ភ្នំពេញ៖ អគ្គនាយកដ្ឋានពន្ធដារ បានប្រកាសចាប់ផ្ដើមប្រមូលពន្ធ លើមធ្យោបាយដឹកជញ្ជូន និងយានជំនិះគ្រប់ប្រភេទ សម្រាប់ឆ្នាំ២០២០ ចាប់ពីថ្ងៃទី១ ខែមិថុនា ដល់ថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២០ ហើយបើម្ចាស់យានយន្តទាំងឡាយណា ដែលមិនបានមកបង់ពន្ធតាមការកំណត់ នឹងពិន័យតាមច្បាប់ ស្ដីពីសារពើពន្ធជាធរមាន ។
យោងតាមសេចក្ដីជូនដំណឹង របស់អគ្គនាយកដ្ឋានពន្ធដារ នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នៅថ្ងៃទី២៥ ឧសភានេះ បានឲ្យដឹងថា សម្រាប់ការបង់ពន្ធក្នុងឆ្នាំ២០២០នេះ ម្ចាស់យានយន្តគ្រប់ប្រភេទ ត្រូវដាក់លិខិតប្រកាស និងបង់ពន្ធនៅសាខាពន្ធដាខេត្ត-ខណ្ឌ ឬនៅធនាគារកាណាឌីយ៉ា ក.អ ឬនៅធនាគារអេស៊ីលីដា ភីអិលស៊ី ឬនៅធនាគារវឌ្ឍនៈ ភីអិលស៊ី ឬនៅតាមធនាគារ ដែលបានចុះអនុស្សរណៈ នៃការយោគយល់គ្នា ជាមួយក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ។
ចំពោះក្រសួង-ស្ថាប័ន ឬអង្គភាពដែលជាអាណាព្យាបាល ឬជាម្ចាស់កម្មសិទ្ធិ នៃយានយន្តដែលត្រូវបាន លើកលែង ដូចមានចែងក្នុងប្រការទី៦ នៃប្រកាសលេខ ៥៣១ សហវ.ប្រក ត្រូវស្នើសុំមកអគ្គនាយកដ្ឋានពន្ធដារ ដើម្បីទទួលបាននូវលតាបត្របង់ពន្ធ (ពន្ធជាបន្ទុករបស់រដ្ឋ) ដោយភ្ជាប់មកជាមួយនូវ បញ្ជីសារពើភណ្ឌយានយន្ត របស់ក្រសួងស្ថាប័ន ឬអង្គភាពដែលបានស្នើសុំនោះ ។
ចាប់ពីថ្ងៃទី១ ខែមករា ឆ្នាំ២០២១នេះតទៅ អគ្គនាយកដ្ឋានពន្ធដារសហការ ជាមួយអាជ្ញាធរមានសមត្ថកិច្ច នឹងចុះត្រួតពិនិត្យការប្រកាសបង់ពន្ធ និងផាកពិន័យចំពោះម្ចាស់ យានយន្តទាំងឡាយណា ដែលមិនទាន់បានប្រកាស បង់ពន្ធក្នុងឆ្នាំកន្លងមក តាមច្បាប់ស្តីពីសារពើពន្ធជាធរមាន ៕