សម្ដេចស ខេង គាំទ្រយុទ្ធនាការ ដោះស្រាយការកកស្ទះ សំណុំរឿង នៅក្នុងពន្ធនាគារ (Video)

0

ភ្នំពេញ៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានមានប្រសាសន៍ថា យុទ្ធនាការដោះស្រាយសំណុំរឿង កកស្ទះ របស់រដ្ឋមន្រ្តីក្រសួងយុត្តិធម៌នេះ គឺពិតជាមានសារៈសំខាន់ និងមានអត្ថន័យយ៉ាងជ្រាលជ្រៅ ដល់កិត្យានុភាពរបស់កម្ពុជា ក្នុងការលើកកម្ពស់ដោះស្រាយ បញ្ហាអសកម្មនានា នៅក្នុងពន្ធនាគារផងដែរ។

សម្តេចក្រឡាហោម បានលើកឡើងដូចនេះ ក្នុងឱកាសអញ្ជើញ ជាអធិបតីដ៏ខ្ពង់ខ្ពស់ដឹកនាំកិច្ចប្រជុំ ផ្សព្វផ្សាយរបាយការណ៍ជាតិការងារប្រយុទ្ធប្រឆាំង អំពើជួញដូរមនុស្ស ឆ្នាំ២០១៩ និងលើកទិសដៅការងារឆ្នាំ២០២០ របស់គណៈកម្មធិការជាតិ ប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស នាព្រឹកថ្ងៃពុធ ទី២៧ ខែឧសភា ឆ្នាំ២០២០នេះ នៅទីស្ដីការក្រសួងមហាផ្ទៃ។

សម្ដេចក្រឡាហោម បានមានប្រសាសន៍បន្តថា សម្រាប់យុទ្ធនាការនេះផងដែរ ក៏បានចូលរួម ដោះស្រាយបញ្ហាជាច្រើនដល់រាជរដ្ឋាភិបាលដោយក្នុងនោះរួមមាន ភាពចង្អៀតណែនក្នុងពន្ធនាគារ និងជួយ កាត់ បន្ថយការចំណាយថវិកា ក្នុងការ ផ្គត់ផ្គង់អ្នក ជាប់ឃុំ រួមទាំងបញ្ហាសិទ្ធិមនុស្សផងដែរ។

ទន្ទឹមនឹងនេះ សម្ដេចក្រឡាហោម ក៏បានស្នើដល់ អាជ្ញាធរមូលដ្ឋានទាំងអស់ ត្រូវធ្វើយ៉ាងណា គ្រប់គ្រងអោយបាន នូវរាល់អ្នកជាប់ឃុំទាំងអស់ដែល ត្រូវបានក្រសួងយុត្តិធម៌ សម្រេចសម្រាលបន្ធូបន្ថយ ទោស ហើយដោះលែង ទៅតាមមូលដ្ឋានរបស់ខ្លួន។

សម្ដេចថ្លែងបញ្ជាក់ថា “ក្នុងយុទ្ធនាការនេះផងដែរ តុលាការអាចនឹងដោះលែង អ្នកជាប់ឃុំណា ដែលបានអនុវត្តទោស បានជិតចប់ ហើយប្រព្រឹត្តបទល្មើសស្រាល មិនមែនជាបទល្មើសឧក្រិដ្ឋ។ ចឹងវាអាចធ្លាក់ ជាបន្ទុករបស់រដ្ឋបាលដែនដី របស់យើងដូចជាសមត្ថកិច្ច នគរបាល កងរាជអាវុធហត្ថ ដើម្បីគ្រប់គ្រងសន្តិសុខនៅកន្លែងនោះ”។ 

ពាក់ព័ន្ធនឹងចំណុចនេះ លោក កើត រិទ្ធ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ បានលើកឡើងដែរថា ការអនុវត្តទាំងអស់នេះ ត្រូវធ្វើតាមនីតិវិធីច្បាប់ ក្នុងករណីបទល្មើសស្រាល ហើយច្បាប់ បានអនុញ្ញាត ប៉ុន្តែយើងត្រូវព្យាយាមគ្រប់គ្រងមុខសញ្ញា ថាគាត់បានកែប្រែខ្លួនឬយ៉ាងណា ប្រសិនបើមិនកែ ប្រែខ្លួនទេ ច្បាប់ត្រូវអនុវត្តបន្តទៀត៕