ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃ ព្រះរាជាណាចក្រកម្ពុជា បានលើកឡើងថា ប្រជាពលរដ្ឋខ្មែរ ដែលត្រឡប់មកស្រុកកំណើតវិញ មិនតម្រូវឲ្យមានវិញ្ញាបនប័ត្រ បញ្ជាក់សុខភាពថា គ្មានជំងឺឆ្លងកូវីដ-១៩ទេ ប៉ុន្តែត្រូវដាក់ឲ្យស្នាក់នៅដាច់ដោយឡែក ចំនួន ១៤ថ្ងៃ ជាកំហិត ។ នេះបើយោងតាមហ្វេសប៊ុក សម្ដេចតេជោ ហ៊ុន សែន។
សម្ដេចតេជោ ហ៊ុន សែន នៅថ្ងៃទី២៧ ឧសភានេះ បានសម្រេចដាក់ចេញ វិធានការដោះស្រាយ ជាផ្លូវការចំពោះពលរដ្ឋខ្មែរ ដែលកាន់លិខតឆ្លងដែន កម្ពុជា ហើយដែលកំពុងធ្វើដំណើរ ឬមានបំណងធ្វើដំណើរ ពីក្រៅប្រទេសវិលត្រឡប់ចូលមកកម្ពុជាវិញ គឺមិនតម្រូវអោយមានវិញ្ញាបនប័ត្រ បញ្ជាក់សុខភាពថាគ្មានជំងឺឆ្លងកូវីដ-១៩ ។ វិធានការនេះគឺនឹងជួយ សម្រួលដល់ពលរដ្ឋ នៅក្រៅប្រទេសឆាប់ បានវិលត្រឡប់មក ជួបជុំក្រុមគ្រួសារ នៅក្នុងប្រទេសខ្លួនវិញ។
សម្ដេចបញ្ជាក់ថា «ប៉ុន្តែពេលវិលត្រឡប់ មកដល់ប្រទេសវិញគឺ តម្រូវអោយចូលពិនិត្យសុខភាព និងពិនិត្យសំណាក ហើយដាក់អោយស្នាក់នៅដាច់ ដោយឡែកចំនួន១៤ថ្ងៃ រង់ចាំលទ្ធផលសំណាក ថាតើមានរោគឆ្លងឬអត់ រោគឆ្លង ទើបអនុញ្ញាត្តិអោយ ទៅលំនៅដ្ឋានវិញ» ។
សូមរំលឹកថា គិតត្រឹមព្រឹកថ្ងៃនេះ កម្ពុជាបានព្យាបាលអ្នកជំងឺកូវីដ១៩ ជាសះស្បើយសរុប ១២២នាក់ ខណៈរកឃើញករណីឆ្លងថ្មី ២នាក់ ក្រោយត្រឡប់មកពីហ្វីលីពីន និងអាមេរិក ៕