ភ្នំពេញ៖ រយៈពេល ១ខែ ចាប់ពីថ្ងៃទី១-៣១ ខែឧសភា ឆ្នាំ២០២០ នៃការរឹតបន្តឹងការអនុវត្តច្បាប់ ស្តីពីចរាចរណ៍ផ្លូវគោកថ្មី នគរបាលចរាចរណ៍ បានផាកពិន័យចំពោះយានយន្ត ល្មើសច្បាប់ចំនួន ៤៤.៧៦៥គ្រឿង ក្នុងនោះមានទោចក្រយានយយន្ត និងត្រីចក្រយានយន្តចំនួន ៣២.៧២៦គញរឿង ស្មើនឹង ២៧% និងរថយន្តគ្រប់ប្រភេទចំនួន ១២.០៣៩គ្រឿង ស្មើនឹង ២៧% ។
យោងតាមសេចក្តីប្រកាសព័ត៌មាន ស្តីពីលទ្ធផលនៃការរឹតបន្ដឹង អនុវត្តច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក នៅថ្ងៃទី១ មិថុនានេះ បានឲ្យដឹងថា បើប្រៀបធៀបរយៈពេលដូចគ្នានៃខែឧសភា ឆ្នាំ២០១៩ ឃើញថា ស្ថានភាពចរាចរណ៍មាន ភាពល្អប្រសើរជាងមុន ដោយគ្រោះថ្នាក់ ចរាចរណ៍បានថយចុះចំនួន ១៣០លើក ស្មើ៣៧% (២១៨/៣៤៨ លើក) អ្នកស្លាប់ថយចុះ ៤២នាក់ ស្មើ២៧% (១១៣/១៥៥នាក់) អ្នករបួសថយចុះ ១៦២នាក់ ស្មើ៣២% (៣៤២/៥០៤នាក់)។ ប៉ុន្តែបើប្រៀបធៀបទៅនឹងខែមេសា ឆ្នាំ២០២០នេះ គ្រោះថ្នាក់ចរាចរណ៍ថយចុះ ២៨លើក ស្មើ១១% (២១៨/២៤៦នាក់) អ្នកស្លាប់ថយចុះ ១៤នាក់ ស្មើ១១% (១១៣/១២៧នាក់) អ្នករបួសថយចុះ ២៦នាក់ ស្មើ៧% (៣៤២/២៤៦លើក) ។
គណៈកម្មាធិការជាតិ សុវត្ថិភាពចរាចរណ៍ផ្លូវគោក បានបញ្ជាក់ថា អ្នកប្រើប្រាស់ផ្លូវយ៉ាងច្រើន គោរពនិងអនុវត្តច្បាប់ស្តីពី ចរាចរណ៍ផ្លូវគោកយ៉ាងផុលផុស បើកបរ អធ្យាស្រ័យ និងមានសណ្តាប់ធ្នាប់ល្អ ដែលបានឆ្លុះបញ្ចាំងអំពីចូលរួមលើកកម្ពស់ និងភាពថ្លៃថ្នូររបស់សង្គមជាតិ និងជាប្រភពលើកទឹកចិត្តដល់ កងកម្លាំងអនុវត្តច្បាប់ឲ្យកាន់តែមាន ស្មារតីខ្ពស់ ក្នុងការបំពេញភារកិច្ចរឹតបន្តឹង ការអនុវត្តច្បាប់ស្តីពី ចរាចរណ៍ផ្លូវគោកផងដែរ ។
គណៈកម្មាធិការជាតិ សុវត្ថិភាពចរាចរណ៍ផ្លូវគោក ក៏បានប្រកាសទទួលយកនូវមតិរិះគន់ ក៏ដូចជាសំណូមពរនានា ដើម្បីពិនិត្យឆ្លុះបញ្ចាំង និងកែលម្អទាន់ពេលវេលា នូវកង្វះខាតទាំងឡាយ សំដៅធ្វើឱ្យការរឹតបន្ដឹងអនុវត្តច្បាប់ ស្តីពីចរាចរណ៍ផ្លូវគោកកាន់តែ ល្អប្រសើរឡើងថែមទៀត ៕