រដ្ឋមន្រ្តីមហាផ្ទៃ ណែនាំអាជ្ញាធរទប់ស្កាត់ កុំឲ្យជនឱកាសនិយមប្រើប្រាស់ ទីតាំងខេត្តកែប ជាកន្លែងប្រព្រឹត្តឧក្រិដ្ឋកម្មគ្រឿងញៀន

0

ភ្នំពេញ៖ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានគូសបញ្ជាក់ថា ទោះបីជាខេត្តកែបមិនទាន់ ក្លាយជាគោលដៅ នៃឧក្រិដ្ឋកម្មគ្រឿងញៀនក៏ដោយ ប៉ុន្តែត្រូវមានការប្រុងប្រយ័ត្ន សម្រាប់ពេលអនាគត កុំឲ្យជនឱកាសនិយមប្រើប្រាស់ ទីតាំងខេត្តនេះជាកន្លែង ប្រព្រឹត្តឧក្រិដ្ឋកម្មគ្រឿងញៀន។

សម្ដេចក្រឡាហោម បានលើកឡើងដូចនេះ ក្នុងឱកាសអញ្ជើញ ជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីប្រកាស ចូលកាន់មុខតំណែងអភិបាល អភិបាលរង នៃគណៈអភិបាលខេត្តខេត្តកែប នាព្រឹកថ្ងៃសុក្រ ទី២៩ ខែឧសភា ឆ្នាំ២០២០ នៅសាលាខេត្តកែប។

សម្ដេចក្រឡាហោម បានក្រើនរំលឹកថា គ្រឿងញៀនជាបញ្ហាចាំបាច់ ដែលត្រូវយកចិត្តទុកដាក់ ដូច្នេះអាជ្ញាធរខេត្តកែប និងកំពត ត្រូវចូលរួមទប់ស្កាត់ កុំឲ្យបញ្ហាគ្រឿងញៀន រីករាលដាលដល់សហគមន៍ និងប្រជាពលរដ្ឋនៅតាមមូលដ្ឋាន។

សម្ដេចមានប្រសាសន៍ថា ” កន្លងមក ខេត្តព្រះសីហនុ ពេលដែលមានការ វិនិយោគច្រើន ពួកឱកាសនិយម ឧក្រិដ្ឋកម្មគ្រឿងញៀនបាននឹងកំពុង យកកន្លែងនោះប្រើប្រាស់ ដើម្បីជួញដូរគ្រឿងញៀន។ ខេត្តកែបមិន ទាន់មានបញ្ហានេះទេ ប៉ុន្តែត្រូវប្រយ័ត្នសម្រាប់អនាគត ការទាក់ទាញ់ ការវិនិយោគកាន់តែច្រើន ជនឱកាសនិយម ឧក្រិដ្ឋកម្មគ្រឿងញៀនអាច យកកន្លែងនេះប្រើប្រាស់ក៏អាចថាបាន។ ខេត្តកែប និងកំពតមិនទាន់ ក្លាយជាកន្លែងគោលដៅឧក្រិដ្ឋជន ប្រើប្រាស់គ្រឿងញៀន ប៉ុន្តែយើងមិន ត្រូវធ្វេសប្រហែស ហើយត្រូវប្ដេជ្ញាទាំងអស់គ្នាថា កុំឲ្យគ្រឿងញៀនរីក សាយ ដល់សហគមន៍ ដែលនេះជាបញ្ហាសំខាន់ ដូចជាទៅដល់ជនបទ ភូមិ ផ្ទះប្រជាពលរដ្ឋ” ។

ជាងនេះទៀតសម្ដេចក្រឡាហោម ក៏បានស្នើដល់ស្ថាប័នពាក់ព័ន្ធ ឲ្យបន្តខិតខំប្រឹងប្រែងបង្ក្រាប បញ្ហាគ្រឿងញៀននេះ ពោលគឺមិនត្រូវមើលស្រាលបញ្ហានេះឡើយ ហើយត្រូវបំផុសឲ្យមានការ ចូលរួមគាំទ្របន្ថែមទៀតក្នុងការ ប្រយុទ្ធប្រឆាំងនឹងបញ្ហាគ្រឿងញៀននេះ។
ឆ្លៀតក្នុងឱកាសនោះផងដែរ សម្ដេចបានសម្ដែងការគាំទ្រ ដល់ការប្ដេជ្ញាចិត្តរបស់អភិបាលខេត្ត ទាក់ទងនឹងការបន្តខិតខំ អនុវត្តគោលនយោបាយភូមិ ឃុំ មានសុវត្ថិភាព ដែលជាគោលការណ៍មានប្រសិទ្ធិភាព និងមានឥទ្ធិពលក្នុង ការពង្រឹងសន្តិសុខ សណ្ដាប់ធ្នាប់សាធារណៈ សុវត្ថិភាពសង្គម៕