កម្មករជាង ៧០០នាក់ មានទាំងកម្មការិនីមានផ្ទៃពោះ ត្រូវរោងចក្រកាតដេរ យូលី បញ្ចប់កិច្ចសន្យាការងារ

0

ភ្នំពេញ៖ ចាប់តាំងពីខែមីនា រហូតមកដល់ថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០២០នេះ កម្មករជាង ៧០០នាក់ ក្នុងនោះមានទាំងកម្មការិនីមានផ្ទៃពោះ និងទើបសម្រាលកូនរួច ត្រូវបានរោងចក្រកាត់ដេរ យូ លី ក្នុងតំបន់សេដ្ឋកិច្ចពិសេស សានតុង ក្រុងបាវិត ខេត្តស្វាយរៀង បញ្ចប់កិច្ចសន្យាការងារជាបន្តបន្ទាប់ ។

យោងតាមបណ្ដាញសង្គមហ្វេសប៊ុក សម្ព័ន្ធសហជីពចលនាកម្មករ នៅថ្ងៃទី១ មិថុនានេះ បានឲ្យដឹងទៀតថា ទោះបីប្រមុខរាជរដ្ឋាភិបាលកម្ពុជា និងក្រសួងការងារ បានអំពាវនាវមិនឲ្យរោងចក្រ សហគ្រាស យកឱកាសផលប៉ះពាល់ នៃការរីករាលដាលវីរុស កូវីដ-១៩ មកធ្វើជាលេសដើម្បីបញ្ឈប់ ឬបញ្ចប់កិច្ចសន្យាការងារកម្មករ និងសហជីពក៏ដោយ ក៏ភាគីក្រុមហ៊ុនមិនបានយកចិត្តទុកដាក់ ក្នុងការអនុវត្តនោះឡើយ។

ទាក់ទងនឹងបញ្ហានេះដែរ ប្រធានសម្ព័ន្ធសហជីពចលនាកម្មករ លោក ប៉ាវ ស៊ីណា បានស្នើឱ្យស្ថាប័នពាក់ព័ន្ធ ជួយអន្តរាគមន៍ និងដោះស្រាយករណីនេះ ដើម្បីឱ្យកម្មករទាំងអស់ បានចូលធ្វើការងារវិញ ៕