ភ្នំពេញ៖ នៅព្រឹកថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២០នេះ កម្មករ-កម្មការិនីប្រមាណជាង៣០០នាក់ បម្រើការងារនៅរោងចក្រកាត់ដេរ ឃែនធឺរេន ដែលមានទីតាំងស្ថិតនៅតាមបណ្ដោយផ្លូវវេងស្រេង បាននាំគ្នាការតវ៉ា មិនព្រមធ្វើការ ដោយសារតែក្រុមហ៊ុន បើកប្រាក់ឈ្នួល ឲ្យមិនគ្រប់ និងតែងតែមានភាពយឺតយ៉ាវ។នេះបើយោងតាម គេហទំព័រហ្វេសប៊ុក របស់សម្ព័ន្ធសហជីព ចលនាកម្មករ។
ប្រភពពីតំណាង សហជីពចលនាកម្មករ ដែលបម្រើការងារនៅរោងចក្រខាងលើ បានឲ្យដឹងថា សម្រាប់កម្មករដែលត្រូវបានព្យួរការងារ ខាងក្រុមហ៊ុនបើកប្រាក់ឈ្នួលឲ្យបាន តែ ១២ ដុល្លារប៉ុណ្ណោះ ចំណែកបងប្អូនកម្មករ ដែលធ្វើការរយៈពេល១ខែពេញ ខាងក្រុមហ៊ុនបើកឲ្យបានតែ ៣០ ដុល្លារប៉ុណ្ណោះ ដែលតួលេខនេះមិនគ្រប់ ទៅតាមប្រាក់ឈ្នួល ដែលពួកគាត់ត្រូវទទួល បាននោះទេ។
នាប៉ុន្មានខែចុងក្រោយនេះ ថៅកែរោងចក្រ ឃែនធឺរេន តែងតែបើកប្រាក់ឈ្នួលជូនបងប្អូនកម្មករយឺតយ៉ាវ និងមិនគ្រប់ ជាហេតុនាំឲ្យកម្មករផ្ទុះការតវ៉ាមិនព្រមធ្វើការជាបន្តបន្ទាប់ ដោយទាមទារឲ្យមានការបើកប្រាក់ឈ្នួលឲ្យបានគ្រប់ និងទៀងទាត់ដូចកាលពីពេលកន្លងមក។
សូមជម្រាបជូនថា រោងចក្រកាត់ដេរសម្លៀកបំពាក់ ឃែនធឺរេន មានទីតាំងស្ថិតនៅតាមបណ្ដោយផ្លូវវេងស្រេង ស្ថិតក្នុងសង្កាត់ចោមចៅ១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ហើយមានកម្មករសរុបចំនួន ៩៩៥ នាក់៕