ភ្នំពេញ៖ លោក Ermenegildo ” Kupa ” ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋ ប្រជាធិបតេយ្យទីម័រខាងកើត បានលើកឡើងថា លោកមកបំពេញបេសកកម្ម ការងារនៅក្នុងប្រទេសកម្ពុជា នាពេលនេះ គឺជាពេលវេលាដ៏ពិបាកមួយ នៃជំងឺកូវីដ១៩ ដែលពិភពលោកកំពុងជួបប្រទះ ទោះជាយ៉ាងណាក៏ដោយ ពុំមានការភិតភ័យដែរ ផ្ទុយទៅវិញឃើញថា វិធានការរបស់សម្ដេចតេជោ បានគ្រប់គ្រងស្ថានភាព បានយ៉ាងល្អប្រសើរ ក្នុងន័យនេះលោកសូមគោរព ថ្លែងនូវការសាទរ ចំពោះប្រជាជននិង រដ្ឋាភិបាលកម្ពុជាផងដែរ ដែលបានទប់ស្កាត់ ការរាតត្បាតមេរោគកូវីត១៩ បានយ៉ាងជោគជ័យ ។
ក្នុងជំនួប ជាមួយសម្ដេចតេជោ ហ៊ុន សែន នៅថ្ងៃនេះលោក Kupa បានជម្រាបជូន សម្ដេចតេជោផងដែរថា និស្សិតរបស់ទីម័រឡែស ក៏ដូចជាមន្ត្រីស្ថានទូតទាំងអស់ គឺទទួលបាននូវសុវត្ថិភាពល្អ។ លើសពីនេះទៅទៀត លោកទូតលើកឡើងថា នៅក្នុងបេសកកម្មកាទូត របស់លោកមកកម្ពុជា នៅពេលនេះនឹងពិនិត្យមើលឡើងវិញ រាល់អនុស្សារណៈទាំងឡាយដែលបានចុះរួមគ្នាកន្លងមក និងធ្វើយ៉ាងណាជំរុញការដាក់ដំណើរការអនុសារណៈទាំងអស់នោះ អោយទទួលបានជោគជ័យ។
លោក នឹងបន្តធ្វើការជាមួយ ក្រសួងកសិកម្ម ដើម្បីរៀបចំការនាំអង្ករ ចេញទៅប្រទេសទីម័រឡែស និងធ្វើការជាមួយ ក្រសួងរ៉ែនិងថាមពល រួមនឹងក្រសួងដទៃទៀត ដើម្បីជំរុញកិច្ចសហប្រតិបត្តិការ រវាងប្រទេសទាំងពីរ ឲ្យមានវិសាលភាពកាន់តែធំឡើង។
ជាការឆ្លើយតប សម្ដេចតេជោ ហ៊ុន សែន បានសម្ដែងនូវការអបអរសាទរ ចំពោះឯកឧត្តមដែលត្រូវបានតែងតាំងជាឯកអគ្គរដ្ឋទូតទីម័រឡែស ប្រចាំនៅកម្ពុជា។
សម្តេចក៏បានអរគុណចំពោះ ការផ្ដាំផ្ញើសួរសុខទុក្ខ ពីសំណាក់នាយករដ្ឋមន្ត្រី និងប្រធានាធិបតីទីម័រឡែស ចំពោះសម្ដេចតេជោ។
សម្ដេចតេជោ បានមានប្រសាសន៍អរគុណចំពោះ ការវាយតម្លៃរបស់ទីម័រឡែស ពាក់ព័ន្ធទៅនឹងជំងឺកូវីដ១៩ នៅកម្ពុជា។ ហើយកន្លងមកនេះកម្ពុជា ក៏បានឆ្លងជំងឺកូវីដ១៩ ចំនួន១២២នាក់ ហើយ១២២ នាក់នេះក៏បាន ជាសះស្បើយផងដែរ។តែជំងឺនេះមិនទាន់ចប់នៅឡើយយើងត្រូវតែមានការប្រុងប្រយ័ត្នជាបន្តទៀតព្រោះជំងឺនេះ។
សម្ដេចតេជោក៏បាន មានប្រសាសន៍ផងដែរ តាមរយៈបទពិសោធន៍ កន្លងមកនេះ គឺការទប់ស្កាត់ជំងឺកូវីដ១៩ គឺមិនសំអាងទៅលើ វិទ្យាសាស្ត្រខ្ពស់នោះទេ គឺសំអាងទៅលើសមត្ថភាព នៃការគ្រប់គ្រង ការរាតត្បាតនៃជំងឺនេះ។
ឆ្លៀតក្នុងឱកាសនេះ សម្ដេចតេជោក៏បានសម្ដែង នូវអំណរអរគុណប្រទេសទីម័រឡែស ដែលបានគ្រប់គ្រង ស្ថានភាពពិសេសជំងឺកូវីដ១៩ បានដែលមានការឆ្លងរាតត្បាតតិចបំផុត ហើយអ្នកជំងឺទាំងអស់ ក៏បានជាសះស្បើយផងដែរ។
សម្ដេចតេជោក៏បានសម្ដែង នូវអំណរគុណប្រទេសទីម័រឡែស ដែលបានផ្ដល់នូវម៉ាស ជូនដល់ប្រទេសកម្ពុជា ជាការចូលរួមចំណែក ទប់ស្កាត់ការរាតត្បាត នៃជំងឺកូវីដ១៩។ ហើយពាក់ព័ន្ធទៅនឹង ការនាំអង្ករ ទៅប្រទេសទីម័រឡែស សម្តេចតេជោបាន ផ្ដល់អនុសាសន៍ថា គប្បីណាបញ្ជូន ក្រុមហ៊ុនរបស់ទីម័រឡែស ដើម្បីអោយមានស្ថានទីតាំង នៅកម្ពុជាយើងដើម្បីរៀបចំឲ្យមានឃ្លាំង រោងចក្រមានកន្លែងសម្ងួត ដូចជាមានបណ្ដាញទិញ ដើម្បីធ្វើយ៉ាងណាប្រមូលទិញ ឱ្យបានគ្រប់គ្រាន់ ដើម្បីធ្វើការនាំចេញ ទៅប្រទេសទីម័រឡែស។
លើសពីនេះទៅទៀត សម្ដេចតេជោក៏បានផ្ដល់ អនុសាសន៍អោយធ្វើយ៉ាងណា រួមសហការគ្នាដើម្បីចែករំលែក នូវបទពិសោធន៍គ្នា ទៅវិញទៅមក អ្វីដែលកម្ពុជាមាននិងអ្វីដែលទីម័ឡែសមាន។ ហើយ លោក Kupa ក៏បានគោរពសូមការណែនាំ អនុសាសន៍ផ្សេងៗពីសម្ដេចតេជោ។
សម្តេចតេជោ ក៏បានជម្រាបជូនលោក Kupa អំពីមូលហេតុ៤យ៉ាង ដែលកម្ពុជាសម្រេចចូល ជាសមាជិកអាស៊ាន និងបានចែករំលែកបទពិសោធន៍ ពីកម្ពុជាមានពាក់ព័ន្ធទៅនឹង ដំណើរការជាមួយ នឹងសមាជិកអាស៊ាន៕