អភិបាលរាជធានីភ្នំពេញ ឲ្យតាមដានជាប្រចាំ ចំពោះករណីលួចជីកកាយផ្លូវ ហើយមិនទទួលខុសត្រូវ

0

ភ្នំពេញ៖ ដោយសង្កេតឃើញកន្លងមកនេះ មានករណីលួចជីកកាយឬខួងផ្លូវ ធ្វើឲ្យខូចផ្លូវហើយគ្មានអ្នកទទួលខុសត្រូវ ក្នុងការជួសជុលឡើងវិញនោះ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានស្នើឲ្យអាជ្ញាធរមូលដ្ឋាន ដែលមានសង្កាត់ ខណ្ឌ និងមន្ទីរជាដើម ត្រូវត្រួតពិនិត្យមើល ជាប្រចាំចំពោះបញ្ហានេះ ។

ក្នុងពិធីបើកកិច្ចប្រជុំស្ដីពី ការជួសជុលគន្លងខ្សែកាបអាកាស ដែលបានជីកកប់ ក្រោម ដី ក្នុងភូមិសាស្រ្តរាជធានីភ្នំពេញ កាលពីថ្ងៃទី២៦ ឧសភា លោកអភិបាលរាជធានីភ្នំពេញ បានមានប្រសាសន៍ថា ទោះបីមានលិខិតអនុញ្ញាតក៏ដោយ ក៏ត្រូវតែពិនិត្យស្ថាន ភាព ជាក់ស្តែងដែរតើការជីក ឬឃួងផ្លូវរបស់អង្គភាពនោះ មានផលប៉ះពាល់អ្វីដែរឬទេ និងមានការទទួលខុសត្រូវបែបណា ពីអង្គភាពទាំងនោះ។ លោកថា ទន្ទឹមនេះត្រូវតែមានកិច្ចសន្យា ជាក់លាក់ថាក្រោយពេលជីកកាយកប់ ឬខូងផ្លូវហើយ ក្រុមហ៊ុនទាំងនោះ ត្រូវតែជួសជុល ឲ្យបានត្រឹមត្រូវតាមបទដ្ឋានដើម ដោយធានានូវគុណភាពផ្លូវ។

លោក ឃួង ស្រេង បានស្នើឱ្យ សមត្ថកិច្ចមូលដ្ឋាន ដែលមានសង្កាត់ ខណ្ឌ និងមន្ទីរជាដើម ត្រូវតែពិនិត្យមើលជាប្រចាំ ដើម្បីឱ្យបានដឹងថា ក្នុងមូលដ្ឋានរបស់ខ្លួន ដើម្បីឱ្យដឹងថា មានកន្លែងណាជីកកាយ ឬខូង ផ្លូវ ព្រោះកន្លងមកនេះ មានករណីលួចជីកកាយ និងខួងផ្លូវហើយអាជ្ញាធរ មិនបាន ដឹង ដែលធ្វើឱ្យខូចផ្លូវហើយ និងគ្មានអ្នកទទួលខុសត្រូវ ក្នុងការជួសជុលឡើងវិញ។

លោកអភិបាលរាជធានី ក៏បានស្នើឱ្យពិនិត្យឡើងវិញ ចំពោះរថយន្តដឹកខ្សាច់ ដែលបង្កឱ្យ ជ្រុះខ្សាច់ ប្រឡាក់ផ្លូវ និងមានដីហុយធ្វើឱ្យប៉ះពាល់បរិស្ថាន និងសោភណភាពក្នុងរាជធានី ភ្នំពេញ ហើយបើរកឃើញក្រុមហ៊ុនដឹកដី ឬដឹកខ្សាច់ណាមិនទទួលខុសត្រូវ លើបញ្ហា បោស សម្អាត ត្រូវបញ្ឈប់ជាបន្ទាន់ ជាពិសេសតាមបណ្តោយផ្លូវជាតិលេខ៥ ៕