ថៃផ្ដល់ថវិកា ២លានបាត ដល់កម្ពុជា ដើម្បីទប់ស្កាត់ និងប្រយុទ្ធប្រឆាំង ជំងឺកូវីដ-១៩

0

ភ្នំពេញ៖ ក្នុងឱកាសខួបលើកទី ៧០ឆ្នាំ នៃទំនាក់ទំនងការទូតរវាងកម្ពុជា និងថៃលោកប៉ានយ៉ារ៉ាក់ ពុលថាប់ (Panyarak Poolthup ) ឯកអគ្គរាជទូតថៃ ប្រចាំព្រះរាជណាចក្រកម្ពុជា បាននាំយកថវិកាចំនួន២លានបាត ដើម្បីប្រគល់ ជូនសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា ក្នុងការចូលរួមចំណែក ទប់ស្កាត់ការប្រយុទ្ធប្រឆាំង ជំងឺកូវីដ១៩ នៅកម្ពុជា។

ក្នុងជំនួបជាមួយ សម្ដេចតេជោ ហ៊ុន សែន នៅថ្ងៃនេះលោក ប៉ាន យ៉ារ៉ាក់ ជាថ្មីម្ដងទៀត បានសំដែងនូវការចូលរួមរំលែក មរណៈទុក្ខជាមួយ សម្តេចតេជោចំពោះការបាត់បង់ម្ដាយក្មេក របស់សម្តេចកន្លងមក។

លោកក៏បានសម្តែងនូវអំណរសាទរ យ៉ាងជ្រាលជ្រៅ ជាទីបំផុត ជូនសម្ដេចតេជោ ដែលបានដាក់វិធានការ យ៉ាងប្រាកដនិយម ក្នុងការទប់ស្កាត់ជំងឺ កូវីដ១៩ អំពីការរាតត្បាតនៅកម្ពុជា។

លោកបានគូសបញ្ជាក់ថា វិធានការដែលរាជរដ្ឋាភិបាល បានដាក់ចេញនេះគឺមានប្រសិទ្ធភាពខ្ពស់ ហើយទប់ស្កាត់ មិនឲ្យមានការរាតត្បាត នៅកម្ពុជាទៀតឡើយ។

លោកក៏បានរាយការណ៍ ជូនសម្ដេចអំពីសកម្មភាព របស់ស្ថានទូតថៃប្រចាំកម្ពុជា គឺលោកបានធ្វើការជាមួយនឹង ក្រុមហ៊ុនថៃ នៅកម្ពុជាដោយបានធ្វើការណែនាំ ធ្វើយ៉ាងណាមិនឲ្យក្រុមហ៊ុនទាំងនោះ តម្លើងតំលៃទំនិញ នៅកម្ពុជា និងបានធ្វើការជាមួយក្រុមហ៊ុនទាំងនោះ ឲ្យមានការចែករំលែក នូវសម្ភារៈ ដូចជាសម្ភារៈអនាម័យ មានម៉ាក់ដើម្បីចូលរួម ចំណែកទប់ស្កាត់ ការរីករាលដាលជំងឺកូវីដ១៩ នៅកម្ពុជា។ ជាពិសេស លោកក៏បានណែនាំនិងធ្វើការជាមួយ ក្រុមហ៊ុនថៃទាំងអស់ ដោយធ្វើយ៉ាងណាគោរព នូវរាល់វិធានការទាំងឡាយ របស់ក្រសួងសុខាភិបាល ដែលបានដាក់ចេញមក។

ជាការឆ្លើយតប សម្ដេចតេជោនាយករដ្ឋមន្ត្រី បានថ្លែងអំណរគុណចំពោះ ឯកអគ្គរាជទូតថៃ ដែលបានអញ្ជើញ ទៅគោរពវិញ្ញាណក្ខន្ធមាតាក្មេក របស់សម្ដេចដល់គេហដ្ឋាន ហើយនាំនូវសារសួរសុខទុក្ខ និងការចែករំលែកទុក្ខ ពីលោកនាយករដ្ឋមន្រ្តីថៃផងដែរ។ សម្តេចក៏បានអរគុណចំពោះ ការចូលរួមប្រយុទ្ធប្រឆាំងនឹងជំងឺ covid-19 របស់ស្ថានទូតថៃ ដូចជារបស់ប្រជាជនថៃ និងរាជរដ្ឋាភិបាលថៃជាមួយកម្ពុជា។

