ក្រុមឧក្រិដ្ឋជន គ្រឿងញៀន យកឱកាសកូវីដ១៩ ធ្វើសកម្មភាពកាន់តែ ខ្លាំងក្លាជាងមុន

0

ភ្នំពេញ៖ នាយឧត្តមសេនីយ៍ មាស វិរិទ្ធ អគ្គលេខាធិការនៃ អាជ្ញាធរជាតិប្រយុទ្ធប្រឆាំង គ្រឿងញៀន បានលើកឡើងថា ក្រុមឧក្រិដ្ឋជនគ្រឿងញៀនអន្តរជាតិ ដែលមានអង្គការចាត់តាំង បានយកឱកាសនៃការរីករាលដាលជំងឺកូវីដ១៩ ធ្វើសកម្មភាព ល្មើសច្បាប់កាន់តែសកម្ម និងខ្លាំងក្លាជាងមុន ដែលកំពុងក្លាយជាឧបសគ្គរារាំង ដល់ការអនុវត្តផែនការ អនុតំបន់ដែលរៀបចំដោយអង្គការ UNODC ។

ក្នុងកិច្ច ប្រជុំតាមប្រព័ន្ធអនឡាញ ជាមួយប្រទេសហត្ថលេខី អនុ ស្សារណៈ នៃការយោគយល់គ្នា (MOU) ស្តីពីការត្រួត ពិនិត្យគ្រឿង ញៀន ក្នុងមហាអនុតំបន់ទន្លេមេគង្គ ដែលមានកម្ពុជា ចិន ភូមា ឡាវ ថៃ វៀតណាម និងអង្គការសហប្រជាជាតិ ទទួលបន្ទុកគ្រឿង ញៀន និងឧក្រិដ្ឋកម្ម UNODC នៅថ្ងៃទី២៧ ឧសភានេះ នាយឧត្តមសេនីយ៍ មាស វិរិទ្ធ បានមានប្រសាសន៍ថា ដោយសារបញ្ហា Covid-19 យើងពុំទាន់ អនុវត្តន៍បាននូវផែនការ សកម្មភាពត្រួតពិនិត្យ គ្រឿងញៀនអនុតំបន់ទី១១ ក្រោមការជួយឧបត្ថម្ភរបស់អង្គការ UNODC ឡើយ និងសុំស្នើអង្គប្រជុំ របស់យើងជជែកពិភាក្សាគ្នា រកឲ្យឃើញនូវដំណោះស្រាយ សមស្របណាមួយដើម្បីអនុវត្តន៍ ផែនការសកម្មភាពអនុតំបន់នេះ ឈានទៅឆ្លើយតប ឲ្យបានទៅនឹងការគំរាមកំហែង ដោយគ្រឿងញៀនបច្ចុប្បន្ននេះ។

លោកនាយឧត្តមសេនីយ៍ បញ្ជាក់ថា «ស្របពេលដែលយើងមានបញ្ហាជំងឺ Covid-19 កិច្ចសហប្រតិ បត្តិការ គ្នាទាំងក្នុងតំបន់ និងលើសកលលោកមានការធ្លាក់ចុះ បានធ្វើឲ្យ ក្រុមឧក្រិដ្ឋជនអន្តរជាតិ ដែលមានអង្គការចាត់តាំង បានបង្កើនការឃុបឃិត ជាមួយពួកឧក្រិដ្ឋគ្រឿងញៀនក្នុងស្រុក ធ្វើសកម្មភាពល្មើសច្បាប់កាន់តែសកម្ម និងខ្លាំងក្លាជាងមុន ដែលបាននឹងកំពុងក្លាយជា ឧបសគ្គរា រាំងក្នុងការអនុវត្តផែនការ អនុតំបន់ដែលរៀបចំដោយអង្គការ UNODC» ។

ជាមួយគ្នានោះ កម្ពុជា ក៏បានចូលរួមសកម្មភាពជាមួយតំបន់ និងសាកល លោក ក្នុងខិតខំប្រឹងប្រែង បង្ការ ទប់ស្កាត់ ដោយយកចិត្តទុកដាក់ និង ទទួលខុសត្រូវខ្ពស់នូវយុទ្ធសាស្រ្ត ពហុវិស័យស្តីពីការងារ ត្រួតពិនិត្យគ្រឿងញៀន និងបន្តអនុវត្តយ៉ាងសកម្មនូវ យុទ្ធនាការ ប្រយុទ្ធប្រឆាំង គ្រឿង ញៀនខុសច្បាប់ទូទាំងប្រទេស ក្នុងឆ្នាំ២០១៩ បង្រ្កាបបានបទ ល្មើសគ្រឿងញៀនចំនួន ៩៨០៦ករណី ឃាត់ខ្លួនជនសង្ស័យ បាន ២០.៤៩០នាក់ ចាប់យកគ្រឿងញៀនគ្រប់ប្រភេទ បាន ៧៥០គីឡូក្រាម ៕