ភ្នំពេញ៖ លោក Pablo Chiho Kang ឯកអគ្គរដ្ឋទូតអូស្ត្រាលី ប្រចាំកម្ពុជា បានលើកឡើងជាទស្សនៈថា កម្ពុជាគឺជាគោលដៅ ទេសចរណ៍ដំបូងគេ ដែលភ្ញៀវទេសចរអន្តរជាតិ ត្រូវត្រលប់មកទស្សនាកម្សាន្តវិញ ក្រោយវិបត្តិកូវីដ១៩ រលាយបាត់អស់ នៅទូទាំងពិភពលោក ។នេះបើយោងតាមក្រសួងទេសចរ។
ក្នុងឱកាសជួបពិភាក្សាការងារ ជាមួយលោក ថោង ខុន នៅទីស្ដីការក្រសួងទេសចរណ៍ នារសៀលថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២០ លោក Pablo Chiho Kang បានលើកឡើងថា ដោយសារលោកបានទៅទស្សនកិច្ច ដោយផ្ទាល់នៅតាមគោលដៅទេសចរណ៍នានា តាំងតែពីលោកបានមកដល់ប្រទេសកម្ពុជា ប្រទេសក្នុងក្ដីស្រមៃរបស់លោកលើកដំបូង ដូចជានៅសៀមរាប-អង្គរ តំបន់ឆ្នេរសមុទ្រ (ព្រះសីហនុ កំពត កែប កោះកុង) ខេត្តបាត់ដំបង ភូមិភាគឦសានជាដើម ដោយលោកបានកោតសរសើរថា នៅតំបន់ទាំងនោះ គឺពិតជាស្រស់ស្អាតប្លែកភ្នែក និងមានភាពទាក់ទាញខ្ពស់ ដែលជាក្ដីប៉ងប្រាថ្នារបស់ភ្ញៀវទេសចរ។
លោកឯកអគ្គរដ្ឋទូត បានបន្ត ព័ត៌មានអំពីសក្ដានុពលទេសចរណ៍ ទិដ្ឋភាព ទេសភាពដ៏ស្រស់ត្រកាលមាននៅកម្ពុជានេះ លោកក៏មានផ្សព្វផ្សាយទៅកាន់ប្រជាពលរដ្ឋ និងភ្ញៀវទេសចរ នៅប្រទេសកំណើត របស់លោកដែរ ក្នុងនោះមានភ្ញៀវទេសចរច្រើនណាស់ ដែលចង់មកទស្សនាកម្ពុជា ក្រោយវិបត្តិជំងឺកូវីដ១៩ រសាត់ផុតទៅ។
ម្យ៉ាងវិញទៀត កិត្តិនាមមនុស្សធម៌សប្បុរសធម៌ ដែលប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្ដេចតេជោ ហ៊ុន សែន បានសណ្ដោសប្រណីចំពោះ ភ្ញៀវទេសចរនៅលើនាវា Westerdam ឱ្យចូលចតនៅ ក្រុងព្រះសីហនុនោះ គឺពិតជាមានភាព ល្បីសុះសាយខ្លាំង នៅក្នុងសង្គមអូស្ត្រាលី ដូច្នេះហើយប្រជាពលរដ្ឋច្រើនណាស់ តែងតែចង់មកទស្សនា ដោយផ្ទាល់នៅលើទឹកដី ករុណាធម៌មួយនេះ។
ចំណែកលោក ថោង ខុន ក៏បានបង្ហាញការ អរគុណចំពោះការ ចូលរួមរបស់ស្ថានទូតអូស្ត្រាលី ក៏ដូចជាលោកឯកអគ្គរដ្ឋទូត ផ្ទាល់ ដែលមានក្ដីស្រលាញ់ យ៉ាងជ្រាលជ្រៅចំពោះប្រទេសកម្ពុជា។ ជាមួយគ្នានោះ លោករដ្ឋមន្ត្រីក៏បានស្នើឱ្យ មានការផ្សព្វផ្សាយ បន្ថែមកាន់តែខ្លាំង ពីគោលដៅទេសចរណ៍ នៅកម្ពុជាទៅកាន់ប្រជាពលរដ្ឋ និងភ្ញៀវទេសចរនៅប្រទេសអូស្ត្រាលី ខណៈកម្ពុជាកំពុងខិតខំ អភិវឌ្ឍន៍គោលដៅទេសចរណ៍ របស់ខ្លួនយ៉ាងយកចិត្តទុកដាក់ និងបង្កើនស្ដង់ដា ការពារសុវត្ថិភាព សុខភាព កាន់តែមានប្រសិទ្ធភាព ជាងមុន ត្រៀមទទួលវត្តមានភ្ញៀវទេសចរ ដែលនឹងត្រលប់មក ទស្សនានៅពេលក្រោយ វិបត្តិជំងឺកូវីដនេះ។ មិនតែប៉ុណ្ណោះ លោករដ្ឋមន្រ្តី ក៏បានស្នើសុំឱ្យ រដ្ឋាភិបាលអូស្ត្រាលី ជួយផ្ដល់អាហារូបករណ៍ ដល់និស្សិតកម្ពុជាបន្តទៀត។ បច្ចុប្បន្នមាននិស្សិតកម្ពុជា ប្រមាណ ៣,៥០០នាក់ កំពុងសិក្សា នៅប្រទេសអូស្ត្រាលី ដោយទទួលបានអាហារូបករណ៍ ពីរដ្ឋាភិបាលក្រុងកង់បេរ៉ា ក្នុងនោះក៏មានមុខ វិជ្ជាទេសចរណ៍ផងដែរ។
ឆ្លៀតក្នុងឱកាសនោះផងដែរ លោក ថោង ខុន បានស្នើទៅកាន់រដ្ឋាភិបាលអូស្ត្រាលី តាមរយៈលោកឯកអគ្គរដ្ឋទូត Pablo Chiho Kang ជួយពន្លឿនការរៀបចំ ឱ្យមានជើងហោះហើរត្រង់ កម្ពុជា-អូស្ត្រាលី ដើម្បីជំរុញឱ្យមានកំណើន ទេសចរកាន់តែច្រើន ខណៈចំនួនភ្ញៀវទេសចរ ពីអូស្ត្រាលីមកកម្ពុជា មានការកើនឡើង គួរឱ្យកត់សម្គាល់ (នៅឆ្នាំ២០១៩ មានចំនួនប្រមាណ១២ម៉ឺននាក់)។ កន្លងមក ដើម្បីធ្វើដំណើរទៅមកកម្ពុជា-អូស្ត្រាលី ភ្ញៀវទេសចរ និងអ្នកដំណើរត្រូវឆ្លងកាត់ប្រទេសថៃ ឬប្រទេសសិង្ហបុរីមួយដំណាក់សិន មុនចូលមកដល់ប្រទេសកម្ពុជា ឬទៅដល់ប្រទេសអូស្ត្រាលី។
ជាកាឆ្លើយតបនឹងសំណើទាំងខាងលើនេះ លោកឯកអគ្គរដ្ឋទូត Pablo Chiho Kang ទទួលយកទាំងក្ដីរីករាយ ដោយបានសន្យាថានឹងលើកឡើង ជូនរដ្ឋាភិបាលរបស់លោក សំដៅបន្តរឹតចំណង មិត្តភាពកម្ពុជា-អូស្ត្រាលី ឱ្យកាន់តែល្អប្រសើរខ្លាំងឡើង ៕