រដ្ឋមន្រ្តីមហាផ្ទៃ៖ ពលរដ្ឋហាក់ភ្លេចខ្លួន ចំពោះជំងឺកូវីដ១៩ (Video)

0

ភ្នំពេញ៖ ស្របពេល ដែលពិភពលោក កំពុងជួបប្រទះយ៉ាងធ្ងន់ធ្ងរ នូវវិបត្តិជំងឺកូវីដ១៩ សម្ដេចក្រឡាហម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានលើកឡើងថា ប្រជាពលរដ្ឋកម្ពុជាមួយចំនួន ហាក់បីដូចជាបានភ្លេចខ្លួន ទៅនឹងការឆ្លងរីករាលដាលនៃជំងឺនេះ ក្រោយពេលដែលក្រសួងសុខាភិបាល បានព្យាបាលអ្នកជំងឺកូវីដ១៩នេះ បានជាសះស្បើយចំនួន ១២២នាក់ និងមានករណីនាំចូលថ្មីចំនួនពីរ ករណីបន្ថែមទៀតផងដែរ។

ថ្លែងក្នុងកិច្ចប្រជុំផ្សព្វផ្សាយ របាយការណ៍ជាតិ ការងារប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស ឆ្នាំ២០១៩ និងលើកទិសដៅការងារ ឆ្នាំ២០២០សម្ដេច ស ខេង «បងប្អូនប្រជាពលរដ្ឋយើង ពិតណាស់ក៏ត្រូវការធ្វើដំណើរចឹងដែរ ប៉ុន្តែហាក់ដូចជាភ្លេចខ្លួន ដូចជាការជួបជុំគ្នានៅតាមភោជនីយដ្ឋាន ចឹងទៅ ដោយគ្មានការពិនិត្យ អោយបានម៉ត់ចត់ ហើយការធ្វើដំណើរតាមផ្លូវ ក៏ឃើញមានការវិវត្តន៍ ប្រែប្រួល ច្រើនជាងមុន បើប្រៀបធៀបពីមុនមកហាក់បីដូចជាខ្លាច ប៉ុន្តែឥលូវហាក់ដូចជាលែងសូវភ័យខ្លាចហើយ! ដែលនេះជាបញ្ហាដែលយើងត្រូវគិតទាំងគ្នា» ។

សម្ដេចមន្ថែមថា មកដល់ពេលនេះ យើងមិនទាន់សម្រេចកិច្ចការមួយចំនួននោះទេ ដូចជាការបើកសាលារៀនឡើងវិញ គឺរាជរដ្ឋាភិបាលមិនទាន់ អនុញ្ញាតអោយបើកដំណើរការវិញនោះទេ។

ជាមួយគ្នានោះផងដែរ សម្ដេច ស ខេង ក៏បានអំពាវនាវអោយ ប្រជាពលរដ្ឋទាំងអស់ បន្តចូលរួម យកចិត្តទុកដាក់ និងអនុវត្តន៍ អោយបានខ្ជាប់ខ្ជួន តាមការណែនាំ របស់រាជរដ្ឋាភិបាល ក៏ដូចជាក្រសួងសុខាភិបាលផងដែរ។

សម្ដេចថ្លែងបញ្ជាក់ថា «យើងដឹងទាំងអស់គ្នាបានដឹងហើយថា ប្រទេសកម្ពុជាយើងនិងប្រទេសជិតខាងមួយចំនួនរបស់យើង ក៏ទទួលបានជោគជ័យ ដូចជាថៃ វៀតណាម ឡាវ អីជាដើម ប៉ុន្តែបណ្ដាប្រទេសមួយចំនួន ទៀតនៅក្នុងតំបន់ គឺនៅតែប្រឈមនៅបញ្ហាចោទនៅឡើយ ហើយប្រទេសនានា នៅក្រៅតំបន់នៅក្នុងពិភពលោកនេះ មកដល់ពេលនេះគឺវារាលចុះរាលឡើង បានន័យថាម្ដងធ្ងន់នៅកន្លែងនេះ ម្ដងធ្ងន់នៅកន្លែងនោះ ហើយដែលនាំអោយចំនួនប្រចាំថ្ងៃ រយៈពេល២៤ម៉ោង អ្នកឆ្លងថ្មី ចន្លោះពីជាង៩ម៊ឺនទៅជាង១សែននាក់ ហើយស្លាប់ក៏ដូចគ្នាដែរមានការកើនឡើងគួរអោយកត់សម្គាល់។»

ឆ្លៀតក្នុងឱកាសនេះ រដ្ឋមន្រ្តីមហាផ្ទៃ ក៏បានលើកឡើងផងដែរថា បញ្ហានៃជំងឺកូវីដ១៩នេះ គឺជាបញ្ហាសកលមួយ ដែលពិភពលោក កំពុងប្រឈមយ៉ាងខ្លាំង ហើយកម្ពុជាក៏ជៀសមិនផុតពីបញ្ហានេះផងដែរ។

សម្ដេចគូសបញ្ជាក់ថា «វារងគ្រោះទាំងអស់គ្នាទោះបីជាយើងមិនសូវមានបញ្ហាធ្ងន់ធ្ងរ ប៉ុន្ដែដោយសារប្រទេសនានាវាមានបញ្ហា ក៏ដូចត្រូវរងគ្រោះទាំងអស់គ្នា ដូចជាការបិទជើហោះហើរ និងដឹកជញ្ជួនទំនិញ ពាណិជ្ជកម្ម ក៏វាមានការស្មុកស្មាញ ចឹងហើយបញ្ហានេះពិតជាវិបត្តិដ៏ធ្ងន់ធ្ងរនៅក្នុងពិភពលោកនេះ ហើយដោយឡែងកម្ពុជាយើងជៀសមិនផុតពីការរងផលប៉ះពាល់នោះទេ»។

សូមរំលឹកថា គិតមកដល់ពេលនេះ អ្នកឆ្លង COVID-19 លើពិភពលោក កើនដល់ជិត ៦លាននាក់ ជាសះស្បើយជាង ២.៤លាននាក់ និងស្លាប់ជាង ៣៥ម៉ឺននាក់ ខណៈប្រទេសកម្ពុជា មានអ្នកឆ្លង១២៤នាក់ ព្យាបាលជាសះស្បើយ១២២នាក់ និងស្លាប់គ្មាន ៕