ភ្នំពេញ៖ ភូមិសាស្ត្រសៀមរាប-អង្គរ គឺជាទឹកដីដ៏ពិសិដ្ឋ ដែលបុព្វបុរសខ្មែរ បានបន្សល់ទុកតដល់បច្ចុប្បន្ន ដែលជាតំបន់ទេសចរណ៍ ដ៏ល្បីល្បាញពាសពេញពិភពលោក លើសពីនេះនៅមិនឆ្ងាយពីក្រុងសៀមរាបប៉ុន្មាន មានបង្កប់នូវសហគមន៍អេកូទេសចរណ៍មួយ ដែលស្ថិតនៅប៉ប្រះទឹកបឹងទន្លេសាប នោះគឺសហគមន៍ទេសចរណ៍ វប្បធម៌ធម្មជាតិបឹងពារាំង ។ នេះបើយោតាមហ្វេសប៊ុក ក្រសួងទេសចរណ៍ ។
ធ្វើដំណើរពីប្រជុំជនក្រុងប្រមាណ ១៣គីឡូម៉ែត្រ អមដោយស្រែស្រូវចម្ការដំណាំរបស់ ប្រជាកសិករបៃតងស្រស់ខ្ចី គេនឹងបានទៅដល់បឹងពារាំង ដែលជុំព័ទ្ធទៅដោយព្រៃរាំងទឹក បប៊ួយ អញ្ចាញ កំផ្នេង ត្អួ និងពពួកព្រៃរនាមជាច្រើនប្រភេទទៀត ។
ស្ថិតក្នុងសង្កាត់ជ្រៀវ ខាងត្បូងក្រុងសៀមរាប សហគមន៍ទេសចរណ៍វប្បធម៌ធម្មជាតិ បឹងពារាំងមានវិសាលភាពលើផ្ទៃដីប្រមាណ ២៥០ហិកតា ពាសពេញទៅដល់ទឹកបឹង ដៃបឹង កោះតូចធំ ព្រៃរនាម ស្រែស្រូវ មច្ឆាជាតិ និងពពួកសត្វស្លាប ទឹកជាងរយប្រភេទ។
នាព្រះអរុណោទ័យ សន្សឹមរស្មី យាត្រាបំភ្លឺព្រះពសុធា ពន្លឺក្រហមច្រាល់ចាំងចែងពីបូព៌ាទិស ទុង រនាល ក្រសារ ត្រដក់ ក្អែកទឹក ស្មោញ កុក ចង្កៀលខ្យង ក្រៀល ជើងទៀនជាដើមនោះកំពុងឈរត្រៀបត្រាដេរដាសនៅលើផ្ទៃបឹង ហាក់កំពុងរៀបចំ បង្វិចមុនចេញដំណើរ ទៅរកចំណីនៅទីផ្សេង ពីជម្រក លុះដល់ពេលល្ងាច ពពួកសត្វស្លាបទាំងនោះ បានហោះហើរត្រលប់មក ជម្រករៀងខ្លួនវិញ ហើយផ្ដុំគ្នានៅទីដដែលនេះ មុនត្រាច់ចរចូលសំបុក រំលេចបានជាទិដ្ឋភាព សហគមន៍សត្វស្លាបមួយ ដែលកំពុងរស់នៅយ៉ាងសុខក្សេមក្សាន្ត គ្មានជម្លោះទាស់ទែងគ្នានោះឡើយ។
ប្រសិនបើគេជិះកាណូតចេញទៅឆ្ងាយពីទីកំពង់បន្ដិច គេនឹងបានឃើញពពួកព្រៃរនាមហាក់កំពុងប្រជ្រៀតគ្នាដុះលើដីកោះដែលខណ្ឌចែកដោយដៃបឹង ប៉ុន្តែវារីរុក្ខជាតិ ដូចជា កំប្លោក ត្រកួន កំពីងពួយ ព្រលិត រំចង់ ភ្លៅកង្កែបវិញនោះ ហាក់មិនចង់រស់នៅក្បែររុក្ខជាតិធំៗជាងខ្លួននោះឡើយ ដោយពួកវាបានប្រមូលផៅសណ្ដានទៅដុះពពាក់ពពូនលើគ្នានៅកណ្ដាលបឹង ឬផ្នែកផ្សេងៗនៃទឹកបឹងទៅវិញ ដែលនេះក៏ជាជម្រកដ៏គាប់ប្រសើរមួយសម្រាប់ពពួកត្រី ក្ដាម ខ្យល កង្កែប អណ្ដើក និងមច្ឆាជាតិដទៃទៀតឱ្យរស់នៅក្រោមភាពត្រជាក់ត្រជុំក្នុងទឹក មិនភ័យខ្លាចត្រូវកម្ដៅថ្ងៃ គេចផុតពីពពួកមំសាសីនានាផងដែរ។
នៅប៉ប្រះទឹករាក់ៗ សត្វជើងទៀនតូចៗ ច្រឡឹងកំពុងហក់ចុះឡើងៗ ឆ្មក់ចឹកចាប់កូនត្រីយ៉ាងមមាញឹក។ ទិដ្ឋភាពបែបនេះ ប្រសិនបើមិត្តនារីៗបានឃើញហើយនោះ ប្រាកដជាលាន់មាត់ថាគួរឱ្យស្រលាញ់ ជាក់ជាមិនខាន រីឯកុកសម្បុរសៗ ធ្វើកង៉ិកង៉ក់ ដូចជាកំពុងសម្លឹងមើលចាំចាប់ចំណី មើលទៅមាឌគឺធំធាត់ល្អដល់ហើយ។ មិនត្រឹមតែនៅលើទឹកនិងដីប៉ុណ្ណោះទេ នៅលើអាកាសក៏ឃើញ មានពពួកសត្វស្លាបធំៗច្រើន មិនដឹងលើកគ្នាហោះហើរ ទៅណាខ្លះទេ ក្នុងនោះហ្វូងក្អែកទឹកសម្បុរខ្មៅៗ ក៏កំពុងបង្រៀនកូនៗឱ្យចេះហើរឆក់ឆាបចាប់ត្រី ចុះឡើងៗផងដែរ។
ទិដ្ឋភាពល្អៗ សប្បាយៗ នៅសហគមន៍បឹងពារាំងនេះ មិនមែនអស់ត្រឹមការ រាយរាប់តែបន្តិចបន្តួច ប៉ុណ្ណេះនោះទេ គឺមានច្រើនអនេកជាងនេះទៅទៀតដែលភ្ញៀវទេសចរ ក៏ដូចជាប្រជាពលរដ្ឋ គួរតែអញ្ជើញ មកទស្សនាឱ្យបាន យ៉ាងហោចណាស់ ក៏ម្ដង ឬពីរដងដែរ ដើម្បីឱ្យស្គាល់ថាជីវភាពរស់នៅរបស់ ពពួលសត្វស្លាប រួមផ្សំនឹងទេសភាព ទិដ្ឋភាពនៅទីនោះ ដូចគ្នា ឬខុសគ្នាយ៉ាងណាខ្លះ ទៅនឹងអ្វីដែល លោកអ្នកធ្លាប់ជួប៕