អតីតបុគ្គលិកសណ្ឋាគារ Grade Duke អាចបើកប្រាក់អត្ថប្រយោជន៍ បានហើយនៅថ្ងៃស្អែក

0

ភ្នំពេញ៖ ក្រសួងការងារ និងណ្តុះបណ្តាលវិជ្ជាជីវៈ ប្រកាសថា បងប្អូនអតីតបុគ្គលិកទាំង ១៥២នាក់ នៃសណ្ឋាគារ ដឺ ហ្រ្កេត ឌ្យូក (The Great Duke Hotel) នៃក្រុមហ៊ុន Regency Company Limited អាចទៅបើកប្រាក់អត្ថប្រយិជន៍ តាមសេចក្តីបង្គាប់របស់ ក្រុមប្រឹក្សាអាជ្ញាកណ្តាល នៅទីស្តីការក្រសួង នៅព្រឹកថ្ងៃសៅរ៍ ទី៣០ ខែឧសភា ឆ្នាំ២០២០ស្អែកនេះ ។

យោងតាមសេចក្ដីប្រកាសព័ត៌មាន របស់ក្រសួងការងារ នៅថ្ងៃទី២៩ ឧសភានេះ បានឲ្យដឹងថា ក្រុមការងារក្រសួង នឹងបើកថវិកាជូនបុគ្គលិកទាំងអស់ ដោយផ្ទាល់ដៃដល់សាមីខ្លួន នៅថ្ងៃសៅរ៍ ទី៣០ ខែឧសភា ឆ្នាំ២០២០ វេលាម៉ោង៨៖០០នាទីព្រឹក នៅក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ដែលមានទីតាំងស្ថិតនៅអគារលេខ៣ មហាវិថីសហព័ន្ធរុស្សី សង្កាត់ទឹកល្អក់១ ខណ្ឌទួលគោក រាជធានីភ្នំពេញ។

ទន្ទឹមគ្នានោះដែរ បុគ្គលិកត្រូវយកមកជាមួយ នូវឯកសារដូចខាងក្រោម៖

១.កាតសម្គាល់ខ្លួន ជាបុគ្គលិកក្នុងក្រុមហ៊ុន (ច្បាប់ដើម)

២.អត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរ ឬលិខិតឆ្លងដែន (ច្បាប់ដើម និងភ្ជាប់ជាមួយច្បាប់ថតចម្លង)

៣.សៀវភៅការងារ ឬប័ណ្ណសមាជិក ប.ស.ស (ច្បាប់ដើម និងភ្ជាប់ជាមួយច្បាប់ថតចម្លង)

៤.ក្នុងករណីបុគ្គលិក ណាម្នាក់ទទួលមរណភាព ភាគីដែលជាប្តី ឬប្រពន្ធ ត្រូវភ្ជាប់ជាមួយឯកសារ (១) (២) និង(៣) ដែលបានរៀបរាប់ខាងលើ និងភ្ជាប់មកបន្ថែមជាមួយនូវ៖ ក.សំបុត្រមរណភាពរបស់បុគ្គលិក (សេចក្តីចម្លងសំបុត្រមរណភាព) ខ.សំបុត្រអាពាហ៍ពិពាហ៍ ឬសៀវភៅគ្រួសារ (ច្បាប់ដើម និងភ្ជាប់ជាមួយច្បាប់ថតចម្លង) គ.អត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរ ឬលិខិតឆ្លងដែន អ្នកមកបើកជំនួស (ច្បាប់ដើម និងភ្ជាប់ ជាមួយច្បាប់ថតចម្លង)៕