ភ្នំពេញ៖ ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈកម្ពុជា បានចុះកិច្ចព្រមព្រៀងរួមគ្នាជាមួយតំណាងទីភ្នាក់ងាររបស់អង្គការសហប្រជាជាតិចំនួន ៤ (អង្គការ ILO, UNESCO, UNICEF និង UNIDO) ដោយមានការគាំទ្រពីទីភ្នាក់ងារស្វីសសម្រាប់ការអភិវឌ្ឍនិងកិច្ចសហប្រតិបត្តិការ (SDC) ដើម្បីអនុវត្តកម្មវិធីការងារសមរម្យសម្រាប់យុវជន (DEY) ដំណាក់កាលទី២ ក្នុងការបន្តលើកកម្ពស់ ការងារសមរម្យ របស់យុវជន និងកាត់បន្ថយវិសមភាព នៅក្នុងប្រទេស។នេះបើយោងតាមក្រសួងការងារ បណ្ដុះបណ្ដាលវិជ្ជាជីវៈ។
ពិធីចុះកិច្ចព្រមព្រៀងនេះ ធ្វើឡើងក្រោមសហប្រធានក្រុមប្រឹក្សាគម្រោង លោក អ៉ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ និងលោកស្រី Pauline Tamesis អ្នកសម្របសម្រួល អង្គការសហប្រជាជាតិប្រចាំកម្ពុជា នាថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០២០ នៅទីស្ដីក្រសួងការងារ ។
ថវិកាសរុបសម្រាប់កម្មវិធី DEY ដំណាក់កាលទី២ គឺមានចំនួន ៨.៤៨ លានដុល្លារអាមេរិក ក្នុងនោះទឹកប្រាក់ចំនួន ៤ លានដុល្លារ ជាថវិកាផ្តល់ដោយទីភ្នាក់ងារស្វីស សម្រាប់ការអភិវឌ្ឍ និងកិច្ចសហប្រតិបត្តិការ (SDC) និងចំនួន ៤.៤៨ លានដុល្លារទៀត ជាថវិកាដែលបានមកពីមូលនិធិស្នូល របស់ទីភ្នាក់ងារ ដែលចូលរួមនៅក្នុងកម្មវិធីនេះ ពីអ្នកផ្តល់ជំនួយដទៃទៀត ពីវិស័យឯកជន ពីរាជរដ្ឋាភិបាលកម្ពុជា។ គម្រោងនេះ មានរយៈពេល៤ឆ្នាំ ចាប់ពីថ្ងៃទី០១ ខែមករា ឆ្នាំ២០២០ ដល់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣។
កម្មវិធីនេះនឹងផ្តល់ឱ្យយុវជនដែលបោះបង់ ការសិក្សា និងងាយរងគ្រោះនូវកញ្ចប់ការសិក្សា ប្រកបដោយនវានុវត្តន៍ ដែលរួមបញ្ចូលនូវជំនាញ បច្ចេកទេស ជំនាញសហគ្រិន ជំនាញទន់ និងការធ្វើពាណិជ្ជកម្ម ក៏ដូចជាការណែនាំពីមុខរបរ ដែលកំពុងមានតម្រូវការ ដើម្បីធានាថាពួកគេអាចបំពេញ តាមតម្រូវការទីផ្សារការងារ និងត្រៀមខ្លួនជាស្រេច សម្រាប់ការងារប្រកបដោយគុណភាព។
ក្នុងអំឡុងពេលនៃការរាលត្បាតនៃជំងឺកូវីដ-១៩នេះ កម្មវិធីនេះក៏ជួយគាំទ្រផ្នែកគោលនយោបាយរបស់រដ្ឋាភិបាលក្នុងការឆ្លើយតបជាបន្ទាន់ទៅនឹងជំងឺកូវីដ-១៩ និងបន្ទាប់ពីជំងឺកូវីដ-១៩។
លោកស្រី Pauline Tamesis បានថ្លែងថា ទាក់ទងទៅនឹងផលប៉ះពាល់ផ្នែកសេដ្ឋកិច្ច និងសង្គមដោយសារការរាលត្បាតនៃជំងឺកូវីដ-១៩នេះ ប្រទេសកម្ពុជាក៏កំពុងប្រឈមនឹងបញ្ហាការផ្លាស់ប្តូរបរិយាកាសប្រព័ន្ធឌីជីថល និងប្រជាសាស្ត្រ។ យុវជនជាស្រី្ត និងបុរសវ័យក្មេងចំនួន ១៦០,០០០នាក់ បានចូលទៅក្នុងទីផ្សារការងារជារៀងរាល់ឆ្នាំ និងត្រូវការជាខ្លាំងនូវជំនាញ និងសមត្ថភាពក្នុងការដោះស្រាយនូវបញ្ហាទាំងអស់នេះ។
