ភ្នំពេញ៖ ធនាគារពិភពលោក (WB) បានប្តេជ្ញាជួយកម្ពុជា ដោះស្រាយឲ្យមានប្រសិទ្ធភាព ជាមួយវិបត្តិកូវីដ១៩ ព្រមទាំងជួយពង្រឹងសេដ្ឋកិច្ច ឲ្យឆាប់ងើបឡើងវិញ ។
តាមរយៈសេចក្ដីប្រកាសព័ត៌មាន នៅថ្ងៃទី២៩ ឧសភា លោកស្រី អ៊ីនហ្គូណា ដូប្រាចា ប្រធានគ្រប់គ្រងនៃធនាគារពិភពលោក ប្រចាំកម្ពុជា បានមានប្រសាសន៍ថា វិបត្តិជាសកលដែល បង្កដោយការរាលដាលនៃជំងឺកូវីដ១៩ បានធ្វើឲ្យមានការប៉ះទង្គិចយ៉ាងដំណំ មកលើសេដ្ឋកិច្ចកម្ពុជា ក្នុងឆ្នាំ២០២០។
លោកស្រីបញ្ជាក់ថា «ធនាគារពិភពលោកប្តេជ្ញាចិត្តថា នឹងជួយកម្ពុជាក្នុងការជួយ ដោះស្រាយឲ្យមាន ប្រសិទ្ធភាពជាមួយវិបត្តិកូវីដ១៩នេះ និងក្នុងការពង្រឹងសេដ្ឋកិច្ចឲ្យឆាប់ ងើបឡើងវិញ និងមានភាពធន់ នាពេលអនាគត»។
លោកស្រីបបន្ថែមថា ការរាតត្បាតនៃជំងឺកូវីដ១៩ កំពុងបង្កការប៉ះទង្គិចយ៉ាងដំណំ ទៅលើក្បាលម៉ាស៊ីនសំខាន់ៗ សម្រាប់ជំរុញកំណើនសេដ្ឋកិច្ចរបស់កម្ពុជា ក្នុងនោះមាន៖ វិស័យទេសចរណ៍, ឧស្សាហកម្មនាំចេញ និងផ្នែកសំណង់ ដែលទាំងអស់នេះតំណាងឲ្យជាង ៧០% នៃកំណើនសេដ្ឋកិច្ច និងផ្តល់ការងារមានកម្រៃប្រមាណជា ៤០% នៃការងារសរុបរបស់ប្រទេស។
លោកស្រីគូសបញ្ជាក់ថា ដោយសារមូលហេតុនេះ នៅក្នុងឆ្នាំ២០២០ កំណើនសេដ្ឋកិច្ចត្រូវបានរំពឹងទុកថា នឹងមានល្បឿនយឺតបំផុត មិនដែលធ្លាប់ជួបប្រទះតាំងពីឆ្នាំ១៩៩៤មក ដោយវានឹងថមថយរហូតដល់រវាង -១ និង -២,៩% តាមការឲ្យដឹងពីរបាយការណ៍ «កម្ពុជានៅក្នុងកាលៈទេសៈមានវិបត្តិកូវីដ-១៩» ៕