គ្រាន់តែស្រមៃក៏រំភើប! តាមដងវិថីនៃខេត្តព្រះសីហនុ នឹងពោរពេញដោយ ផ្កានិងដើមឈើលំអរ

0

ភ្នំពេញ ៖បើគ្មានអ្វីប្រែប្រួល ខេត្តព្រះសីហនុ ដែលជាខេត្តមួយពោរពេញទៅសក្ដានុពលទាំងផ្នែកសេដ្ឋកិច្ច ពាណិជ្ជកម្ម និងទេសចរនឹងក្លាយជាខេត្តមួយមាន សោភ័ណភាព បន្ថែមមួយកំរិតទៀត ដោយរដ្ឋបាលខេត្តបានដាក់ចេញនូវផែនការ ដាំដើមផ្កា និងដើមឈើ ០៩ប្រភេទផ្សេងៗគ្នា ដើម្បីលម្អតាមដងផ្លូវ លើកស្ទួយសោភ័ណភាពក្រុង ជាលំនឹងបរិស្ថាន និងទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិ។នេះបើយោងតាម រដ្ឋបាលខេត្តព្រះសីហនុ។

នៅក្នុងកិច្ចប្រជុំការរៀបចំដាំរុក្ខជាតិ ក្នុងគម្រោងអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ ផ្លូវក្រុង ក្នុងខេត្តព្រះសីហនុ ចំនួន ៣៤ខ្សែ នៅថ្ងៃទី២៨ខែឧសភា ឆ្នាំ២០២០ លោក គួច ចំរើន អភិបាល ខេត្តព្រះសីហនុ បានគូសបញ្ជាក់ថា ការរៀបចំដាំរុក្ខជាតិនៅតាមដងផ្លូវទាំង៣៤ខ្សែ ក្នុងខេត្តព្រះសីហនុ ដែលមានផ្កា និងដើមឈើ ០៩ប្រភេទផ្សេងៗគ្នា ដើម្បីលម្អតាមដងផ្លូវ លើកស្ទួយសោភ័ណភាពក្រុងជាលំនឹងបរិស្ថាន និងទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិផងដែរ។

រដ្ឋបាលខេត្តសម្រេចបង្កើត ក្រុមការងារ ៤ក្រុម ដើម្បីរៀបចំចុះពិនិត្យទីតាំង នៃការដាំដើមឈើ នៅតាមបណ្តោយដងផ្លូវទាំង៣៤ខ្សែ ក្នុងខេត្តព្រះសីហនុ។

ដើមឈើ និងផ្កាដែលត្រូវយកមកដាំ លម្អតាមដងផ្លូវទាំង ៣៤ខ្សែ ក្នុងក្រុងព្រះសីហនុ រួមមាន:

. ដើមរាជ្យព្រឹក្ស ដាំនៅតាមដងផ្លូវ មហាវិថីរាម  វិថីជោត្តញាណ  វិថីបុរីកម្មករ  វិថីគុជអាស៊ី  វិថីអូរឈើទាលកំណាត់១ ផ្លូវលេខ៥០៣. ៥០៥. ៥០៧. ៨០១. ៦០២  វិថីឆ្នេរអូឈើទាល និងវិថីឆ្នេរអូត្រេះ

.ដើមផ្កាចា ដាំនៅតាមដងផ្លូវ មហាវិថីឆ្នេររាម  មហាវិថីជំទាវម៉ៅ  វិថី២ធ្នូ(ចាប់ពីស្ពានព្រែកទប់ដល់ព្រះរាជដំណាក់)  វិថីឆ្នេរអូរឈើទាល និងវិថីឆ្នេរអូត្រេះ

.ដើមនាងនួន ដាំតាមដងផ្លូវ វិថីសែនត្រជាក់ចិត្ត  វិថីឆ្នេរពយជំទាវម៉ៅ  វិថីលេខ៨៣៧  វិថីកោះពូឡូវ៉ៃ  វិថីឆ្នេរអូរឈើទាល និងវិថីឆ្នេរអូរត្រេះ

.ដើមធ្នង់ ដាំនៅតាមដងផ្លូវវិថីមិត្តភាពកម្ពុជារុស្ស៉ី លេខ៧០៥ វិថី២៨មិថុនា វិថី២ធ្នូ (ចាប់ពីរង្វង់មូលតោពីរដល់ផ្លូវកែងកែវវិថី២៨មិថុនា)  វិថីឆ្នេរអូរឈើទាល និងវិថីអូរត្រេះ

.ដើមឥន្ទនេល ដាំនៅតាមដងផ្លូវ វិថីឯករាជ្យ  វិថីលំហែព្រះភូមិន្ទ វិថីអូត្រេះកំណាត់ទី៣ ដល់ស្ពានសែនត្រជាក់ចិត្ត  ផ្លូវកាត់ទទឹងអូរត្រេះ វិថីឆ្នេរអូរឈើទាល និងវិថីឆ្នេរអូរត្រេះ

.ដើមក្ងោក ដាំតាមដងផ្លូវលេខ៨០៦  ផ្លូវលេខ ១០៦ ផ្លូវលេខ៨១០ ផ្លូវលេខ ៨១៨៨  ផ្លូវលេខ១០២ វិថីឆ្នេរអូរឈើទាល និងវិថីឆ្នេរអូរត្រេះ

.ដើមបូរព្រឹក្ស ដាំតាមដងផ្លូវ វិថីអូត្រេះ  វិថី២ធ្នូ (ចាប់ពីផ្លូវកែងវិថី២៨ មិថុនា ដល់ស្ពានព្រែកទប់) វថីឆ្នេរអូរឈើទាល និងវិថីឆ្នេរអូរត្រេះ

.ដើមរំដួល ដាំតាមដងផ្លូវលេខ១១៥  វិថីឆ្នេរអូរឈើទាល និងវិថីឆ្នេរអូរត្រេះ

.ដើមផ្កាក្រដាស ដាំតាមមហាវិថីរាម មហាវិថីឆ្នេររាម  មហាវិថីជំទាវម៉ៅ ចំនួនដើមឈើ និងរុក្ខជាតិលម្អដែលគ្រោងនឹងធ្វើការដាំមានចំនួន ១៣,៣៤០ដើម ហើយចំនួនផ្កាក្រដាសសរុបទាំង ៣មហាវិថី មានចំនួន ៦០,២០០គុម្ព៕