សហប្រតិបត្តិការ និងការអភិវឌ្ឍជាប្រយោជន៍រួមសម្រាប់ ប្រជាជននៃប្រទេសទាំងពីរ។
ក្រសួងបានបន្តថា ពាក់ព័ន្ធនឹងករណីនេះ កាលពីថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២០ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា បានធ្វើកំណត់ទូតតវ៉ាអំពីការបោះតង់របស់វៀតណាមចំនួន ៣១កន្លែង លើតំបន់ព្រំដែនដែលមិនទាន់ឯកភាពគ្នា ក្នុងខេត្តកណ្តាល នៃប្រទេសកម្ពុជា ជាប់នឹងខេត្តអានយ៉ាងនៃប្រទេសវៀតណាម ដោយស្នើឲ្យភាគីវៀតណាមរុះរើតង់ទាំងនោះចេញ និងបញ្ឈប់សកម្មភាពនានា ដើម្បីរក្សាស្ថានភាពដើមមិនកែប្រែ នៅក្នុងតំបន់នេះ ស្របតាមសេចក្តីប្រកាស រួមចុះថ្ងៃទី១៧ ខែមករា ឆ្នាំ១៩៩៥ សន្ធិសញ្ញាបំពេញបន្ថែមឆ្នាំ២០០៥ និងកិច្ចព្រមព្រៀង ពាក់ព័ន្ធព្រំដែន រវាងប្រទេសទាំងពីរ។
រហូតដល់នៅថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២០ ក្រសួងការបរទេសវៀតណាម បានធ្វើកំណត់ទូតឆ្លើយតប នឹងកំណត់ទូតកម្ពុជា ដោយអះអាងថា ការបោះតង់នៅតាមព្រំដែន ដោយខេត្តអានយ៉ាង នេះគឺជាវិធានបណ្តោះអាសន្នចាំបាច់ ដើម្បីទប់ស្កាត់ ឲ្យទាន់ពេលវេលា នូវការធ្វើដំណើរ ឆ្លងកាត់ព្រំដែន ក្នុងអំឡុងពេលនៃ ការរីករាលដាលជំងឺឆ្លងកូវីដ១៩ ហើយការបោះតង់ទាំងនោះ មិនមានផល ប៉ះពាល់ ដល់ការខណ្ឌសីមា និងបោះបង្គោលព្រំដែន លើតំបន់ព្រំដែន រវាងប្រទេសទាំងពីរនេះទេ។ អាជ្ញាធរវៀតណាម បានសន្យាថា នឹងធ្វើការរុះរើតង់ ដែលបានបោះជាបណ្តោះអាសន្ន ទាំងអស់ ចេញពីតំបន់នោះ។
សូមរំលឹកថា កាលពីពេលកន្លងទៅថ្មីៗនេះ ភាគីវៀតណាម បានចូលមកបោះតង់យោធាចំនួន ៣១កន្លែង នៅជាប់ព្រំដែនស្រុកលើកដែក និងស្រុកកោះធំ ខេត្តកណ្ដាល ដែលនៅចំណុចនេះភាគីទាំងពីរ មិនទាន់មានការឯកភាពគ្នា លើខ្សែបន្ទាត់ព្រំដែននៅឡើយទេ៕