ភ្នំពេញ៖ លោកឧត្ដមសេនីយ៍ឯក ឆាយ គឹមខឿន អគ្គស្នងការរង និងជាអ្នកនាំពាក្យ អគ្គស្នងការដ្ឋាននគរបាលជាតិ នៅថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២០ បានឱ្យដឹងថា រយៈពេល ២៦ថ្ងៃ នៃការរឹតបន្តឹង ត្រួតពិនិត្យការអនុវត្តច្បាប់ ស្តីពីចរាចរណ៍ផ្លូវគោក មានយន្តចំនួន ៣៨,១៨៩គ្រឿង ត្រូវបានឃាត់ធ្វើការផាកពិន័យ ក្នុងនោះម៉ូតូ ២៧,៨១២គ្រឿង និងរថយន្តគ្រប់ប្រភេទ ១០,៣៧៧គ្រឿង។
លោកឧត្ដមសេនីយ៍ឯក ក៏បានឱ្យដឹងផងដែរថា នៅថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២០នេះ មានករណីគ្រោះថ្នាក់ចរាចរណ៍ចំនួន ៦លើក ស្លាប់២នាក់ របួស១១នាក់ (របួសធ្ងន់៦នាក់) និងមានយានយន្ត ១,៣៩០គ្រឿង ត្រូវបានត្រួតពិនិត្យ និងផាកពិន័យ ក្នុងនោះម៉ូតូមាន ១,០៣០គ្រឿង និងរថយន្តមានចំនួន ៣៦០គ្រឿង។ បទល្មើសកត់សម្គាល់សម្រាប់ម៉ូតូ គឺអត់មួក ល្មើសសញ្ញា គ្មានស្លាកលេខ ដឹកលើសទម្ងន់ និងប្រើប្រាស់ទូរស័ព្ទដៃ ដោយឡែកបទល្មើសកត់សម្គាល់ សម្រាប់រថយន្ត គឺលើសល្បឿន អត់ខ្សែក្រវាត់ ល្មើសសញ្ញា លើសទម្ងន់ ប្រើប្រាស់ទូរស័ព្ទ អត់ស្លាកលេខ និងស្រវឹង។
ឧត្ដមសេនីយ៍ឯក ឆាយ គឹមខឿន បានបន្តថា រយៈពេល ២៦ថ្ងៃនេះ ការរឹតបន្តឹងពិនិត្យការអនុវត្តច្បាប់ ស្ដីពីចរាចរណ៍ផ្លូវគោក តាមស្មារតីអនុក្រឹត្យថ្មី ការអនុវត្តតាមអនុក្រឹត្យថ្មីនេះ គឺបានដំណើរការទៅយ៉ាងល្អប្រសើរ។
លោកឧត្ដមសេនីយ៍ឯក បានថ្លែងអំណរគុណ និងកោតសរសើរដល់ជនរួមជាតិ ជាអ្នកប្រើប្រាស់ផ្លូវភាគច្រើន ដែលបានចូលរួមគោរពច្បាប់ចរាចរណ៍យ៉ាងល្អប្រសើរ។ ការគោរពច្បាប់ចរាចរណ៍ គឺពិតជាត្រូវការចូលរួម សហការដោយស្មារតី ទទួលខុសត្រូវខ្ពស់ របស់អ្នកប្រើប្រាស់ផ្លូវ ដោយមិនអាចផ្អែក ទៅលើមន្ត្រីអនុវត្តចរាចរណ៍ ទាំងស្រុងបានឡើយ ។
លោកឧត្ដមសេនីយ៍ឯក ក៏បានកោតសរសើរ និងអរគុណដល់មន្ត្រី នគរបាលចរាចរណ៍ ដែលបានលះបង់ និងខិតខំប្រឹងប្រែងជំរុញការរឹតបន្តឹងចរាចរណ៍ ប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់បំផុតផងដែរ។
សូមរំលឹកថា ការរឹតបន្ដឹងច្បាប់ចរាចរណ៍ផ្លូវគោក ដោយបង្កើនប្រាក់ពិន័យតាមអនុក្រឹត្យ លេខ៣៩ ដែលសមត្ថកិច្ចទូទាំងប្រទេស ចាប់ផ្ដើមអនុវត្ត ចាប់ពីថ្ងៃទី១ ខែឧសភា ឆ្នាំ ២០២០ ក្នុងគោលបំណង កាត់បន្ថយគ្រោះចរាចរណ៍ ជាពិសេស ឲ្យប្រជាពល រដ្ឋចូលរួមគោរពច្បាប់ចរាចរណ៍ ផងដែរ។សមត្ថកិច្ច អនុវត្តច្បាប់ចរាចរណ៍ផ្លូវគោក នៅទូទាំងប្រទេស ចំនួន៣.៩១៩នាក់ និង៥៦៨គោលដៅ ផងដែរ៕