ជប៉ុន ឲ្យលុយកម្ពុជា ៣២លានដុល្លារ ពង្រីក ប្រព័ន្ធផ្គត់ផ្គង់ ទឹកស្អាតនៅតាខ្មៅ

0

ភ្នំពេញ៖ រដ្ឋាភិបាលជប៉ុន បានសម្រេចផ្ដល់ជំនួយឥតសំណងចំនួន ៣.៤២១លានយ៉េន ស្មើប្រមាណ ៣២លានដុល្លារ ដល់កម្ពុជា ដើម្បីពង្រីកប្រព័ន្ធផ្គត់ផ្គង់ទឹកស្អាត នៅក្រុងតាខ្មៅ ។

ជំនួយឥតសំណងនេះ ត្រូវបានចុះហត្ថលេខាដោយលោក អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង សេដ្ឋកិច្ច និងហិរញ្ញវត្ថុ ជាមួយ លោក Yuichi SUGANO ប្រធាន តំណាង ការិយាល័យ JICA ប្រចាំ នៅ កម្ពុជា កាលពីថ្ងៃទី១ ខែមិថុនា ឆ្នាំ២០២០ ។

យោងតាមសេចក្ដីប្រកាសព័ត៌មានរួម បានឲ្យដឹងថា កិច្ចព្រមព្រៀង ហិរញ្ញប្បទាន ឥត សំណង ត្រូវ ចុះហត្ថលេខា នេះ គឺជា ឯកសារ គតិយុត្ត មួយ ផ្សេងទៀត បន្ទាប់ពី លិខិត ប្តូរ សារ ដែល បាន ចុះហត្ថលេខា នៅ ថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២០ រវាង ក្រសួងការបរទេស និង សហប្រតិបត្តិការ អន្តរជាតិ កម្ពុជា និង ភាព ទាក់ទាញ នៃ ប្រទេស ជប៉ុន នៅ កម្ពុជា ដែល អាច នាំឱ្យមាន នីតិវិធី ជា បន្តបន្ទាប់ សម្រាប់ ការអននុវត្តគម្រោងជាក់ស្ដែង ។

គម្រោង នេះ មាន គោលបំណង ធ្វើឱ្យ ប្រសើរឡើង នូវ ការទទួលបាន ទឹកស្អាត នៅក្នុង ក្រុង តាខ្មៅ តាមរយៈ៖

១.ការសាងសង់ រោងចក្រ ប្រព្រឹត្តិកម្ម ទឹកស្អាត ដែលមាន សមត្ថភាព ផ្ទុក ទឹកបាន ៣០.០០០ ម ៣ ក្នុង មួយថ្ងៃ, ២.សាងសង់ ស្ថានីយ បូមទឹក ឆៅ, ៣.កសាង បរិក្ខា សម្រាប់ ចែកចាយ ទឹកស្អាត, ៤.ពាក់ប្រព័ន្ធ SCADA និងបញ្ហាដំណើរការរបស់រោងចក្រ ព្រមទាំងការផ្ទេរបច្ចេកវិទ្យាសម្រាប់ប្រតិបត្តិការ និងការថែទាំរោងចក្រដោយប្រើបទពិសោធន៍ និងចំណេះដឹងពីប្រទេសជប៉ុន។

បច្ចុប្បន្ន ទឹកស្អាតដែលកំពុងប្រើប្រាស់ក្នុងក្រុងតាខ្មៅ គឺត្រូវបានផ្គត់ផ្គង់ជាចម្បងពីរាជធានីភ្នំពេញ។ ដូច្នេះគម្រោងនេះ នឹង ចូលរួមចំណែកយ៉ាងសំខាន់ ក្នុងការធ្វើឱ្យប្រសើរឡើង មិនត្រឹមតែសេវាផ្គត់ផ្គង់ទឹកស្អាត នៅក្នុងក្រុងតាខ្មៅ និងតំបន់ជុំវិញប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជួយកាត់បន្ថយការ ផ្គត់ផ្គង់ទឹកស្អាតពីរាធានីភ្នំពេញផងដែរ។

ការសាងសង់គម្រោងនេះ នឹងចំណាយរយៈ ពេលចំនួន ២៩ខែ ហើយគ្រោងនឹងបញ្ចប់នៅឆ្នាំ២០២៣។

គម្រោងហិរញ្ញប្បទានឥតសំណងនេះ គឺជាគម្រោងទី១២ ចាប់តាំងពីឆ្នាំ១៩៩៣ មកដល់ បច្ចុប្បន្ននេះ ដែលរាជរដ្ឋាភិបាលជប៉ុនតាមរយៈ JICA បានផ្តល់ជូនដល់រាជរដ្ឋាភិបាលកម្ពុជា ក្នុងវិស័យផ្គត់ផ្គង់ទឹកស្អាត ហើយក៏ជាហិរញ្ញប្បទានឥតសំណងលើកទី៦ ផងដែរ ដែលបានផ្តល់ ដល់រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ ៕