សម្ដេចតេជោ មានប្រសាសន៍ថា វាជាការឆ្លុះបញ្ចាំង នៃការសាមគ្គីភាពរវាងកម្ពុជានឹងថៃ ក៏ដូចជាប្រជាជនកម្ពុជានិងប្រជាជនថៃផងដែរ។
សម្ដេចតេជោបានវាយតម្លៃខ្ពស់ ចំពោះវិធានការ ដែលរាជរដ្ឋាភិបាលថៃ បានដាក់ចេញក្នុងការទប់ស្កាត់ ប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩។

សម្ដេចតេជោមាន ប្រសាសន៍ថា វិធានការទាំងឡាយ ដែលដាក់ចេញដោយរាជរដ្ឋាភិបាលថៃ គឺមានភាពប្រាកដនិយម។ ក្នុងន័យនេះសម្ដេច មានប្រសាសន៍ថា ជាសក្ខីភាពប្រជាជនកម្ពុជា បានឆ្លងកាត់ព្រំប្រទល់ថៃ មកកម្ពុជា យើងកន្លងមកជាង ៩ម៉ឺននាក់ ហើយអ្នកទាំងនោះគ្មានជនណាម្នាក់ឆ្លង ឬនាំយកជំងឺកូវីដ១៩មកកម្ពុជាឡើយ។ ក្នុងន័យនេះសម្ដេចតេជោ មានប្រសាសន៍ថានេះជាការឆ្លុះបញ្ចាំង មួយថាប្រទេសថៃ មិនមែនជាប្រទេសចម្លង មេរោគកូវីដនោះទេ។

សម្ដេចតេជោក៏បានជម្រាបជូន លោកឯកអគ្គរាជទូតថៃផងដែរថា ថ្មីៗនេះអគ្គរាជទូតកម្ពុជាប្រចាំ នៅប្រទេសថៃ បានអំពាវនាវនិងធ្វើការជាមួយនឹង ប្រជាជនកម្ពុជា ដែលកំពុងរស់នៅប្រទេសថៃ ធ្វើយ៉ាងណាឱ្យអនុវត្តឲ្យ ខានតែបានតាមគោលការណ៍ របស់រាជរដ្ឋាភិបាលថៃ ដែលបានដាក់ចេញ ដើម្បីទប់ស្កាត់ ការរីករាលដាល និងប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ ។

ជាមួយគ្នានេះ សម្ដេចក៏បានជម្រាបជូន ឯកអគ្គរាជទូតថៃដែរថា ថ្ងៃនេះកម្ពុជាបានសម្រេចឲ្យ ប្រជាជនកម្ពុជាដែលកាន់លិខិតឆ្លងដែនកម្ពុជា ហើយដែលវិលត្រឡប់មក កាន់កម្ពុជាវិញ គឺមិនតម្រូវឲ្យមានវិញ្ញាបនប័ត្រ បញ្ជាក់សុខភាពពីប្រទេស ដែលប្រជាជនកម្ពុជា ចេញដំណើរនោះមកទេ ប៉ុន្តែត្រូវអនុវត្តតាមគោលការណ៍ ណែនាំរបស់ក្រសួងសុខាភិបាល នៅពេលមកដល់កម្ពុជាវិញ។

សម្ដេចតេជោបានថ្លែងអំណរគុណ សារជាថ្មីចំពោះការចូលរួម របស់រាជរដ្ឋាភិបាលថៃ ប្រជាជនថៃ និងស្ថានទូតថៃ ហើយសម្ដេចបានមានប្រសាសន៍ផងដែរថា នៅពេលនេះគឺជាពេលវេលា ដែលយើងត្រូវរួមគ្នាសាមគ្គីគ្នា ក្នុងការប្រយុទ្ធប្រឆាំងជំងឺនេះ ដែលជាសង្គ្រាមជាមួយ នឹងសត្រូវគ្មានស្រមោល៕