ភ្នំពេញ៖ ក្រោយពីរាជរដ្ឋាភិបាល បានប្រកាសយកឆ្នាំ២០២០ ដើម្បីរឹតបន្តឹងច្បាប់ ចរាចរណ៍ផ្លូវគោក ទន្ទឹមនឹងនេះក៏មានប្រជាពលរដ្ឋភាគ ច្រើនបានចូលរួមគាំទ្រ អនុវត្តបានយ៉ាងល្អប្រសើរ ដោយឡែកក៏មាន បុគ្គលមួយចំនួនឆ្លៀត យកឱកាសនេះកេងចំណេញ នយោបាយធ្វើការរិះគន់ និងលើកឡើងមិនបានគិត ដល់ផលប្រយោជន៍ជាតិសុវត្ថិភាព និងសេចក្តីសុខរបស់ ប្រជាពលរដ្ឋដែលរាជរដ្ឋាភិបាល កំពុងយកចិត្តទុកដាក់ខិតខំ ធ្វើយ៉ាងណាឲ្យប្រជាពលរដ្ឋ ទទួលបានការរស់នៅ ប្រកបដោយសុខដុមរមនា ។
មានប្រសាសន៍ក្នុងឱកាស អញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ ក្នុងពិធីប្រកាសចូលកាន់ មុខតំណែងអភិបាល អភិបាលរង នៃគណៈអភិបាលខេត្តកែប នាព្រឹកថ្ងៃសុក្រ ទី២៩ ខែឧសភា ឆ្នាំ២០២០ នៅសាលាខេត្តកែប សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានមានប្រសាសន៍លើកឡើងថា គោលជំហរក្នុងការអនុវត្តច្បាប់ ចរាចរណ៍ផ្លូវគោកនៅតែបន្តធ្វើដោយ ពុំមានការបន្ធូបន្ថយនោះឡើយ ក្រោយពីរាជរដ្ឋាភិបាលកម្ពុជា បានរឹតបន្តឹងអនុវត្តច្បាប់ចរាចរណ៍ គឺមានប្រជាពលរដ្ឋទូទាំងប្រទេស ចូលរួមគោរពច្បាប់បានយ៉ាងល្អខ្ជាប់ខ្ជួន គឺជាគោលការណ៍ និងគោលបំណងតែមួយគត់ ដែលរាជរដ្ឋាភិបាល កំពុងយកចិត្តទុកដាក់ និងចង់បាន ប៉ុន្តែក្នុងនេះផងដែរ ក៏មានបុគ្គលនយោបាយមួយចំនួន មិនបានតាំងចិត្តចូលរួមជាមួយ កិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាល បែរជាយកបញ្ហាការរឹតបន្តឹង ច្បាប់ចរាចរណ៍ ធ្វើការប្រៀបធៀបជាមួយផលប៉ះពាល់ នៃបញ្ហាការរាតត្បាតជំងឺកូវីដ១៩ទៅវិញ ក្នុងគោលបំណងធ្វើឲ្យ ប្រជាពលរដ្ឋមានការយល់ខុស ដើម្បីជឿលើទស្សនៈរបស់ខ្លួន។
សម្តេចក្រឡាហោមមានប្រសាសន៍ថា “យើងបានប្រកាសថា ឆ្នាំ២០២០ជាឆ្នាំរឹតបណ្តឹង ការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោក ពេលមុនយើងរឹតបន្តឹងនេះ យើងក៏បានធ្វើកិច្ចការងារជាច្រើន ជាពិសេសទាក់ទងនឹងការអប់រំផ្សព្វផ្សាយ យើងធ្វើច្រើនណាស់ ក៏ប៉ុន្តែដល់ពេលដែលយើងកំណត់ធ្វើ មានអ្នកមួយចំនួនគាត់ថាឆាប់ពេក អត់បានអប់រំ អត់បានផ្សព្វផ្សាយ ការពិតមិនមែនទេ ប្រហែលជាគាត់មិន បានតាមដាន មិនបានស្តាប់ មិនបានយកចិត្តទុកដាក់ បំណងតែមួយគត់ យើងធ្វើ គឺមិនមែនធ្វើបាបប្រជាពលរដ្ឋទេ” ។
សម្តេចក្រឡាហោម ស ខេង បានលើកឡើងថា ចំពោះការរឹតបន្តឹង ចរាចរណ៍នេះដែរ បើប្រជាពលរដ្ឋចូលរួមគោរពច្បាប់ ចរារចណ៍បានត្រឹម ត្រូវ គឺមិនមានពលរដ្ឋណាមួយត្រូវខាតបង់នោះទេ ប៉ុន្តែបើប្រជា ពលរដ្ឋនោះមិនបានគោរពច្បាប់ បានត្រឹមត្រូវនោះទេ នឹងត្រូវខាត បង់ទាំងថវិកា និងគ្រោះថ្នាក់ផ្សេងៗ ហើយអាចឈាន ដល់បាត់បង ជីវឹតផងដែរ។
សម្តេច បញ្ជាក់ថា “បើពួកគាត់គោរពច្បាប់ មានអស់លុយឯណា ប៉ុន្តែបើពួកគាត់មិនគោរពច្បាប់ មិនពាក់ មួកអាហ្នឹងអស់លុយហើយ ហើយយើងសុំតែប៉ុណ្ណឹងតើ ពាក់មួកដើម្បីជីវិតរបស់ពួកគាត់តើ” ។
សម្តេចបានបន្តថា បញ្ហាដែលសំខាន់ខ្លាំងបំផុតនោះ គឺស្ថិតនៅលើមន្រ្តីអនុវត្តច្បាប់ ដែលត្រូវតែប្រកាន់ខ្ជាប់នូវសីលធម៌ វីជ្ជាជីវៈ សុភាពរាបសារ ទន់ភ្លន់ និងម៉ឺងម៉ាត់ ដោយអនុវត្តឲ្យបានតាម គោលការណ៍ច្បាប់ និងតាមការណែនាំនានារបស់រាជរដ្ឋាភិបាល ឲ្យបានត្រឹមត្រូវ។
បន្ថែមលើសពីនេះទៀត សម្តេចក្រឡាហោម បានលើកឡើងថា គិតតាំងពីការផ្តើម រឹតបន្តឹងច្បាប់ចរាចរណ៍ផ្លូវ គោករហូតមកដល់ពេលនេះ បើប្រៀបធៀបរយៈពេលដូចគ្នា ពីខែមេសា ដល់ខែឧសភា គឺអត្រាអ្នកស្លាប់ថយចុះចំនួន ១៥នាក់ និងអ្នករងរបួស៨០នាក់៕