ភ្នំពេញ៖ លោក ហេង រតនា អគ្គនាយកមជ្ឈមណ្ឌល សកម្មភាពកម្ចាត់មីន កម្ពុជា បានឱ្យដឹងថា រយៈពែល ៤ខែ អង្គភាពស៊ីម៉ាក់ បានបោសសម្អាតផ្ទៃដីចម្ការមីន និងចម្ការគ្រាប់បានប្រមាណជិត ៣០គីឡូម៉ែត្រក្រឡា រុករកឃើញ និងកម្ទេចចោលសំណល់ជាតិផ្ទុះ ពីសង្គ្រាមគ្រប់ប្រភេទជិត ១.៤០០០គ្រាប់ និងឆ្លើយតបសំណើសុំ អន្តរាគមន៍ បន្ទាន់បានចំនួន ១.១៨៤ករណី ។
លោក ហេង រតនា បានសរសេរនៅលើបណ្ដាញ ទំនាក់ទំនងសង្គមហ្វេសប៊ុក នៅថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២០នេះថា បើទោះបីជាជម្ងឺឆ្លងកូវីត១៩ បានគំរាមកំហែងខ្លាំងក្លា យ៉ាងណាក៏ដោយ ក៏ក្នុងរយៈពេល ៤ខែ (មករា-មេសា ឆ្នាំ២០២០)នេះ កិច្ចប្រតិបត្តិការបោស សម្អាតមីន និងសំណល់ជាតិផ្ទុះ ពីសង្គ្រាមរបស់អង្គភាពស៊ីម៉ាក់ បានប្រព្រឹតិ្តទៅដោយរលូន និងបានទទួលលទ្ធផលគួរជាទីមោទនៈ ។
លោកបញ្ជាក់ឱ្យដឹងថា «ជាលទ្ធផល អង្គភាពស៊ីម៉ាក់ បានបោសសម្អាតផ្ទៃដីចម្ការមីន និងចម្ការ គ្រាប់បាន ប្រមាណជិត ៣០គីឡូម៉ែត្រក្រឡា រុករកឃើញ និងកម្ទេចចោលសំណល់ជាតិផ្ទុះ ពីសង្គ្រាមគ្រប់ប្រភេទជិត ១ម៉ឺន៤ពាន់គ្រាប់ (ជិត១,៤០០០គ្រាប់) និងឆ្លើយតបសំណើសុំ អន្តរាគមន៍ បន្ទាន់បានចំនួន ១.១៨៤ករណី» ។
លោកបន្ថែមថា ទន្ទឹងនឹងនេះ លទ្ធផល ការងារអប់រំយល់ដឹងពីមីន បានចំនួន៦.០៣០លើក មានអ្នកចូលរួមសរុប ៥៣៧.៨៤៥នាក់ ហើយការស្រាវជ្រាវពត៌មានចំការមីន/គ្រាប់ និងការងារហ្វឹកហ្វឺន ក៏សំរេចបានលទ្ធផល គួរឱ្យកត់សំគាល់ផងដែរ។ បើប្រៀបធៀបលទ្ធផលនេះ ជាមួយផែនការប្រចាំឆ្នាំ២០២០ ឃើញថាអង្គភាព សម្រេចបានប្រមាណ ៣៥% នៃផែនការហើយ! ផែនការបន្តគឺសំដៅ សំរេចផែនការសរុប មានចំនួនជាង ៨១គីឡីម៉ែត្រក្រឡា ហើយបើលទ្ធភាពពង្រីកកំលាំងអាចដំណើរទាន់ពេលវេលា នឹងសំរេចបាន១១២គីឡូម៉ែត្រក្រឡា ៕