លោកស្រី Pauline បានបន្តថា កម្មវិធីដំណាក់កាលទី២នេះ នឹងទាញយកផលប្រយោជន៍ ពីការចូលរួមរបស់វិស័យឯកជន រួមមាន៖ សហព័ន្ធនិយោជក និងសមាគមពាណិជ្ជកម្មកម្ពុជា (CAMFEBA) ក្នុងបេសកកម្មសម្របសម្រួលការផ្លាស់ប្តូរពីសាលារៀនទៅកន្លែងធ្វើការ និងការចូលរួមកាត់បន្ថយការមិនស៊ីចង្វាក់គ្នានៃជំនាញរបស់យុវជនវ័យក្មេងនៅកម្ពុជា។
លោកស្រី Carin Salerno ក៏បានថ្លែងដែរថា ទីភ្នាក់ងារស្វីសសម្រាប់ការអភិវឌ្ឍ និងកិច្ចសហប្រតិបត្តិការ (SDC) រីករាយក្នុងការចូលរួម និងបន្តកិច្ចសហប្រតិបត្តិការក្នុងភាពជាដៃគូជាមួយរាជរដ្ឋាភិបាល និងអង្គការសហប្រជាជាតិនៅកម្ពុជា ដើម្បីគាំទ្រយុវជនវ័យក្មេងនៅក្នុងប្រទេស ជាពិសេសជនដែលរងគ្រោះដោយជំងឺរាលត្បាត ដើម្បីជំនះនឹងបញ្ហាការងារនាពេលបច្ចុប្បន្ន និងត្រៀមខ្លួនជាស្រេចសម្រាប់តម្រូវការការងារនាថ្ងៃអនាគត បន្ទាប់ពីគ្រោះមហន្តរាយនេះ។
ចំណែកលោក អ៉ិត សំហេង បានមានប្រសាសន៍ថា នៅក្នុងដំណាក់កាលលំបាកនេះ លោកពិតជាមានសេចក្តីរីករាយណាស់ ដែលបានឃើញដៃគូអភិវឌ្ឍន៍ក្នុងប្រទេស ក៏ដូចជាដៃគូអភិវឌ្ឍន៍ អន្តរជាតិ បានរួមគ្នាគាំទ្រ ដល់យុវជនវ័យក្មេង ងាយរងគ្រោះនៅកម្ពុជា ជម្នះនូវបញ្ហាប្រឈម នាពេលបច្ចុប្បន្ន និងកសាងអនាគត ការងារដ៏ភ្លឺស្វាង។
សូមជម្រាបថា កម្មវិធីការងារសមរម្យ សម្រាប់យុវជន ដំណាក់កាលទី២នេះ មានគោលបំណងគាំទ្រដល់ស្ត្រី និងបុរសវ័យក្មេងនៅកម្ពុជា ដើម្បីឱ្យពួកគេកាន់តែអាចទទួលបានឱកាស សមរម្យប្រកបដោយ ផលិតភាពតាមរយៈការធានាឱ្យពួកគេ កាន់តែមានលទ្ធភាពឆ្លើយតប ចំពោះតម្រូវការទីផ្សារការងារ និងត្រៀមខ្លួនដើម្បីទទួលបានការងារ ប្រកបដោយគុណភាព។ សរុបមក មានយុវជន ១៧០.០០០នាក់ (ស្រី ៥០%) នឹងទទួលបានផលដោយផ្ទាល់ ពីកម្មវិធីការងារសមរម្យ សម្រាប់យុវជនដំណាក់ កាលទី២នេះ។
ដើម្បីសម្រេចបានលទ្ធផល និងលើកកម្ពស់កិច្ចសហប្រតិបត្តិការឲ្យបានជាអតិបរមានៅក្នុងដំណាក់កាលទី២នេះ កម្មវិធី DEY នឹងផ្តោតជារួមលើគ្រប់សកម្មភាពទាំងអស់ក្នុងវិស័យចំនួន ៤ មានទេសចរណ៍ កសិឧស្សាហកម្ម សំណង់ និងកម្មន្តសាល។
កម្មវិធីនេះក៏មានគោលបំណងរួមចំណែក ដល់ការអនុវត្តគោលនយោបាយឆ្លើយតបចំពោះ ជំងឺកូវីដ-១៩ របស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងអំឡុងពេលនៃការរាតត្បាត ជាសាកលនេះផងដែរ ជាពិសេសដើម្បីជួយដោះស្រាយបញ្ហាការងារ និងប្រាក់ចំណូលរបស់ប្រជាពលរដ្ឋ៕