ភ្នំពេញ៖ ក្រសួងធនធានទឹក និងឧតុនិយម បានអំពាវនាវ ដល់ប្រជាពលរដ្ឋទាំងអស់ ប្រុុងប្រយ័ត្នខ្ពស់ ចំពោះបាតុភូតផ្គររន្ទះ ខ្យល់កន្ត្រាក់ ដោយសារភ្លៀង នឹងបន្តធ្លាក់ខ្លាំង ចាប់ពីថ្ងៃទី ២៧ឧសភាដល់ថ្ងៃទី ២ ខែមិថុនា។
ក្រសួងធនធានទឹក បានព្យាករណ៍ថា តាមរយៈនៃការប្រែប្រួល ជាបន្តបន្ទាប់ នៃស្ថានភាពអាកាសធាតុ សង្កេតឃើញថា ខ្យល់មូសុងនិរតី នឹងបក់ខ្លាំងមកលើកម្ពុជា ។ ស្ថានភាពបែបនេះធ្វើឲ្យ ចាប់ពីថ្ងៃទី ២៧ ខែឧសភា ដល់ថ្ងៃទី ២
ខែមិថុនា នឹងធ្វើឲ្យបណ្តាខេត្ត នៅតំបន់វាលទំនាបកណ្តាល មានសីតុណ្ហភាពអប្បបរមា មានពី ២៥-២៧អង្សាសេនិងសីតុណ្ហភាពអតិបរមា មានពី ៣៣-៣៦អង្សាសេ ។
ក្រសួងបន្តថា អាកាសធាតុបែបនេះ នឹងអាចមានភ្លៀងធ្លាក់ រាយប៉ាយ ពីមធ្យមទៅច្រើន ក្នុងនោះ ផ្នែកខ្លះ នៃវាលទំនាបភាគពាយ័ព្យ អាចនឹងមានភ្លៀងធ្លាក់ខ្លាំង។
ក្រសួងឲ្យដឹងបន្ថែមថា ចំពោះបណ្ដាខេត្ត នៅតំបន់ជួរភ្នំដងរែក និងខ្ពង់រាបឦសានមាន សីតុណ្ហភាពអប្បបរមា មានពី ២៣-២៥អង្សាសេ និងមានសីតុណ្ហភាពអតិបរមា មានពី ៣២-៣៥អង្សាសេ។ ស្ថានភាពបែបនេះ នឹងអាចមានភ្លៀង ពីតិចទៅបង្គរ ដោយឡែកបណ្តាខេត្តនៅភាគ ឦសានជាប់ប្រទេសវៀតណាម នឹងអាចមានភ្លៀងពីខ្សោយទៅ មធ្យម ។
ដោយឡែកបណ្តាខេត្ត នៅតំបន់មាត់សមុទ្រ មាន អប្បរមាមានពី២៦-២៨អង្សាសេ និងសីតុណ្ហភាព អតិបរមា មានពី ៣២-៣៤អង្សាសេ នឹងអាចមានភ្លៀងពីតិចទៅបង្គួរ ។ ជាមួយគ្នានោះ ដែរក្រសួងក៏បានអំពាវនាវសូម ឲ្យប្រជាពលរដ្ឋ ត្រូវមានការប្រុងប្រយ័ត្ន ចំពោះបាតុភូតផ្គរ រន្ទះ និងខ្យល់កន្ត្រាក់ ដែលអាចកើត មានជាយថាហេតុ ៕