ភ្នំពេញ៖ លោក វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានឲ្យដឹងថា ការនាំចេញអង្ករដែលបាន ឆ្លងកាត់ការត្រួតពិនិត្យភូតគាមអនាម័យ ក្នុងរយៈពេល ៥ខែដើមឆ្នាំ២០២០ សម្រេចបាន ៣៥៦.០៩៧តោន កើនឡើងប្រមាណ ១០៥.៩២៥តោន ស្មើនឹង ៤២,៣៤% ដែលធៀបទៅនឹងរយៈ ៥ខែដើមឆ្នាំ២០១៩ មានចំនួន ២៥០.១៧២តោន ។
តាមរយៈបណ្ដាញសង្គមហ្វេសប៊ុក នៅថ្ងៃទី២៩ ឧសភា លោករដ្ឋមន្ត្រីកសិកម្ម បានបន្តថា សម្រាប់ខែឧសភា ឆ្នាំ២០២០ នេះ សម្រេចការនាំចេញអង្ករបានចំនួន ៥៥.៨៤៥តោន កើនឡើងចំនួន ១៩.៤៣៦ តោន ស្មើនឹង ៥៣,៣០% ធៀបទៅនឹងខែឧសភា ឆ្នាំ២០១៩ ដែលក្នុងនេះមាន៖ អង្ករក្រអូបគ្រប់ប្រភេទមានចំនួន ៥១ ៦៨៣ តោន, អង្ករចម្រុះគ្រប់ប្រភេទមានចំនួន ៣.៥៧៨តោន និងអង្ករចំហ៊ុយមានចំនួន ៥៨៤ តោន ។
លោករដ្ឋមន្ត្រីគូសបញ្ជាក់ថា ប្រទេសដែលបានបញ្ជាទិញអង្ករ ពីកម្ពុជាក្នុងរយៈពេល ៥ខែនេះ មានចំនួន ៥៤ប្រទេស៖ នៅក្នុងសហភាពអ៊ឺរ៉ុបមានប្រទេសចំនួន ២៤ក្នុងចំណោម២៨ ប្រទេស, ប្រទេសចិន, ប្រទេសសមាជិកអាស៊ានចំនួន ៦ ហើយនិងនៅទ្វិបដ៏ទៃទៀតចំនួន ២៣ប្រទេស ។ ទន្ទឹមនឹងនេះក៏មានក្រុមហ៊ុនចំនួន ៥ ក្នុងចំណោម ៤៩ក្រុមហ៊ុន ដែលបាននាំចេញអង្ករច្រើនជាងគេ ។
សូមបញ្ជាក់ថា ការនាំចេញអង្ករកម្ពុជាក្នុងរយៈពេល ៥ខែដើមឆ្នាំដូចគ្នា ប្រៀបធៀបទៅនឹងឆ្នាំ២០១៩ មានកំណើននៅគ្រប់ គោលដៅនាំចេញទាំងអស់៖ សហភាពអ៊ឺរ៉ុបកើនចំនួន ៥១,១០%, ប្រទេសចិនកើនចំនួន ២៥,២៦%, បណ្តាប្រទេសសមាជិកអាស៊ានកើនចំនួន ៤៥,៣៩%, និងគោលដៅដ៏ទៃទៀតបានកើនឡើងចំនួន ៧៩,៤០% ៕