សូមប្រយ័ត្ នចំពោះបាតុភូតផ្គរ រន្ទះ ខ្យល់កន្ត្រាក់! ពីថ្ងៃ៣-៩ មិថុនា កម្ពុជា នឹងមានភ្លៀងធ្លាក់ ពីខ្សោយទៅបង្គួរ

0

ភ្នំពេញ៖ ក្រសួងធនធានទឹក និងឧតុនិយម នៅថ្ងៃទី២ ខែមិថុនា ឆ្នាំ២០២០នេះ បានអំពាវនាវ ឲ្យបងប្អូនប្រជាពលរដ្ឋ ប្រុងប្រយ័ត្នចំពោះបាតុភូតផ្គរ រន្ទះ ខ្យល់កន្ត្រាក់ ដែលអាចបន្តកើតមាន ជាពិសេសតំបន់វាលទំនាប តំបន់ជួរភ្នំដងរែក និងខ្ពង់រាបឦសាន ដោយចាប់ពីថ្ងៃទី៣ ដល់ទី៩ មិថុនា កម្ពុជាអាចមានភ្លៀងធ្លាក់ ពីខ្សោយទៅបង្គួរ ។

យោងតាមសេចក្តីជូនដំណឹង របស់ក្រសួងធនធានទឹក បានឲ្យដឹងថា តាមរយៈនៃការប្រែប្រួលជាបន្តបន្ទាប់ នៃស្ថានភាពអាកាសធាតុ សង្កេតឃើញថា ខ្យល់មូសុងនិរតី មានឥទ្ធិពលបង្គួរបក់មកលើកម្ពុជា។ ស្ថានភាពបែបនេះធ្វើឲ្យ ចាប់ពីថ្ងៃទី៣ ដល់ថ្ងៃទី៩ ខែមិថុនា៖

១.បណ្តាខេត្តនៅតំបន់ វាលទំនាបកណ្តាល៖
-សីតុណ្ហភាពអប្បបរមា មានពី ២៥-២៧°C
-សីតុណ្ហភាពអតិបរមា មានពី ៣៤-៣៦°C ។
នឹងអាចមានភ្លៀងធ្លាក់ រាយប៉ាយពីមធ្យមទៅបង្គួរ ក្នុងនោះក៏មានផ្នែកខ្លះ នៃវាលទំនាប ភាគពាយ័ព្យ និងភាគកណ្តាល នឹងអាចមានភ្លៀងធ្លាក់ច្រើន។

២.បណ្តាខេត្តនៅតំបន់ជួរភ្នំដងរែក និងខ្ពង់រាបឦសាន៖
-សីតុណ្ហភាពអប្បបរមា មានពី ២៤-២៦°C
-សីតុណ្ហភាពអតិបរមា មានពី ៣៣-៣៥°C ។
នឹងអាចមានភ្លៀងពីខ្សោយទៅមធ្យម ។

៣.បណ្តាខេត្តនៅតំបន់មាត់សមុទ្រ៖
-សីតុណ្ហភាពអប្បបរមា មានពី ២៥-២៧°C
-សីតុណ្ហភាពអតិបរមា មានពី ៣២-៣៤°C ។
នឹងអាចមានភ្លៀងពីតិចទៅបង្គួរ ៕