បើកប្រតិបត្តិការក្ដៅទាំងយប់ ចាប់បានឡាន ៣គ្រឿង ដឹកគ្រឿងសមុទ្រ ១១តោន មានចាក់លាយសារធាតុគីមី ហាមឃាត់

0

ភ្នំពេញ៖ នាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្រ្កាបការក្លែងបន្លំ (ក.ប.ប) សហការជាមួយនាយកដ្ឋាន នគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច បានចេញប្រតិបត្តិការ ស្ទាក់ឃាត់រថយន្ត ៣គ្រឿង រកឃើញគ្រឿងសមុទ្រមាន ផ្ទុកសារធាតុគីមីប្រមាណ ១១តោន  នៅខណ្ឌកំបូល និងខណ្ឌដង្កោ ។

ប្រតិបត្តិការចុះស្ទាក់ចាប់នេះ ធ្វើឡើងក្រោយទទួលបាន ការណែនាំពីលោក ផាន អូន អគ្គនាយក នៃអគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្រ្កាបការក្លែងបន្លំ (ក.ប.ប) នៅយប់រំលងអាធ្រាត ឈានចូលថ្ងៃថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២០នេះ មន្រ្តីនៃអគ្គនាយកដ្ឋាន ក.ប.ប. ដោយបានសហការជាមួយ នាយកដ្ឋាននគរបាល ប្រឆាំងបទល្មើសសេដ្ឋកិច្ច ដោយមានការសម្របសម្រួល ពីព្រះរាជអាជ្ញាអមសាលា ដំបូងរាជធានីភ្នំពេញ បានស្ទាក់ឃាត់រថយន្តដឹកគ្រឿងសមុទ្រចំនួន  ៣គ្រឿង គឺ១គ្រឿងនៅតាមបណ្តោយផ្លូវជាតិលេខ៤ ខណ្ឌកំបូល និង២គ្រឿងទៀត នៅតាមបណ្តោយផ្លូវជាតិលេខ៣ កែងនឹងផ្លូវព្រៃវែងពងទឹក សង្កាត់ពងទឹក ខណ្ឌដង្កោ រាជធានីភ្នំពេញ។

ក្នុងសកម្មភាពនោះដែរ មន្ត្រីជំនាញបានត្រួតពិនិត្យបឋម ទៅលើគ្រឿងសមុទ្រដែល មានផ្ទុកក្នុងរថយន្តទាំង ៣គ្រឿង ដើម្បីស្វែងរកសារធាតុគីមី ហាមឃាត់ដែលអាចធ្វើឱ្យប៉ះពាល់ ដល់សុខភាពប្រជាពលរដ្ឋ។

ជាលទ្ធផលមន្ត្រីជំនាញ បានរកឃើញបង្គា មានចាក់បញ្ចូលសារធាតុស្រដៀងចាហួយ និងក្តាម ម៉ឹកក្លាសេ ដែលពុំមានឯកសារច្បាស់លាស់ ចំនួន ៤៤៩ កេស ស្មើនឹងចំនួនសរុប ១១ តោន។

សូមបញ្ជាក់ផងដែរ ដោយមានការឯកភាព ពីលោកព្រះរាជអាជ្ញាអមសាលា ដំបូងរាជធានីភ្នំពេញ រថយន្ត និងវត្ថុតាង ត្រូវបានបញ្ជូនមកអគ្គនាយកដ្ឋាន ក.ប.ប. ដើម្បីបន្តចាត់ការតាមនីតិវិធីច្បាប់។ តាមការបញ្ជាក់របស់អគ្គនាយកដ្ឋាន ក.ប.ប. នឹងបន្តស្រាវជ្រាវ ស៊ើបអង្កេត និងអនុវត្តតួនាទីភារកិច្ចដែល ច្បាប់បានផ្តល់អាណត្តិឱ្យ ពាក់ព័ន្ធនឹងគុណភាព សុវត្ថិភាព ទំនិញ និងសេវា និងកិច្ចការពារអ្នកប្រើប្រាស់ ដើម្បីការពារសុខភាព និងផលប្រយោជន៍អ្នកប្រើប្រាស់ និងសូមអំពាវនាដល់ប្រជាពលរដ្ឋ ចូលរួមសហការផ្តល់ព័ត៌មាន ក្នុងករណីមានការសង្ស័យពាក់ព័ន្ធការក្លែងបន្លំ គុណភាព សុវត្ថិភាព ទំនិញ និងសេវា៕