ភ្នំពេញ៖ សម្ដេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្រ្តីក្រសួងការពារជាតិ នៅថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២០នេះ បានបញ្ជាក់ថា ការគំរាមកំហែងពីមេរោគ COVID-19 គឺនៅតែមានកម្រិតខ្ពស់នៅឡើយ ដោយអត្រាចម្លងថ្មីនិងមរណភាព មានការកើនឡើងជារៀងរាល់ថ្ងៃ នៅតាមបណ្តាប្រទេសនានា ហើយកម្ពុជា ក៏ទើបតែបានរកឃើញករណីចម្លងថ្មីចំនួន ២នាក់ផងដែរ។
តាមរយៈបណ្ដាញហ្វេសប៊ុក សម្ដេច ទៀ បាញ់ ក្រេីនរំលឹកដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ ចៀសវាងការជួបជុំ ដែលមានមនុស្សច្រើន ត្រូវពាក់ម៉ាស់ឱ្យបានត្រឹមត្រូវ ឧស្សាហ៍លាងសម្អាតដៃជាមួយសាប៊ូឬអាល់កុល បន្តរក្សាគម្លាតឆ្ងាយពីគ្នា កុំចាកចេញពីផ្ទះបើមិនចាំបាច់ និងអនុវត្តឱ្យបានម៉ឺងម៉ាត់ នូវរាល់វិធានការនានា ដែលក្រសួងសុខាភិបាល បានណែនាំ។
សូមរំលឹកថា គិតមកដល់ពេលនេះ អ្នកឆ្លង COVID-19 លើពិភពលោក កើនដល់ជិត ៦លាននាក់ ជាសះស្បើយជាង ២.៤លាននាក់ និងស្លាប់ជាង ៣៥ម៉ឺននាក់ ខណៈប្រទេសកម្ពុជា មានអ្នកឆ្លង១២៤នាក់ ព្យាបាលជាសះស្បើយ១២២នាក់ និងស្លាប់គ្មាន ៕