ភ្នំពេញ៖ គម្រោងជួសជុលថែទាំកំណាត់ផ្លូវនេះ មានប្រវែងសរុបចំនួន ៤៩,៨៨ គីឡូម៉ែត្រ ចាប់ពីចំណុចរង្វង់មូល ព្រលានយន្តហោះខេត្តសៀមរាប ដល់ស្រុកក្រឡាញ់ ក្រាលបេតុងកៅស៊ូ (AC) ចន្លោះពី៥ទៅ១០សង់ទីម៉ែត្រ ក្រោមឥណទានប្រាក់កម្ចី ពីធនាគារអភិវឌ្ឍន៍អាស៊ីប្រមាណ ១០.៤២០.៥២២ ដុល្លារសហរដ្ឋអាមេរិក ចំណាយរយៈពេល ១៨ខែ ជួសជុលថែទាំដោយក្រុមហ៊ុន Poly Changda Engineering Co.,Ltd ត្រួតពិនិត្យបច្ចេកទេសដោយក្រុមហ៊ុន Korea Consultants International (KCI) បានចាប់ផ្ដើមអនុវត្តគម្រោងតាំងពីខែធ្នូ ឆ្នាំ២០១៨ រហូតមកទល់ពេលនេះសម្រេចបាន ៩៤% ហើយ។
ថ្លែងទៅកាន់ក្រុមអ្នកសារព័ត៌មាន ក្នុងបេសកកម្ម ដឹកនាំគណៈប្រតិភូក្រសួង និងក្រុមអ្នកជំនាញពាក់ព័ន្ធ ចុះពិនិត្យគម្រោងជួសជុលថែទាំ កំណាត់ផ្លូវជាតិលេខ៦ លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានគួសបញ្ជាក់ថា ក្រុមហ៊ុនបានអនុវត្តត្រឹមត្រូវ អាចទទួលយកបាន ស្របតាមលក្ខណៈបច្ចេកទេស ដែលមានចែងក្នុងសៀវភៅបន្ទុក និងបទដ្ឋានដែលយើងចង់បាន។
ឆ្លៀតក្នុងឱកាសនោះផងដែរ លោកទេសរដ្ឋមន្ត្រីបានណែនាំ ឱ្យមន្ត្រីជំនាញរបស់ ក្រសួងសាធារណការ និងដឹកជញ្ជូន ចុះតាមដាន ត្រួតពិនិត្យការសាងសង់ជាប្រចាំ លើអ្នកត្រួតពិនិត្យបច្ចេកទេស ទើបយើងអាច ធ្វើផ្លូវមានគុណភាពរឹងមាំ អាចប្រើប្រាស់ជាប់បានយូរអង្វែង។
លោកទេសរដ្ឋមន្ត្រី បានអំពាវនាវដល់អ្នកប្រើប្រាស់ ផ្លូវសូមគោរពច្បាប់ចរាចរណ៍ ឱ្យបានខ្ជាប់ខ្ជួនទាំងអស់គ្នា មិនត្រូវបើកបរហួសល្បឿន កំណត់ដោយច្បាប់ កុំវ៉ាជែងគ្មានការប្រុងប្រយ័ត្ន កុំប្រើប្រាស់គ្រឿងញៀន កុំសេពគ្រឿងស្រវឹងពេលបើកបរ កុំប្រើទូរសព្ទពេលបើកបរ ពាក់ខ្សែក្រវាត់និងពាក់មួកសុវត្ថិភាព ឱ្យបានត្រឹមត្រូវពេលបើកបរ ៕