ភ្នំពេញ៖ លោក Patrick Murphy ឯកអគ្គរដ្ឋទូតអាមេរិក ប្រចាំកម្ពុជា បានស្នើដល់អាជ្ញាធរមានសមត្ថកិច្ចកម្ពុជា ជួយស្វែងរកការចាប់ខ្លួនឧក្រិដ្ឋជនម្នាក់ ដែលបានធ្វើឃាតទៅលើពលរដ្ឋអាមេរិកម្នាក់ នៅលើកោះរុង កាលពីឆ្នាំ២០១៣កន្លងទៅ ដើម្បីយកមកដាក់ទោសតាមផ្លូវច្បាប់។
ក្នុងជំនួបពិភាក្សាការងារជាមួយ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ នារសៀលថ្ងៃទី២៦ ឧសភានេះ លោក Patrick Murphy មានប្រសាសន៍ថា ចំពោះសុខភាពសាធារណៈ សហរដ្ឋអាមេរិក នៅតែបន្ដជួយ គាំទ្រដល់កម្ពុជា នៅក្នុងការលើកកម្ពស់សុខភាពសាធារណៈនៅកម្ពុជា។ ជាពិសេស ថ្មីៗនេះរដ្ឋាភិបាល អាមេរិកបានផ្ដល់ជំនួយមួយចំនួនគាំពារ និងគាំទ្រសុខភាពសាធារណៈ។
ជាការឆ្លេីយតបសម្ដេច ស ខេង បានទទួលយកសំណេីរបស់ ទូតអាមេរិក បន្ដស្វែងរកចាប់ខ្លួនជនល្មើស ដែលបានរត់គេចខ្លួនចេញពីកម្ពុជា ដើម្បីយកមក ដាក់ទោសតាមផ្លូវច្បាប់ ដែលពាក់ព័ន្ធទៅនឹងការធ្វើឃាត ទៅលើជនជាតិអាមេរិក នៅលើកោះរុង កាលពីកន្លងទៅ ៕