ភ្នំពេញ៖ ដើមទឹកដោះ ឬទឹកដោះព្រៃ គឺជាឈ្មោះគុម្ពព្រឹក្ស ឬចុល្លព្រឹក្សមួយប្រភេទ ដែលមានកម្ពស់ ពី១ ទៅ ២ម៉ែត្រ។ រុក្ខជាតិនេះ មានដុះនៅក្នុងព្រៃស្រោងលើដីខ្សាច់ នៃប្រទេសឥណ្ឌូចិន ដូចជា កម្ពុជា ឡាវ វៀតណាមខាងត្បូង និងថៃ។
ក្រសួងបរិស្ថានបានឲ្យដឹងបន្ថែមថាដើមផ្កាទឹកដោះមានផ្កាពណ៌សដែលមិនត្រឹមតែមានសម្រស់ស្រស់ស្អាតគួរជាទីគយគន់ប៉ុណ្ណោះនោះទេ ប៉ុន្តែយើងអាចយករុក្ខជាតិប្រភេទនេះ មកធ្វើជាអន្លក់ ដោយអាចស្រុះ ឬហូបស្រស់ជាមួយទឹកគ្រឿង មាំចំហុយ ផ្អកត្រីជូរ ឬផ្អកត្រីប្រៃ បានយ៉ាងឆ្ងាញ់ពិសា។ លើសពីនេះទៅទៀត បើតាមក្បួនបុរាណ ដើមផ្កាទឹកដោះ គឺជាថ្នាំបុរាណខ្មែរ ដែលគេអាចយកដើម សំបក និងឫសរបស់វា មកដាំទឹកឲ្យស្រី្តដែលទើបតែសម្រាលកូនរួចទទួលទានព្រោះវាអាចបង្កើនបរិមាណទឹកដោះម្តាយសម្រាប់ទារក ឬក្មេងដែលស្ថិតក្នុងវ័យត្រូវបៅដោះម្តាយ៕


